វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយកូរ៉េខាងជើង
កប.អនឡាញ - នាល្ងាចថ្ងៃទី ២ ខែតុលា ស្ថានទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងហាណូយបានរៀបចំពិធីលៀងសាយភោជន៍ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតបក្សពលករកូរ៉េខាងជើង (ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៤៥ / ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥)។
ពិធីលៀងសាយភោជន៍មានការចូលរួមពីលោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Le Quang Minh អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម។ល។
    |
 |
លោក Do Van Chien ជាមួយប្រតិភូនៅក្នុងពិធី |
មានប្រសាសន៍ក្នុងពិធី លោក Ri Sung Guk ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅវៀតណាម បានរំលឹកឡើងវិញនូវដំណើរការ ៨០ ឆ្នាំនៃការកសាង និងអភិវឌ្ឍន៍របស់បក្សពលករកូរ៉េខាងត្បូង។ លោក Ri Sung Guk បានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ លោក Ri Sung Guk ឯកអគ្គរដ្ឋទូត បានអះអាងថា កូរ៉េខាងជើងនឹងបន្តខិតខំប្រឹងប្រែងជាមួយវៀតណាម ដើម្បីនាំទំនាក់ទំនងទ្វេភាគីឱ្យមានការវិវឌ្ឍថ្មី។
រីឯលោក Nguyen Minh Vu អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានអបអរសាទរយ៉ាងកក់ក្តៅចំពោះការរំលឹកខួបលើកទី ៨០ នៃការបង្កើតបក្សពលករកូរ៉េខាងជើង។ លោក Nguyen Minh Vu អនុរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ឆ្នាំនេះ វៀតណាម និងកូរ៉េខាងជើងកំពុងអនុវត្តយ៉ាងសកម្មនូវសកម្មភាពអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោក Nguyen Minh Vu អនុរដ្ឋមន្ត្រី បានអះអាងថា បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងជានិច្ច និងមានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយកូរ៉េខាងជើង ស្របតាមផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក៕
បកប្រែដោយ Huyen Trang