នេះជាលើកដំបូងដែលនាយករដ្ឋមន្ត្រីវៀតណាម បានទៅបំពេញទស្សនកិច្ចនៅអាហ្វ្រិកខាងត្បូង ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ ១៩៩៣។ រីឯចំពោះអាល់ហ្យេរី និងគុយវ៉ែត នេះគឺជាដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាមបន្ទាប់ពីរយៈពេល ១០ ឆ្នាំ និង ១៦ ឆ្នាំ។ ដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីមានអត្ថន័យជាច្រើនលើកម្រិតទ្វេភាគី និងពហុភាគី ដែលជួយពង្រីកលំហសម្រាប់កិច្ចសហប្រតិបត្តិការ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគប្រកបដោយចីរភាពនៅមជ្ឈិមបូព៌ា-អាហ្វ្រិក ផង ព្រមទាំងបញ្ជាក់ពីកិត្យានុភាពអន្តរជាតិនៅ G20 ថែមទៀត។

តភ្ជាប់មជ្ឈិមបូព៌ា-អាហ្វ្រិក ពង្រីកច្រកទ្វារក្នុងវិស័យថាមពល និងហិរញ្ញវត្ថុ

វៀតណាមមានទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការល្អជាមួយគុយវ៉ែត អាល់ហ្សេរី និងអាហ្វ្រិកខាងត្បូង។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងវៀតណាម និងប្រទេសទាំងបីក៏កំពុងស្ថិតនៅលើមាគ៌ានៃការអភិវឌ្ឍដែលមានប្រសិទ្ធភាព និងជាក់ស្តែងកាន់តែខ្លាំងឡើង។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម (រូបថតឧទាហរណ៍៖ vnanet.vn)

អាហ្វ្រិកខាងត្បូងគឺជាខឿនសេដ្ឋកិច្ចធំបំផុតរបស់អាហ្វ្រិក ហើយបច្ចុប្បន្នកំពុងកាន់តំណែងជាប្រធាន G20 ក្នុងឆ្នាំ ២០២៥ និងជាសមាជិកសំខាន់មួយនៃក្រុម BRICS (ក្រុមខឿនសេដ្ឋកិច្ចកំពុងរីកចម្រើន)។ អាល់ហ្សេរីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានទំនាក់ទំនងជ្រាលជ្រៅជាមួយវៀតណាមនៅក្នុងតំបន់អាហ្វ្រិក និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៤-២០២៥។ គុយវ៉ែតក៏កាន់តំណែងជាប្រធានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) នៅឆ្នាំនេះផងដែរ។ វៀតណាម និងប្រទេសទាំងបីនេះកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ខ្លួន។ បណ្តាប្រទេសមជ្ឈិមបូព៌ា និងអាហ្វ្រិកចាត់ទុកវៀតណាមជាគំរូនៃជោគជ័យក្នុងការផ្លាស់ថ្មី និងអភិវឌ្ឍន៍ និងជាសមាជិកសកម្ម និងមានទំនួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ ដែលបង្កើនទំនុកចិត្តនយោបាយ និងការចែករំលែកតម្លៃរួមរវាងវៀតណាម និងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិក។

ដោយឈរលើមូលដ្ឋាននោះ លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បង្កប់សារដ៏សំខាន់មួយអំពីសារៈសំខាន់ដ៏ធំធេងរបស់វៀតណាមក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយដៃគូនៅក្នុងតំបន់ ក៏ដូចជាសន្យាថានឹងបើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការ ដែលជាយុទ្ធសាស្ត្រដ៏ស៊ីជម្រៅ និងជាក់ស្តែងជាងមុន។ លោកស្រី Nguyen Minh Hang គូសបញ្ជាក់ថា "ដំណើរទស្សនកិច្ចនេះគឺជាឱកាសមួយសម្រាប់វៀតណាមជំរុញ និងតភ្ជាប់ទំនាក់ទំនងជាមួយគោលដៅយុទ្ធសាស្ត្រចំនួនបីនៅក្នុងតំបន់។  វាមិនត្រឹមតែលើកកម្ពស់ និងធ្វើឱ្យទំនាក់ទំនងរវាងវៀតណាម និងប្រទេសទាំងបីកាន់តែស៊ីជម្រៅប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើតអនាគតថ្មី និងចក្ខុវិស័យថ្មីរវាងវៀតណាម និងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក ក្នុងស្មារតីនៃការជឿទុកចិត្ត និរន្តរភាព និងរួមគ្នាឆ្ពោះទៅរកអនាគតដ៏រុងរឿង"។

G20 និងសំឡេងរបស់វៀតណាមក្នុងបញ្ហាសកល

នៅលើកម្រិតពហុភាគី នេះជាឆ្នាំទីពីរជាប់ៗគ្នាដែលវៀតណាមត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូលនៃក្រុមសេដ្ឋកិច្ចឈានមុខគេទាំង ២០ នៅលើពិភពលោក។ ការចូលរួមនេះបញ្ជាក់យ៉ាងមុតមាំអំពីកិត្យានុភាព ឋានៈ និងតួនាទីកាន់តែខ្ពស់របស់វៀតណាម ការទទួលស្គាល់ និងការវាយតម្លៃខ្ពស់របស់ដៃគូនានា ជាពិសេសសមាជិក G20 ចំពោះសមិទ្ធផលអភិវឌ្ឍន៍ និងការរួមចំណែកយ៉ាងសំខាន់ និងមានទំនួលខុសត្រូវរបស់វៀតណាម ចំពោះបញ្ហាពិភពលោករួម។

ការចូលរួមក្នុងកិច្ចប្រជុំនេះនឹងក្លាយជាឱកាសមួយសម្រាប់វៀតណាម បន្តបញ្ជាក់ពីគោលនយោបាយការបរទេសឥតងាករេ ជាដៃគូដែលអាចទុកចិត្តបានរបស់សហគមន៍អន្តរជាតិ ហើយបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាសកលលោកក្នុងស្មារតីនៃការគោរព ការយោគយល់គ្នាទៅវិញទៅមក និងចូលរួមចំណែកដល់ការអភិវឌ្ឍរួមរបស់មនុស្សជាតិ។ លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានបញ្ជាក់ថែមទៀតថា “នៅក្នុងកិច្ចប្រជុំកំពូល G20 ក្នុងនាមជាភ្ញៀវរបស់ប្រធាន G20 - អាហ្វ្រិកខាងត្បូង - លោកនាយករដ្ឋមន្ត្រីនឹងចែករំលែកសារគោលនយោបាយដែលផ្តោតលើខ្លឹមសារសំខាន់ៗ ក្នុងបំណងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាជាសកល ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចពិភពលោក កាត់បន្ថយហានិភ័យដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យយុទ្ធសាស្ត្រដូចជា រ៉ែ ថាមពល កែទម្រង់ប្រព័ន្ធពាណិជ្ជកម្មហិរញ្ញវត្ថុ និងវិនិយោគសកល ក្នុងសម័យកាលដែលពិភពលោកក៏កំពុងកសាងបទបញ្ញាតិ ស្តង់ដារ សកលថ្មី”។

តាមរយៈសារ គំនិតផ្តួចផ្តើម និងសំណើជាក់លាក់ទាំងនោះ សហគមន៍អន្តរជាតិនឹងទទួលស្គាល់កាន់តែច្បាស់អំពីប្រទេសវៀតណាម ដែលប្តេជ្ញាចិត្តច្នៃប្រឌិតថ្មី ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍយ៉ាងខ្លាំងក្លា  និងនឹងបន្តជាដៃគូដែលអាចទុកចិត្តបាន កាន់តែសកម្ម វិជ្ជមាន មានទំនួលខុសត្រូវ និងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ពិភពលោកទាំងមូល។

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិក។ ទន្ទឹមនឹងនោះ ការចូលរួម និងស្នើគំនិតផ្តួចផ្តើមនៅក្នុងវេទិកាសកលដូចជា G20 បញ្ជាក់ពីគោលនយោបាយការបរទេសដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការរួមចំណែកដល់ការកសាងសណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិ និងប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ចសកលដែលកាន់តែយុត្តិធម៌ បរិយាប័ន្ន និងប្រកបដោយចីរភាព ដែលឆ្លុះបញ្ចាំងពីសំឡេង និងទស្សនៈរបស់ប្រទេសកំពុងអភិវឌ្ឍន៍។ នេះគឺជាដំណើរមួយដើម្បីបើកឱកាសសហប្រតិបត្តិការយុទ្ធសាស្ត្រថ្មីៗ ខណៈពេលដែលបញ្ជាក់ពីកិត្យានុភាពរបស់វៀតណាមនៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស៕

បកប្រែដោយ Huyen Trang