កាសែតទាំងអស់សុទ្ធតែបានចុះផ្សាយព័ត៌មានអំពីវេទិកាធុរកិច្ចវៀតណាម-កូរ៉េខាតត្បូង នៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី១ ខែកក្កដា។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Newsis បានដកស្រង់ប្រសាសន៍របស់លោក Ahn Deok-geun រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលនៃប្រទេសនេះ ដោយសង្កត់ធ្ងន់លើវិធានការជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់គោលដៅ ១៥០ ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០៣០។ លោករដ្ឋមន្ត្រី Ahn បានចាត់ទុកថា ប្រទេសទាំងពីរត្រូវពង្រីកវិសាលភាពនៃការវិនិយោគ និងពាណិជ្ជកម្មទៅកាន់វិស័យនានា ពោលគឺមិនត្រឹមតែទំនិញធម្មតាប៉ុណ្ណោះទេ ថែមទាំងទំនិញប្រើប្រាស់ សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធទៀតផង។

leftcenterrightdel
សារព័ត៌មានកូរ៉េខាងត្បូងចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh (រូបថត៖ baochinhphu.vn)

ទន្ទឹមនឹងនេះ កាសែត Hankuk Kyongjae បានគូសបញ្ជាក់ពីការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំនយោបាយ និងធុរកិច្ចកូរ៉េខាងត្បូង និងវៀតណាម ស្ដីពីការពង្រីកការវិនិយោគ និងពាណិជ្ជកម្មលើវិស័យដូចជា ការធ្វើបរិវត្តកម្មឌីជីថល និងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងគឺជាវិនិយោគិនធំជាងគេក្នុងចំណោមប្រទេសចំនួន ១៤៦ ដែលវិនិយោគនៅវៀតណាម។ Yonhap បានកត់សម្គាល់ថានាពេលថ្មីៗនេះ រដ្ឋាភិបាលវៀតណាមបានទាក់ទាញការវិនិយោគយ៉ាងសកម្មក្នុងឧស្សាហកម្ម semiconductor នៅវៀតណាម៕

បកប្រែដោយ Thanh Cong