ទីក្រុងហូជីមិញផ្តោតសំខាន់លើការអភិវឌ្ឍទេសចរណ៍វេជ្ជសាស្រ្ត
កប.អនឡាញ - ដោយមានចក្ខុវិស័យជាយុទ្ធសាស្ត្រ និងការចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន អាជីវកម្មនិងមន្ទីរពេទ្យនោះ ទីក្រុងហូជីមិញ កំពុងក្លាយជាគោលដៅទេសចរណ៍វេជ្ជសាស្រ្តប្រកបដោយគុណភាពខ្ពស់ ដែលរួមចំណែកធ្វើពិពិធកម្មផលិតផលទេសចរណ៍ បង្កើនប្រាក់ចំណូលនិងកិត្យានុភាពអន្តរជាតិ។
ជាមួយនឹងគោលដៅក្លាយជាមជ្ឈមណ្ឌលថែទាំសុខភាពក្នុងតំបន់អាស៊ាននៅឆ្នាំ ២០៣០ ទីក្រុងហូជីមិញកំពុងឆ្លៀតយកឧត្ដមភាពផ្នែកវេជ្ជសាស្រ្តដែលមានស្រាប់ ព្រមទាំងលើកកម្ពស់គុណភាពសេវាកម្មដើម្បីបំពេញតម្រូវការទេសចរណ៍ រួមផ្សំជាមួយការពិនិត្យសុខភាព និងព្យាបាលជំងឺ។
ដោយមានគុណសម្បត្តិនៃប្រព័ន្ធសុខាភិបាលដ៏សំបូរបែប សេវាវេជ្ជសាស្រ្តមានគុណភាពខ្ពស់ តម្លៃសមរម្យ រួមជាមួយនឹងក្រុមវេជ្ជសាស្ដ្រមានជំនាញខ្ពស់ ទីក្រុងហូជីមិញកំពុងអះអាងជាគោលដៅដ៏ទាក់ទាញសម្រាប់ទេសចរណ៍វេជ្ជសាស្រ្តក្នុងតំបន់។ ជារៀងរាល់ឆ្នាំ ទីក្រុងហូជីមិញបានទទួលស្វាគមន៍ភ្ញៀវរាប់ម៉ឺននាក់ មកពិនិត្យសុខភាព និងព្យាបាលជំងឺ ដោយការផ្លាស់ថ្មីយ៉ាងសកម្មនិងបង្កើនសេវាកម្មទេសចរណ៍វេជ្ជសាស្រ្ត។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានបង្ហាញថា ជារៀងរាល់ឆ្នាំ វៀតណាមទទួលស្វាគមន៍ភ្ញៀវបរទេសប្រមាណ ៣០០,០០០ នាក់ មកពិនិត្យសុខភាព និងព្យាបាលជំងឺ ដែលក្នុងនោះជិត ៤០% មកទីក្រុងហូជីមិញ។ តួលេខនេះមិនត្រឹមតែបង្ហាញពីសក្តានុពលសេដ្ឋកិច្ចដ៏ធំធេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីកិត្យានុភាព និងសមត្ថភាពវិជ្ជាជីវៈនៃប្រព័ន្ធសុខាភិបាលរបស់ទីក្រុងទៀតផង។
    |
 |
អ្នកជំងឺបរទេសពិនិត្យសុខភាពនៅមន្ទីរពេទ្យយោធា ១៧៥ |
ជំងឺដែលទីក្រុងហូជីមិញមានប្រៀបខ្លាំងក្នុងការព្យាបាលរួមមាន៖ ការព្យាបាលភាពគ្មានកូន ការពិនិត្យជំងឺមហារីកតាមបច្ចេកវិទ្យាខ្ពស់ ការពិនិត្យទូទៅ ទន្តព្ទ្យវិទ្យា ឱសថបុរាណ ការស្តារនីតិសម្បទា ការវះកាត់កែសម្ផស្ស និងថែទាំសុខភាព។ មន្ទីរពេទ្យពហុព្យាបាល Sai Gon ដែលមានទីតាំងនៅ កណ្តាលខណ្ឌលេខ ១ និងទល់មុខផ្សារ Ben Thanh ត្រូវបានតម្រង់ទិសសម្រាប់ការអភិវឌ្ឍក្នុងវិស័យសង្គ្រោះបន្ទាន់ និងទេសចរណ៍វេជ្ជសាស្រ្ត។
យោងតាមមន្ទីរសុខាភិបាលទីក្រុងហូជីមិញ ឲ្យដឹងថា មន្ទីរពេទ្យពហុព្យាបាល Sai Gon ទទួលបានការពិនិត្យសុខភាពពី ៦០០-៧០០ នាក់ក្នុងមួយថ្ងៃ ដែលក្នុងនោះប្រហែល ១០% ជាភ្ញៀវអន្តរជាតិ។ នៅដើមខែមិថុនាឆ្នាំ ២០២៥ មន្ទីរពេទ្យ Nhan Dan Gia Dinh បានបើកគ្លីនិកផ្កាយរណបនៅមន្ទីរពេទ្យពហុព្យាបាល Sai Gon ផ្តល់សេវាឯកទេសក្នុងវិស័យរំសាយអាហារ ផ្លូវដង្ហើម ជំងឺបេះដូង... ដោយវេជ្ជបណ្ឌិតនាំមុខ។
ចាប់ផ្តើមផ្តល់កញ្ចប់ទេសចរណ៍វេជ្ជសាស្រ្តតាំងពីឆ្នាំ ២០២០មក មន្ទីរពេទ្យសើស្បែកទីក្រុងហូជីមិញកំពុងផ្ដល់កញ្ចប់សេវាកម្មថែទាំស្បែកកម្រិតខ្ពស់ចំនួនពីរ ដោយរួមបញ្ចូលគ្នានូវការពិនិត្យ ការពិគ្រោះយោបល់និងការថែទាំស្បែក។ កញ្ចប់នីមួយៗរួមមានការពិនិត្យស៊ីជម្រៅ ការព្យាបាលដោយឡាស៊ែរជំនាន់ថ្មី និងការសម្រាកនៅសណ្ឋាគារលំដាប់ផ្កាយ ៤ ដល់ ៥។ ដោយមានតម្លៃសមរម្យបើប្រៀបធៀបទៅនឹងតំបន់ និងក្រុមវេជ្ជបណ្ឌិតដែលមានវិញ្ញាបនបត្រអន្តរជាតិ មន្ទីរពេទ្យនេះបានទទួលការគាំទ្រយ៉ាងរហ័សពីភ្ញៀវទេសចរអឺរ៉ុប និងអាស៊ីអាគ្នេយ៍។
ដើម្បីបង្កើនប្រសិទ្ធភាព មន្ទីរសុខាភិបាលទីក្រុងហូជីមិញបានស្នើបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍ទេសចរណ៍វេជ្ជសាស្រ្ដ ដើម្បីទទួលនិងសំរបសំរួលកាលវិភាគពិនិត្យ ព្រមទាំងលើកទឹកចិត្តគ្រឹះស្ថានសុខាភិបាលអនុវត្តវិញ្ញាបនប័ត្រអន្តរជាតិ (JCI, ISO) ដើម្បីឱ្យធានារ៉ាប់រងសកលទទួលស្គាល់គុណភាពបានយ៉ាងងាយស្រួល ទន្ទឹមនឹងនោះ អនុវត្តកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សឯកទេសពីរភាសា សម្របសម្រួលជាមួយសាលាវេជ្ជសាស្ត្រ និងមជ្ឈមណ្ឌលភាសាបរទេស ដើម្បីបំពេញតម្រូវការទំនាក់ទំនងរបស់អ្នកជំងឺបរទេស។ ហើយចុងក្រោយ ភ្ជាប់ដំណើរទេសចរណ៍ រួមបញ្ចូលគ្នានូវការពិនិត្យសុខភាពជាមួយនឹងការទស្សនាវប្បធម៌ ការទិញឥវ៉ាន់ និងសកម្មភាពម្ហូបអាហារ។
អ្នកជំនាញទាំងឡាយក៏បាននិយាយដែរថា មន្ទីរពេទ្យត្រូវផ្តល់កញ្ចប់ផលិតផលទេសចរណ៍វេជ្ជសាស្រ្ដដែលស្របទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ។ ទន្ទឹមនឹងនេះ ផ្តោតលើការផ្សព្វផ្សាយនិងការណែនាំដល់ភ្ញៀវអន្តរជាតិ។ ឧស្សាហកម្មទេសចរណ៍ទីក្រុងហូជីមិញត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីភ្ជាប់គ្រឹះស្ថានសុខាភិបាលជាមួយនឹងប្រព័ន្ធស្នាក់នៅ និងសណ្ឋាគារស្តង់ដារដើម្បីបម្រើភ្ញៀវទេសចរ។ ទីក្រុងគួរតែបង្កើនការផ្សព្វផ្សាយទៅកាន់ទីផ្សារដែលមានសក្តានុពលដូចជា អូស្ត្រាលី អាមេរិក អាស៊ី និងបណ្តាប្រទេសក្នុងតំបន់ ដើម្បីផ្សព្វផ្សាយផលិតផលទេសចរណ៍វេជ្ជសាស្រ្ត៕
បកប្រែដោយ Pham Diep