លោកប្រធានរដ្ឋ To Lam បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូតចំពោះទំនាក់ទំនងវៀតណាម-អូស្ត្រាលី ព្រមទាំងបានសម្តែងនូវសេចក្តីរីករាយចំពោះការវិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងវៀតណាម-អូស្ត្រាលី ក្នុងរយៈពេលកន្លងមក។ លោកប្រធានរដ្ឋ To Lam បានស្នើឲ្យភាគីទាំងពីររក្សាការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ជាន់ខ្ពស់; បង្កើនការផ្លាស់ប្តូរព័ត៌មានស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា; ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម-វិនិយោគឲ្យកាន់តែស៊ីជម្រៅ; ជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យថ្មីដូចជា ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ថាមពលស្អាត ការធ្វើបរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិត។

leftcenterrightdel
លោកប្រធានរដ្ឋ To Lam ទទួលជួបលោក Andrew Goledzinowski ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំវៀតណាម (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋ To Lam បានស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលីបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមក្នុងការសិក្សា រស់នៅ និងធ្វើការនៅអូស្ត្រាលី។ លោកបានថ្លែងអំណរគុណចំពោះអូស្ត្រាលីដែលបានជួយឧបត្ថម្ភវៀតណាមលើវិស័យជាច្រើនដូចជា សុខាភិបាល ការរក្សាសន្តិភាព ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការធ្វើបរិវត្តកម្មថាមពល។

លោកឯកអគ្គរដ្ឋទូត Andrew Goledzinowski បានវាយតំលៃខ្ពស់ចំពោះគោលនយោបាយការបរទេស “ឬស្សីវៀតណាម” ដែលបាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងសន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោកបានអះអាងថា វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់អូស្ត្រាលីចំពោះតំបន់ ដោយសន្យាផ្តល់ធនធានជាច្រើនដល់តំបន់អាស៊ីអាគ្នេយ៍ រួមទាំងវៀតណាម ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដល់ឆ្នាំ ២០៤០ របស់អូស្ត្រាលី។

លោកប្រធានរដ្ឋ To Lam បានវាយតម្លៃខ្ពស់ចំពោះគោលជំហររបស់អូស្ត្រាលីក្នុងការគាំទ្រសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ក្នុងតំបន់ ដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការសន្ទនា ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២៕

បកប្រែដោយ Huyen Trang