|
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបពិភាក្សាជាមួយលោក Han Duck Soo នាយករដ្ឋមន្ត្រីកូរ៉េ (រូបថត៖ vnanet.vn) |
វៀតណាម - ជាដៃគូសំខាន់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍរបស់កូរ៉េ
នៅក្នុងកិច្ចពិភាក្សា ក្នុងបរិយាកាសមិត្តភាព ភាពស្មោះត្រង់ និងកិច្ចសហប្រតិបត្តិការ លោក Han Duck Soo នាយករដ្ឋមន្ត្រីកូរ៉េ បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅកូរ៉េរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ចាប់តាំងពីប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយ។
លោកនាយករដ្ឋមន្ត្រីកូរ៉េបានអះអាងថា វៀតណាមជាដៃគូសំខាន់ក្នុងការអនុវត្តនូវគោលនយោបាយការបរទេសក្នុងតំបន់ រួមទាំងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក និងគំនិតផ្តួចផ្តើមសាមគ្គីភាពអាស៊ាន-កូរ៉េ (KASI) ហើយលោកវាយតំលៃថាវៀតណាមជាដៃគូធំបំផុតរបស់កូរ៉េក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងជាដៃគូពាណិជ្ជកម្មធំជាងគេទីបី និងដៃគូវិនិយោគធំជាងគេរបស់កូរ៉េក្នុងអាស៊ាន។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើ ៨ ចំណុចនៃវឌ្ឍនភាពបន្ថែមទៀត បន្ទាប់ពីប្រទេសទាំងពីរបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង រួមមានការជឿទុកចិត្តខាងនយោបាយ ពាណិជ្ជកម្ម - វិនិយោគ ទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ពលកម្ម កិច្ចសហប្រតិបត្តិការក្នុងស្រុក កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ។
ភាគីទាំងពីរបានឯកភាពសហការយ៉ាងជិតស្និទ្ធដើម្បីជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់នៅគ្រប់បណ្តាញរបស់បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងការផ្លាស់ប្តូរប្រជាជន ដើម្បីបង្កើនការយោគយល់គ្នាទៅវិញទៅមក បង្កើតមូលដ្ឋានគ្រឹះដើម្បីជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ ឈានដល់ការយល់ដឹងរួមលើការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យការពារជាតិ និងសន្តិសុខ សម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាព “កម្មវិធីសកម្មភាពអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េ”។
លោក Han Duck Soo នាយករដ្ឋមន្ត្រីកូរ៉េបាននិយាយថា ការបង្កើតលក្ខខណ្ឌវិនិយោគ អំណោយផលគឺចាំបាច់សម្រាប់ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយនិរន្តរភាព បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មនាពេលអនាគត លោកបានសម្តែងបំណងវៀតណាមគាំទ្រយ៉ាងសកម្មក្នុងការដោះស្រាយរាល់បញ្ហាជាប់គាំងរបស់សហគ្រាសកូរ៉េនៅវៀតណាម អះអាងថានឹងពង្រីកការគាំទ្រសម្រាប់អង្គភាពអាជីវកម្មវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មដែលដឹកនាំដោយធុរកិច្ចកូរ៉េនៅវៀតណាម។
លោក Pham Minh Chinh បានស្នើឱ្យកូរ៉េបន្តបើកទ្វារបន្ថែមទៀតសម្រាប់ទំនិញដែលជាឧត្តមភាពរបស់វៀតណាម ដូចជាអាហារកែច្នៃ ផលិតផលកសិកម្ម និងជលផល និងផ្លែឈើតាមរដូវចូលទីផ្សារកូរ៉េ។ ជំរុញឱ្យអាជីវកម្មកូរ៉េពង្រីកការវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យអគ្គិសនី សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចរាងជារង្វង់ គ្រឿងអេឡិចត្រូនិក ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាជីវសាស្ត្រ បញ្ញាសិប្បនិម្មិត ពង្រឹងការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅវៀតណាម។
នៅក្នុងកិច្ចពិភាក្សានោះ នាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា និងយល់ព្រមសហការយ៉ាងជិតស្និទ្ធនៅយន្តការពហុភាគីក្នុងតំបន់ និងអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ និងអាស៊ាន។
ថ្នាក់ដឹកនាំទាំងពីរចែករំលែកទស្សនៈរួមនៃការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត សង្កត់ធ្ងន់លើការគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។
|
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបសវនាការជាមួយលោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េ (រូបថត៖ vnanet.vn) |
ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកម្មវិធីសកម្មភាព ដើម្បីដាក់ពង្រាយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
នារសៀលថ្ងៃទី២ កក្កដា លោក Pham Minh Chinh បានជួបសវនាការជាមួយលោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េ។ ក្នុងជំនួបនេះ លោក Pham Minh Chinh បានជូនដំណឹងដល់លោក Yoon Suk Yeol អំពីលទ្ធផលសំខាន់ៗដែលភាគីទាំងពីរសម្រេចបានក្នុងជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីរ រួមទាំងទិសដៅសំខាន់ៗ ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ បន្តអភិវឌ្ឍកាន់តែស៊ីជម្រៅ និងជាក់ស្តែង កាន់តែមានប្រសិទ្ធភាពនាពេលខាងមុខ។ លោក Pham Minh Chinh ក៏បានស្នើឱ្យភាគីទាំងពីរបន្តរក្សា និងពង្រឹងសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់ជាន់ថ្នាក់ បន្តអនុវត្តជាប្រចាំនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ក្នុងវិស័យការទូត ការពារជាតិ និងសន្តិសុខ ស្របតាមកម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។
លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េ បានឲ្យដឹងថា ធុរកិច្ចកូរ៉េវាយតម្លៃវៀតណាមជាគោលដៅវិនិយោគដ៏មានសក្ដានុពល ហើយអាជីវកម្មកូរ៉េជាច្រើនដែលវិនិយោគនៅវៀតណាមបានបង្កើតប្រព័ន្ធអេកូវិនិយោគអំណោយផល ស្នើឱ្យបង្កើតលក្ខខណ្ឌសម្រាប់ធុរកិច្ចកូរ៉េ ចូលរួមក្នុងគម្រោងសំខាន់ៗនៅវៀតណាម។
នៅក្នុងជំនួបនេះ លោក Pham Minh Chinh និងលោក Yoon Suk Yeol បានឯកភាពបន្តធ្វើការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ និងតំបន់ដែលមានការចាប់អារម្មណ៍ដូចគ្នា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន។
|
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបសវនាការជាមួយលោក Woo Won-shik ប្រធានរដ្ឋសភាកូរ៉េ (រូបថត៖ vnanet.vn) |
ពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េ នាព្រឹកថ្ងៃទី២ ខែកក្កដា នៅរដ្ឋសភាកូរ៉េ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយលោក Woo Won-shik ប្រធានរដ្ឋសភាកូរ៉េ។
លោក Woo Won-shik បានវាយតម្លៃថា ប្រទេសទាំងពីរចែករំលែកភាពស្រដៀងគ្នាជាច្រើនក្នុងប្រវត្តិសាស្ត្រ វប្បធម៌ និងអាទិភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដូចជាការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយការបំពេញបន្ថែមលើវិស័យសេដ្ឋកិច្ច និងធនធានមនុស្ស។ លោក Woo Won-shik បានអះអាងថា រដ្ឋសភាកូរ៉េនឹងសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាវៀតណាម ដើម្បីគាំទ្ររដ្ឋាភិបាលទាំងពីរក្នុងការអនុវត្តកម្មវិធីសកម្មភាពអនុវត្តក្របខ័ណ្ឌថ្មីនៃទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខសេដ្ឋកិច្ច និងការតភ្ជាប់ធនធានមនុស្ស។
ភាគីទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងវៀតណាម-កូរ៉េមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងគួរឱ្យកត់សម្គាល់ក្នុងវិស័យជាច្រើនចាប់តាំងពីប្រទេសទាំងពីរបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដោយទទួលបានលទ្ធផលវិជ្ជមានក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរប្រជាជន។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា នាពេលខាងមុខត្រូវតែពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ តាមរយៈការជំរុញការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ដឹកនាំរដ្ឋសភា ថ្នាក់ដឹកនាំគណៈកម្មាធិការជំនាញ និងជំរុញការផ្លាស់ប្តូរសមាជិកសភា សមាជិកសភាវ័យក្មេង រដ្ឋសភានៃប្រទេសទាំងពីរ ក៏ដូចជាការលើកកម្ពស់តួនាទីជាស្ពាននៃក្រុមសមាជិកសភាមិត្តភាពនៃប្រទេសនីមួយៗ។
ចែករំលែកបទពិសោធន៍ក្នុងការកសាងច្បាប់ដើម្បីបម្រើការអភិវឌ្ឍប្រកបដោយចីរភាព ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង។ ទន្ទឹមនឹងនោះ បន្តលើកកម្ពស់តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងការជួយដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការបញ្ចប់គោលដៅធ្វើឱ្យទំហំពាណិជ្ជកម្មដល់ ១០០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។
នៅក្នុងជំនួបនេះផងដែរ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើរាល់បញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ យល់ព្រមសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ។ ក្នុងឱកាសនេះ លោក Pham Minh Chinh បានពាំនាំការអញ្ជើញរបស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗនេះ ជូនចំពោះលោក Woo Won-shik ប្រធានរដ្ឋសភាកូរ៉េ លោក Woo Won-shik បានទទួលយកការអញ្ជើញដោយក្តីរីករាយ៕
បកប្រែដោយ Minh Trung