ទីក្រុហូជីមិញ៖ ការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព
កប.អនឡាញ - ពិព័រណ៍ពាណិជ្ជកម្មទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ - ITE HCMC 2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកញ្ញាខាងមុខ នៅមជ្ឈមណ្ឌលពិព័ណ៍ពាណិជ្ជកម្ម និងការតាំងពិព័រណ៍ Sai Gon ក្រោមប្រធានបទ "ទេសចរណ៍ប្រកបដោយនិរន្តរភាព ការឆ្លងបទពិសោធន៍ដ៏រស់រវើក"។
ITE HCMC ជាពិព័រណ៍ទេសចរណ៍តែមួយគត់នៅវៀតណាមមានការចូលរួមរបស់អ្នកទិញអន្តរជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញលំហូរនៃភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាម។ ITE HCMC 2025 ត្រូវបានគេរំពឹងថានឹងទាក់ទាញការចូលរួមពីអ្នកទិញអន្តរជាតិយ៉ាងច្រើនពីទីផ្សារដូចជា៖ សហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង។ល។
    |
 |
សកម្មភាពតភ្ជាប់ការផ្គត់ផ្គង់ និងតម្រូវការនៅពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ |
យោងតាមអ្នកជំនាញទេសចរណ៍ ការរៀបចំព្រឹត្តិការណ៍មួយដែលប្រមូលផ្តុំអង្គភាពអន្តរជាតិលើទ្រង់ទ្រាយធំនឹងរួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍នៅទីក្រុងហូជីមិញ។ ទន្ទឹមនឹងនោះ ITE HCMC 2025 ដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់យុទ្ធសាស្ត្ររវាងវៀតណាម និងទីផ្សារទេសចរណ៍ពិភពលោក រួមចំណែកជំរុញប្រកបដោយប្រសិទ្ធភាព ជួយធុរកិច្ច និងមូលដ្ឋានផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍នានា ព្រមទាំងបញ្ជាក់ពីកិត្យានុភាពរបស់ទីក្រុងហូជីមិញជាមជ្ឈមណ្ឌលសម្រាប់ការធ្វើសមាហរណកម្ម នវានុវត្តន៍ និងដឹកនាំទេសចរណ៍ក្នុងតំបន់។
លោកស្រី Nguyen Thi Anh Hoa ប្រធានមន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានឲ្យដឹងថា៖ “នេះជាលើកទី ១៩ ដែល ITE HCMC ត្រូវបានរៀបចំឡើង ដោយកត់សម្គាល់ពីការអភិវឌ្ឍដ៏រឹងមាំនៃព្រឹត្តិការណ៍ក្នុងដំណើរឆ្ពោះទៅមុខដើម្បីក្លាយជាវេទិកាជំរុញទេសចរណ៍អន្តរជាតិដែលមានឥទ្ធិពលក្នុងតំបន់មេគង្គ និងអាស៊ី។ នេះមិនត្រឹមតែជាជំហានមួយដើម្បីពង្រីកទីផ្សារកម្រិតខ្ពស់ប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធសាស្ត្រក្នុងការកសាងទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយនិរន្តរភាពជាមួយទីផ្សារអន្តរជាតិសំខាន់ៗ ឆ្ពោះទៅរកការអភិវឌ្ឍទេសចរណ៍ឯកទេស ប្រសិទ្ធភាព និងយូរអង្វែង”។
ប្រធានបទនៃ ITE HCMC 2025 អនុវត្តជាក់ស្តែងនូវសារនៃវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព បញ្ជាក់ពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍របស់វៀតណាមនិយាយរួម និងទីក្រុងនិយាយដោយឡែក មិនត្រឹមតែផ្អែកលើផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងមានភាពសុខដុមជាមួយនឹងតម្លៃវប្បធម៌ សង្គម និងបរិស្ថានទៀតផង។ ក្នុងនាមជាដៃគូនៃ ITE HCMC 2025 លោក Nguyen The Bao អគ្គនាយករងនៃអគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) បានចែករំលែកថា៖ “ក្នុងរយៈពេល ១៩ ឆ្នាំនៃការរួមដំណើរជាមួយ ITE HCMC យើងខ្ញុំបានអនុវត្តកិច្ចសន្យាត្រួសត្រាយផ្លូវក្នុងការតភ្ជាប់គោលដៅ បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទេសចរណ៍ និងផ្សព្វផ្សាយរូបភាពវៀតណាមទៅកាន់ពិភពលោក។ Vietnam Airlines ប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មរបស់ខ្លួនទៅកាន់ស្តង់ដារអន្តរជាតិលំដាប់ផ្កាយ ៥ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈប្រតិបត្តិការបៃតង”។
នៅឆ្នាំ ២០២៥ នេះ ITE HCMC ក៏នឹងប្រព្រឹត្តទៅក្នុងពេលដំណាលគ្នានឹងព្រឹត្តិការណ៍តភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ និងវេទិកានាំចេញទីក្រុងហូជីមិញឆ្នាំ ២០២៥ រួមចំណែកជំរុញការរភ្ជាប់ពាណិជ្ជកម្ម និងទេសចរណ៍រវាងវៀតណាមនិងពិភពលោក។ ទន្ទឹមនឹងនោះ មន្ទីរទេសចរណ៍ទីក្រុងហូជីមិញនឹងរៀបចំមហាសន្និបាតជំរុញទេសចរណ៍ទីក្រុងសកលឆ្នាំ ២០២៥ ជាលើកដំបូង។ ព្រឹត្តិការណ៍នេះបង្កើតបរិយាកាសសម្រាប់ទីក្រុងនានាជុំវិញពិភពលោក ពិភាក្សាអំពីយុទ្ធសាស្ត្រ ចែករំលែកបទពិសោធន៍ និងលើកឡើងដំណោះស្រាយសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ឆ្ពោះទៅរកទម្រង់ទេសចរណ៍ដែលមិនប៉ះពាល់ដល់បរិស្ថាន៕
បកប្រែដោយ Huyen Trang