សកម្មភាពរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមនៅកូរ៉េខាងត្បូង
កប.អនឡាញ - ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង (កូរ៉េ) នាថ្ងៃទី ១ កក្កដា នៅរដ្ឋធានីសេអ៊ូល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួល និងជួបពិភាក្សាជាមួយធុរកិច្ចធំៗ អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រកូរ៉េ ទន្ទឹមនឹងនោះ ចូលរួមវេទិកាទ្វេភាគីមួយចំនួន។
វៀតណាមលើកទឹកចិត្តសហគ្រាសកូរ៉េ ពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ
នាព្រឹកថ្ងៃទី១ ខែកក្កដា លោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចពិភាក្សាអាហារពេលព្រឹកជាមួយថ្នាក់ដឹកនាំនៃសាជីវកម្មកូរ៉េធំៗមួយចំនួនលើវិស័យឧស្សាហកម្ម ថាមពល ហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មាន និងសុខាភិបាល...នៅក្នុងជំនួប ថ្នាក់ដឹកនាំសាជីវកម្មកូរ៉េឈានមុខគេនានាបានវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ហើយបាននិយាយថា ពួកគេកំពុងសហការ វិនិយោគ និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅវៀតណាម សង្ឃឹមថា ក្រសួង ស្ថាប័ននានារបស់វៀតណាម នឹងបន្តធ្វើកំណែទម្រង់បែបបទរដ្ឋបាល និងមានគោលនយោបាយគាំទ្រការអភិវឌ្ឍន៍...
បន្ទាប់ពីបានធ្វើការជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាដើម្បីឆ្លើយ និងចែករំលែកបញ្ហាកង្វល់ដល់សាជីវកម្មកូរ៉េធំៗ លោកនាយករដ្ឋមន្ត្រីជឿជាក់លើស្មារតី “៣ រួមគ្នា” (ស្តាប់និងយល់រួមគ្នា, ចែករំលែកទស្សនៈ និងសកម្មភាពរួមគ្នា, ធ្វើរួម ទទួលផលរួម ឈ្នះរួម អភិវឌ្ឍរួម)។
នាព្រឹកថ្ងៃដដែល នៅវេទិកាធុរកិច្ចវៀតណាម-កូរ៉េ លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលលើកទឹកចិត្តធុរកិច្ចកូរ៉េ ពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យដែលកូរ៉េមានឧត្តមភាព ហើយវៀតណាមមានតម្រូវការទាក់ទាញការវិវិយោគ និងផ្តល់អាទិភាពខ្ពស់ដូចជាបច្ចេកវិទ្យាខ្ពស់ អេឡិចត្រូនិក បញ្ញាសិប្បនិមិត្ត សំណង់ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ ថាមពលថ្មី (អ៊ីដ្រូសែន) ជីវបច្ចេកវិទ្យា ការច្នៃប្រឌិត ការបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់ ឧស្សាហកម្មវប្បធម៌...ក្នុងស្មារតី "ផលប្រយោជន៍រួម ហានិភ័យរួម"
នារសៀលថ្ងៃទី១ ខែកក្កដា លោក Pham Minh Chinh បានជួបពិភាក្សាអាហារថ្ងៃត្រង់ជាមួយអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រកូរ៉េលើវិស័យ semiconductors និងសិប្បនិម្មិត។ នៅក្នុងជំនួប អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រកូរ៉េបាននិយាយថា តាមបទពិសោធន៍របស់កូរ៉េ ប្រសិនបើអ្នកចង់បង្កើតឧស្សាហកម្ម semiconductor អ្នកត្រូវតែមានការវិនិយោគធំក្នុងរយៈពេលគ្រប់គ្រាន់មួយ។ ទន្ទឹមនឹងនោះវៀតណាមត្រូវតែមានយន្តការ គោលនយោបាយ និងការបណ្តុះបណ្តាលធនធានមនុស្សជាប្រព័ន្ធ និងជាក់លាក់សម្រាប់ឧស្សាហកម្មទាំងនេះ។
លោក Pham Minh Chinh បានទទួលស្គាល់ និងថ្លែងអំណរគុណចំពោះរាល់មតិ យោបល់ និងស្នើឱ្យអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រកូរ៉េ បន្តរួមវិភាគទានជួយវៀតណាមកសាងយុទ្ធសាស្ត្រ យន្តការ និងគោលនយោបាយអនុគ្រោះដែលមាន ការប្រកួតប្រជែងគ្រប់គ្រាន់ដើម្បីទាក់ទាញការវិនិយោគ និងធនធានមនុស្ស អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឧស្សាហកម្ម semiconductor បញ្ញាសិប្បនិម្មិត និងឧស្សាហកម្មពាក់ព័ន្ធនានា។
|
|
លោក Pham Minh Chinh អញ្ជើញចូលរួមវេទិកាសហគ្រាសវៀតណាម កូរ៉េខាងត្បូង |
|
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមវេទិកាផ្សព្វផ្សាយទេសចរណ៍ |
កិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍ គឺជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងទ្វេភាគី
នារសៀលថ្ងៃទី១ ខែកក្កដា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមវេទិកាផ្សព្វផ្សាយទេសចរណ៍ និងសហប្រតិបត្តិការវប្បធម៌វៀតណាម-កូរ៉េ។ យោងតាមការវាយតម្លៃនៅក្នុងវេទិកា ដោយមានភាពស្រដៀងគ្នាជាច្រើនក្នុងវប្បធម៌ និងប្រវត្តិសាស្ត្រ ភាគីទាំងពីរបានចែករំលែកការជឿទុកចិត្ត និងបានមើលឃើញការវិវឌ្ឍដ៏លេចធ្លោក្នុងទំនាក់ទំនងសហប្រតិបត្តិការរបស់ពួកគេក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមក ក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០២២។ ចំណុចភ្លឺគឺកិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរ។ បន្ទាប់ពីជំងឺរាតត្បាត Covid-19 កូរ៉េ បានក្លាយជាទីផ្សារបញ្ជូនភ្ញៀវទេសចរ លេខ ១ នៃទេសចរណ៍វៀតណាម។ ក្នុងរយៈពេលត្រឹមតែ ៥ ខែដំបូងនៃឆ្នាំ២០២៤ ទេសចរកូរ៉េ ជិត ២,២ លាននាក់បានមកវៀតណាម ភ្ញៀវទេសចរអន្តរជាតិ ១០នាក់ដែលមកវៀតណាមមានភ្ញៀវកូរ៉េ រហូតដល់៣នាក់។
អញ្ជើញថ្លែងមតិក្នុងវេទិកា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបាននិយាយថា៖ វៀតណាម និងកូរ៉េ គឺជាប្រទេសដ៏ស្រស់ស្អាតដែលមានអាកាសធាតុបួនរដូវ សម្បូរទៅដោយប្រពៃណីវប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិដ៏អស្ចារ្យ ប្រជាជនស្លូតត្រង់ រាប់អានភ្ញៀវ ផលិតផលទេសចរណ៍ដ៏សម្បូរបែប បំពេញបន្ថែម និងគាំទ្រគ្នាទៅវិញទៅមក និង សុទ្ធតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។ ការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគបង្កើតលំហ និងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរ។ ជាពិសេស ភាគីទាំងពីរបន្តបើកជើងហោះហើរថ្មី ដាក់ចេញនូវផលិតផលថ្មី គួរឱ្យទាក់ទាញ និងប្លែកពីគេ រៀបចំពិធីបុណ្យវប្បធម៌ សិល្បៈ និងយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ជាច្រើន...
អំពីទិសដៅអភិវឌ្ឍន៍ទេសចរណ៍របស់វៀតណាម លោក Pham Minh Chinh បានបញ្ជាក់យ៉ាងច្បាស់ ដោយបាវចនាថា “ផលិតផលពិសេស - សេវាកម្មវិជ្ជាជីវៈ - នីតិវិធីងាយស្រួល និងសាមញ្ញ - តម្លៃប្រកួតប្រជែង - បរិស្ថានអនាម័យស្អាត - សុវត្ថិភាព អរិយធម៌ គោលដៅមិត្តភាព”។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ភាគីទាំងពីរនឹងសហការគ្នាបង្កើតកម្មវិធីសហប្រតិបត្តិការជាក់ស្តែង នាំឱ្យទេសចរណ៍វៀតណាម និងកូរ៉េឡើងដល់កម្រិតថ្មីមួយ ដោយខិតខំឱ្យទទួលបានភ្ញៀវទេសចរណ៍ចំនួន ៥.៥ លាននាក់ក្នុងពេលឆាប់ៗនេះ។
បកប្រែដោយ Minh Trung