គណៈប្រតិភូចរចាវៀតណាមដឹកនាំដោយលោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ប្រធានគណៈប្រតិភូចរចាររដ្ឋាភិបាល រួមជាមួយការចូលរួមពីសមាជិកគណៈប្រតិភូចរចា និងតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធ។

leftcenterrightdel
លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ចរចាជាមួយលោក Jamieson Greer ឯកអគ្គរដ្ឋទូត និងជាប្រធានតំណាងពាណិជ្ជកម្មអាមេរិក នៅទីក្រុង Washington នាថ្ងៃទី ២១ ឧសភា (ម៉ោងក្នុងតំបន់) (រូបថត៖ vnanet.vn)

ក្នុងរយៈពេលបីថ្ងៃនៃការចរចា ជាមួយការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំង គណៈប្រតិភូចរចាវៀតណាម និងអាមេរិកបានពិភាក្សាលើរាល់ខ្លឹមសារដែលបានលើកឡើងមុនសម័យចរចា ដោយស្មារតីសុច្ឆន្ទៈ ស្មោះត្រង់ គោរពរបបនយោយបាយ ធានាតុល្យភាពនៃផលប្រយោជន៍ ក៏ដូចជាសមស្របនឹងការសន្យាអន្តរជាតិ និងកម្រិតអភិវឌ្ឍន៍នៃប្រទេសនីមួយៗ។

ភាគីទាំងពីរបានចំណាយពេលផ្តល់ព័ត៌មានជូនគ្នាទៅវិញទៅមកអំពីគោលនយោបាយបច្ចុប្បន្នរបស់ភាគីនិមួយៗ បំភ្លឺខ្លឹមសារ ទាំងឡាយក្នុងកិច្ចព្រមព្រៀង និងពិភាក្សាអំពីវិធីសាស្រ្តរួមដើម្បីដោះស្រាយបញ្ហាជាមូលដ្ឋានដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ដើម្បីពន្លឿនដំណើរការចរចា។ គណៈប្រតិភូចរចានៃភាគីទាំងពីរក៏បានពិភាក្សាយ៉ាងបើកចំហ និងស្ថាបនា អំពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាផលប្រយោជន៍ស្នូលនៃប្រទេសទាំងពីរ។

នៅចុងបញ្ចប់នៃជុំចរចា វៀតណាមនិងសហរដ្ឋអាមេរិកសម្រេចបានវឌ្ឍនភាពជាវិជ្ជមាន ដោយកំណត់ក្រុមបញ្ហាដែលបានឯកភាព ឬមានទស្សនៈស្រដៀងគ្នា និងក្រុមបញ្ហាដែលត្រូវការពិភាក្សាបន្ថែមទៀតដើម្បីឈានដល់កិច្ចព្រមព្រៀងនាពេលខាងមុខ។

នៅចុងថ្ងៃធ្វើការទី៣ លោក Nguyen Hong Dien បានជួបសន្ទនាជាមួយលោក Jamieson Greer ឯកអគ្គរដ្ឋទូត ប្រធានតំណាងពាណិជ្ជកម្មអាមេរិក ដើម្បីឯកភាពលើលទ្ធផល ដែលសម្រេចបានក្នុងការចរចាលើកទី២ និងចង្អុលបង្ហាញខ្លឹមសារដែលត្រូវបន្តចរចានៅដើមខែមិថុនា ឆ្នាំ ២០២៥។

លោក Jamieson Greer បានវាយតំលៃខ្ពស់ចំពោះសុច្ឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាដែលអាមេរិកយកចិត្តទុកដាក់។ លោកសង្សឹមថា ភាគីទាំងពីរនឹងបន្តជំរុញការផ្លាស់ប្តូរបច្ចេកទេស រួមទាំងថ្នាក់រដ្ឋមន្ត្រី ដើម្បីសម្រេចបានលទ្ធផលក្នុងពេលឆាប់ៗនេះ។

លោក Nguyen Hong Dien បានស្វាគមន៍ចំពោះការវាយតម្លៃរបស់លោក Jamieson Greer និងអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការកសាង និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយអាមេរិកប្រកបដោយតុល្យភាព និងនិរន្តរភាព ដើម្បីផលប្រយោជន៍របស់ប្រជាជន និងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។ លោក Nguyen Hong Dien បានឯកភាពជាមួយលោក Jamieson Greer ក្នុងការចាត់តាំងឲ្យស្ថាប័នមានសមត្ថកិច្ចនៃភាគីទាំងពីរឲ្យបន្តបង្កើនការផ្លាស់ប្តូរដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងដែលឆ្លើយតបទៅនឹងការរំពឹងទុក និងលក្ខខណ្ឌរបស់ភាគីនីមួយៗ៕

បកប្រែដោយ Duy Hoan