ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតបានអបអរសាទរចំពោះសមិទ្ធផលរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគក្នុងរយៈពេលថ្មីៗនេះ។ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២៥ CDC បានអនុម័តគម្រោងចំនួន ៤៩១ ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៧.២ ពាន់លានដុល្លារអាមេរិក កើនឡើង ៥០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ និងខ្ពស់ជាងឆ្នាំ ២០២៤ ទាំងមូល (៦.៩ ពាន់លានដុល្លារ)។

លទ្ធផលនេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា CDC និងឧបនាយករដ្ឋមន្ត្រីផ្ទាល់ក្នុងការកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច ពន្លឿនការជំរុញការវិនិយោគ និងគាំទ្រការលុបបំបាត់ការលំបាក និងឧបសគ្គជូនសហគ្រាស និងអ្នកវិនិយោគវៀតណាមនាពេលថ្មីៗនេះ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាគោលដៅវិនិយោគក្រៅប្រទេសដំបូងបង្អស់របស់វៀតណាម។ មកទល់នឹងពេលនេះ វៀតណាមមានគម្រោងវិនិយោគជាង ២០០ នៅកម្ពុជា ដែលមានដើមទុនចុះបញ្ជីសរុបជិត ៣ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ ១២% នៃទុនវិនិយោគក្រៅប្រទេសសរុបរបស់វៀតណាម ក្នុងនោះប្រមាណ ៧៥% ជាវិស័យកសិកម្ម។

កាលពីខែមេសាកន្លងមក ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានរៀបចំកិច្ចសន្ទនាជាមួយសហគ្រាសវៀតណាម ដោយបានទាក់ទាញគណៈប្រតិភូធុរកិច្ចជាង ១៥០ បានអញ្ជើញចូលរួម។ យ៉ាងណាក៏ដោយ បើតាមលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមានគម្រោងវិនិយោគធំៗពិតប្រាកដណាមួយរបស់សហគ្រាសវៀតណាមនៅកម្ពុជាទេ។

ដូច្នេះ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា ភាគីទាំងពីរនឹងយកចិត្តទុកដាក់បន្ថែមទៀតលើការជំរុញ និងទាក់ទាញការវិនិយោគ ជំរុញការរៀបចំវេទិកាសន្ទនារវាងសហគ្រាសវៀតណាម និង CDC ដើម្បីគាំទ្រសហគ្រាសក្នុងការសិក្សាអំពីគោលនយោបាយទាក់ទាញលើកទឹកចិត្តវិនិយោគរបស់កម្ពុជា និងលុបបំបាត់ការលំបាក និងឧបសគ្គ។

ក្នុងជំនួបនេះផងដែរ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានជម្រាបជូនអំពីគោលនយោបាយបង្រួមក្បាលម៉ាស៊ីនដឹកនាំនៅវៀតណាម រួមទាំងការច្របាច់បញ្ចូលគ្នារវាងក្រសួងផែនការ និងវិនិយោគជាមួយក្រសួងហិរញ្ញវត្ថុទៅជាក្រសួងហិរញ្ញវត្ថុផងដែរ។ ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លោកឯកអគ្គរដ្ឋទូតបានស្នើឱ្យភាគីទាំងពីរបន្តរក្សា និងរៀបចំការសន្ទនាប្រចាំឆ្នាំ ស្របតាមខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងផែនការ និងវិនិយោគវៀតណាម និង CDC ដែលបានចុះហត្ថលេខា។

ថ្លែងក្នុងជំនួបនោះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា កម្ពុជាតែងតែខិតខំកែលម្អបរិយាកាសវិនិយោគ បង្កើតលក្ខខណ្ឌអំណោយផល ដើម្បីទាក់ទាញប្រភពទុនអន្តរជាតិ ទោះបីជានៅមានការលំបាក និងបញ្ហាប្រឈមដែលនៅសេសសល់ក៏ដោយ។

លោក ស៊ុន ចាន់ថុល សង្ឃឹមថា វៀតណាម និងកម្ពុជានឹងឯកភាពគ្នាលើផែនការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាមួយផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ នាពេលឆាប់ៗនេះ ហើយសង្ឃឹមថា ភាគីទាំងពីរនឹងបន្តជួយសម្រួលមធ្យោបាយ និងប្រជាជននៃប្រទេសទាំងពីរឆ្លងកាត់ព្រំដែន រួមចំណែកជំរុញពាណិជ្ជកម្ម វិនិយោគ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ព្រំដែន ដើម្បីផលប្រយោជន៍រួម និងចំណងមិត្តភាពប្រពៃណីរវាងប្រជាជនទាំងពីរ៕

បកប្រែដោយ Duy Hoan