បក្សកុម្មុយនិស្តវៀតណាមមានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគណបក្សរណសិរ្សរំដោះម៉ូសំប៊ិក
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៨ ខែមេសា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានទទួលជួបលោក Chakil Aboobacar អគ្គលេខាគណបក្សរណសិរ្សរំដោះម៉ូសំប៊ិក (Frelimo) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ។
លោក To Lam អគ្គលេខាបក្សបានអបអរសាទរវត្តមានរបស់លោក Chakil Aboobacar អគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់នៃគណបក្ស Frelimo នៅវៀតណាម ដើម្បីចូលរួមពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ការចូលរួមរបស់គណបក្ស Frelimo រួមជាមួយនឹងគណបក្សនានាមកពីទ្វីបអាហ្រ្វិក ក៏ដូចជាមកពីតំបន់ជាច្រើនជុំវិញពិភពលោក គឺជាការជួយគាំទ្រ និងការលើកទឹកចិត្តដ៏ធំធេងសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាម ក្នុងប៉ុន្មានថ្ងៃដ៏មានអត្ថន័យនេះ។ លោកអគ្គលេខាបក្សបានសម្តែងនូវជំនឿថា ដំណើរទស្សនកិច្ចរបស់គណបក្ស Frelimo នេះ នឹងកាន់តែមានអត្ថន័យបន្ថែមទៀតក្នុងឱកាសប្រទេសទាំងពីរត្រៀមរៀបចំសម្រាប់ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៧៥ / ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥)។
    |
 |
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោក Chakil Aboobacar អគ្គលេខាបក្ស |
លោក Chakil Aboobacar បានអះអាងថា វៀតណាមជាដៃគូអាទិភាពមួយក្នុងចំណោមដៃគូអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ម៉ូសំប៊ិក ដោយចាត់ទុកថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះមានអត្ថន័យសំខាន់ ព្រោះដំណើរទស្សនកិច្ចលើកនេះមិនត្រឹមតែជាដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងរបស់លោក Chakil Aboobacar ចាប់តាំងពីជាប់ឆ្នោតជាអគ្គលេខាគណបក្ស Frelimo កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការរំពឹងទុកខ្ពស់ពីគណបក្ស Frelimo និងប្រជាជនម៉ូសំប៊ិក ក្នុងការជំរុញឲ្យស៊ីជម្រៅនូវទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តការល្អរវាងបក្សទាំងពីរ រដ្ឋទាំងពីរ រដ្ឋាភិបាលទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។
លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀតណាម និងគណបក្ស Frelimo មានទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីល្អ តាំងពីទស្សវត្សរ៍ឆ្នាំ១៩៦០ ហើយត្រូវបានពូនជ្រំ និងអភិវឌ្ឍយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកអះអាងថា បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ និងមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយគណបក្ស Frelimo។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើសារៈសំខាន់នៃការរក្សា និងលើកកម្ពស់ទំនាក់ទំនងរវាងបក្សទាំងពីរ ដើម្បីតម្រង់ទិសទំនាក់ទំនងវៀតណាម-ម៉ូសំប៊ិក ឆ្ពោះទៅរកការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានតម្រូវការ និងប្រៀបខ្លាំង។ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនបណ្តាក់ទុនរួម Movitel Telecommunications (រវាងក្រុមហ៊ុន Viettel និងក្រុមហ៊ុន SPI) នៃគណបក្ស Frelimo ដែលបន្តក្លាយជាចំណុចភ្លឺ នៃកិច្ចសហប្រតិបត្តិការវិនិយោគក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយឯកភាពជម្រុញឲ្យ Movitel បើកទូលាយវិស័យបរិវត្តកម្មឌីជីថល និងអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងផលិតកម្ម និងអាជីវកម្ម ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនម៉ូសំប៊ិក។
ពិភាក្សាលើបញ្ហាអន្តរជាតិមួយចំនួនដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តពង្រីកប្រពៃណី សហការ និងជួយគាំទ្រគ្នាទៅវិញទៅមកនៅយន្តការពហុភាគីដូចជាអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ អាស៊ាន និងសហភាពអាហ្វ្រិក។ល។ លោក To Lam អគ្គលេខាបក្ស បានស្នើឲ្យគណបក្ស Frelimo និងម៉ូសំប៊ិក ជួយគាំទ្រគោលជំហររបស់វៀតណាម និងអាស៊ានលើការដោះស្រាយជម្លោះនៅសមុទ្រដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ និងការខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាងសមុទ្រខាងកើតក្លាយទៅជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព៕
បកប្រែដោយ Thuy Anh