ទីក្រុងហាណូយស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេទាំង២០ របស់ពិភពលោក
កប.អនឡាញ - យោងតាមមន្ទីរវប្បធម៌ និងកីឡាហាណូយ ទស្សនាវដ្ដី Time Out (អង់គ្លេស) ទើបតែលើកតម្កើងទីក្រុងហាណូយជាគោលដៅទេសចរណ៍វប្បធម៌មួយក្នុងចំណោមគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេទាំង២០ របស់ពិភពលោកនៅឆ្នាំ២០២៥ ដោយជាប់ចំណាត់ថ្នាក់ទី ៩ នៅទូទាំងពិភពលោក និងឈានមុខគេនៅអាស៊ី។
នេះគឺជាលទ្ធផលនៃការស្ទង់មតិលើភ្ញៀវទេសចរទូទាំងពិភពលោកជាង ១៨,៥០០ នាក់ និងការវាយតម្លៃនៃអ្នកជំនាញវប្បធម៌ និងទេសចរណ៍អន្តរជាតិ។ យោងតាមទស្សនាវដ្ដី Time Out ទីក្រុងហាណូយគឺជាទីក្រុងដ៏ទាក់ទាញ។ នៅទីនេះ ភ្ញៀវទេសចរអាចប្រទះឃើញសិល្បករដែលកំពុងសម្តែងឧបករណ៍ភ្លេងបុរាណផង និងឆាកតន្ត្រីរ៉ុកដ៏រស់រវើកផង។ ដោយធ្វើដំណើរក្នុងរយៈពេលប៉ុន្មានម៉ោងពីកណ្តាលទីក្រុង ភ្ញៀវទេសចរអាចចូលរួមព្រឹត្តិការណ៍វប្បធម៌ពិសេសៗនៅតំបន់ជាយក្រុង ហើយមានអ្នករចនានៅមូលដ្ឋានបង្ហាញម៉ូដធ្វើពីក្រណាត់ប្រពៃណី។ ការលាយបញ្ចូលគ្នានៃលក្ខណៈបុរាណ និងទំនើប គឺជាចំណុចពិសេសដែលធ្វើឲ្យទីក្រុងហាណូយលេចធ្លោនៅលើផែនទីវប្បធម៌ពិភពលោក។
    |
 |
ភ្ញៀវទេសចរនៅបឹង Hoan Kiem (ទីក្រុងហាណូយ) (រូបថត៖ vnanet.vn) |
ទីក្រុងហាណូយមិនត្រឹមតែជាមជ្ឈមណ្ឌលនយោបាយ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងដែលមានលក្ខណៈវប្បធម៌ពិសេសរបស់វៀតណាមផងដែរ។ សំណង់ដូចជា Khue Van Cac, Van Mieu-Quoc Tu Giam វត្តជើងសសរមួយ ឬកេរិ៍្តដំណែលនៅតំបន់បឹង Hoan Kiem គឺជាភស្តុតាងនៃប្រវត្តិសាស្រ្តក្នុងរយៈពេលយូរអង្វែងរបស់ទីក្រុង។ ទន្ទឹមនឹងនោះ ម្ហូបអាហារនៃទីក្រុងហាណូយក៏ជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងការស្វែងយល់អំពីវប្បធម៌ ដោយមានមុខម្ហូបឆ្ងាញៗដូចជា ហ្វើ នំបញ្ចុក សាច់ជ្រូកអាំង (Bun Cha) អំបុក។ល។
ពិធីបុណ្យប្រពៃណីដូចជាពិធីបុណ្យ Giong ពិធីបុណ្យវត្ត Huong និងភូមិសិប្បកម្មដូចជា Bat Trang និង Van Phuc រួមចំណែកលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់រដ្ឋធានី។ ជាពិសេស ទីក្រុងហាណូយត្រូវបានគេវាយតម្លៃខ្ពស់ចំពោះភាពរួសរាយរាក់ទាក់ និងការចំណាយសមរម្យសម្រាប់សកម្មភាពវប្បធម៌។
ការដែលទីក្រុងហាណូយត្រូវបានលើកតម្កើងដោយ Time Out មិនត្រឹមតែជាមោទនភាពសម្រាប់ប្រជាជនរដ្ឋធានីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីតួនាទីរបស់វៀតណាមនៅលើផែនទីវប្បធម៌ពិភពលោកទៀតផង។ នេះក៏នឹងជាកម្លាំងចលករសម្រាប់ផ្នែកទេសចរណ៍ទីក្រុងហាណូយខិតខំសម្រេចបានគោលដៅដែលបានកំណត់នៅឆ្នាំ២០២៥ គឺទទួលភ្ញៀវទេសចរចំនួន ៣១ លាននាក់៕
បកប្រែដោយ Thanh Cong