ទីក្រុងហាណូយអភិវឌ្ឍទេសចរណ៍ហាឡាល់
កប.អនឡាញ - ហាឡាល់ជាទីផ្សារទេសចរណ៍មានតម្លៃរាប់ពាន់លានដុល្លារអាមេរិក ដែលជាវិស័យនៅមានសក្ដានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ។ ក្នុងនាមជាតំបន់ទេសចរណ៍ឈានមុខគេមួយនៅវៀតណាម ទីក្រុងហាណូយកំពុងស្វែងរកឱកាសដើម្បីចាប់យកទីផ្សារនេះ។
ជំរុញការស្វែងរកឱកាសអភិវឌ្ឍន៍
ដោយមានប្រទេសសមាជិកចំនួន ៥៧ នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) និងជាង ២.២ ពាន់លាននាក់កាន់សាសនាឥស្លាមនៅទូទាំងពិភពលោក។ យោងតាមស្ថិតិអន្តរជាតិ ការចំណាយសម្រាប់ដំណើរកំសាន្ដរបស់ជនឥស្លាមនៅទូទាំងពិភពលោកបានសម្រេចជាង ២២០ ពាន់លានដុល្លារអាមេរិក (ក្នុងឆ្នាំ ២០២៣) ហើយត្រូវបានគេព្យាករណ៍ថា នឹងលើសពី ៣០០ ពាន់លានដុល្លារនៅឆ្នាំ២០២៦។ ប្រទេសជាច្រើនក្នុងពិភពលោកក៏បានកំណត់ថា ហាឡាល់ជាទីផ្សារគោលដៅសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ផងដែរ។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមធ្លាប់បានសម្តែងនូវបំណងចង់ពង្រីកឧស្សាហកម្មហាឡាល់ទៅជាឧស្សាហកម្មរីកចម្រើនខ្លាំង និងធ្វើឱ្យវៀតណាមក្លាយជាគោលដៅដែលមិនអាចខ្វះនៅលើផែនទីហាឡាល់ពិភពលោក។
    |
 |
ឧទ្ទេសនាមម្ហូបអាហារឥស្លាមនៅមហោស្រពទេសចរណ៍ហាណូយឆ្នាំ ២០២៥ |
ក្នុងនាមជាតំបន់ទេសចរណ៍ឈានមុខគេមួយនៅវៀតណាម ហាណូយកំពុងអនុវត្តដំណោះស្រាយជាបន្ទាន់ដើម្បីស្វែងរកឱកាសចាប់យកទីផ្សារនេះ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនភ្ញៀវទេសចរអន្តរជាតិមកពីបណ្តាប្រទេសដែលមានសហគមន៍ជនឥស្លាមធំៗមកដល់ទីក្រុងហាណូយបានកើនឡើងយ៉ាងខ្លាំង។ ឆ្នាំ ២០២៤ ចំនួនភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី បង់ក្លាដែស ទួរគី អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម (UAE) អេហ្ស៊ីប ប្រ៊ុយណេ កាតា... ទៅកាន់ទីក្រុងហាណូយកើនឡើងដល់ ៦៥០,០០០ នាក់ (ស្មើនឹងប្រហែល ១៥% នៃចំនួនភ្ញៀវអន្តរជាតិសរុបទៅកាន់ទីក្រុងហាណូយ)។ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៥ ចំនួនភ្ញៀវមកពីប្រទេសដែលមានសហគមន៍ជនឥស្លាមធំមកដល់ទីក្រុងហាណូយបានបន្តកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទទួលស្វាគមន៍ភ្ញៀវទេសចរដោយម្ចាស់ការ
ទោះបីជាមានសក្ដានុពលជាច្រើន ប៉ុន្ដែទេសចរណ៍ហាឡាល់នៅទីក្រុងហាណូយ ក៏ដូចជាមូលដ្ឋានផ្សេងទៀតក្នុងប្រទេសវៀតណាមគឺជាវិស័យថ្មី ដូច្នេះយោងទៅតាមអ្នកជំនាញត្រូវមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងអង្គភាពគ្រប់គ្រង សហគមន៍អាជីវកម្ម អង្គការអន្តរជាតិ និងដៃគូក្នុងស្រុក និងបរទេស។
លោក Nguyen Manh Than ប្រធានសមាគមទេសចរណ៍ហាណូយបានសន្និដ្ឋានថា៖ “ដោយមានលក្ខណៈពិសេសនៃសាសនា ជំនឿ និងវប្បធម៌ ដូច្នេះភ្ញៀវទេសចរហាឡាល់មានស្តង់ដារតឹងរ៉ឹង ជាពិសេសតម្រូវការលើមុខម្ហូប ជីវភាពបែបសាសនា រួមជាមួយនឹងការគោរពតម្លៃវប្បធម៌ ជំនឿ និងទំនៀមទម្លាប់របស់សាសនាឥស្លាម។ យើងកំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍប្រភេទទេសចរណ៍នេះ។ ទោះជាជួបការលំបាក ប៉ុន្តែខ្ញុំជឿជាក់ថា យើងនឹងទាញយកប្រយោជន៍ដើម្បីរួមគ្នាជម្នះការលំបាកនេះ"។
នាពេលកន្លងមក មន្ទីរទេសចរណ៍ទីក្រុងហាណូយបានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ពង្រីកគំរូទេសចរណ៍កសិកម្មស្របតាមស្តង់ដារហាឡាល់” ដើម្បីស្តាប់មតិយោបល់ពីអ្នកជំនាញក្នុងឧស្សាហកម្មហាឡាល់។ នៅឯអង្គសិក្ខាសាលានេះ ប្រតិភូជាច្រើនបានសម្តែងចំណាប់អារម្មណ៍ចំពោះការចែករំលែករបស់លោក Vo Ngoc Han នាយកប្រតិបត្តិតំបន់ទេសចរណ៍ធម្មជាតិ Phan Gia Xanh Garden (ទីក្រុង Nha Trang ខេត្ដ Khanh Hoa) ពីស្ថានភាពជាក់ស្ដែងនៃការទទួលស្វាគមន៍ភ្ញៀវទេសចរឥស្លាមនៅតំបន់ទេសចរណ៍បែបកសិកម្មស្តង់ដារហាឡាល់របស់គាត់។
យោងតាមលោក Vo Ngoc Han “ប្រសិនបើចង់ពង្រីកទីផ្សារទេសចរណ៍ហាឡាល់គឺត្រូវយល់ជនឥស្លាម។ ពួកគេមានជំនឿទាំងស្រុងលើសាសនា និងខាងវិញ្ញាណ ដូច្នេះយើងកាន់តែយល់ពួកគេ យើងកាន់តែងាយស្រួលបម្រើពួកគេ។ ជនឥស្លាមមិនចូលចិត្តកន្លែងអ៊ូអរពេកទេ ពួកគេចូលចិត្តភាពទន់ភ្លន់ និងជិតស្និទ្ធនឹងធម្មជាតិ ដូច្នេះទេសចរណ៍បែបកសិកម្មនឹងសមស្របទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរហាឡាល់។
នៅអង្គសិក្ខាសាលានេះ លោក Mieu Abbas ប្រធានហាឡាល់វៀតណាម បានលើកឡើងថា៖ “យើងមិនចាត់ទុកហាឡាល់ជាជម្រើសបន្ទាប់បន្សំទេ ដែលជាឱកាសយុទ្ធសាស្ត្រសម្រាប់វៀតណាមបញ្ជាក់ពីកិត្យានុភាពនៅលើទីផ្សារអន្តរជាតិដោយគុណភាព ក្រមសីលធម៌ និងការរៀបចំហ្មត់ចត់”។ លោកលើកសំណើថា៖ “ហាណូយត្រូវរៀបចំប្រព័ន្ធណែនាំហាឡាល់សម្រាប់វិស័យទេសចរណ៍ និងសេវាកម្មរបស់ទីក្រុង និងរៀបចំវគ្គបណ្តុះបណ្តាល និងផ្ដល់ប្រឹក្សាជាប្រចាំដើម្បីលើកកំពស់សមត្ថភាពអនុវត្តរបស់អង្គភាពអាជីវកម្ម ព្រមទាំងបង្កើតមជ្ឈមណ្ឌលណែនាំ និងផ្សព្វផ្សាយទេសចរណ៍ហាឡាល់ហាណូយដើម្បីតភ្ជាប់ជាមួយទីផ្សារអន្តរជាតិ”៕
បកប្រែដោយ Pham Diep