ពង្រីកនិងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងវៀតណាម-អាល្លឺម៉ង់
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសអាល្លឺម៉ង់ និងចូលរួមសន្និសីទសហភាពហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុង Frankfurt លោក Nguyen Hoa Binh សមាជិកការិយាល័យនយោបាយ និងឧបនាយករដ្ឋមន្ត្រីវៀតណាម បានជួបធ្វើការជាមួយលោក Bodo Rammelow អនុប្រធានសភាអាល្លឺម៉ង់ លោកស្រី Katharina Reiche រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Alexander Schweitzer អនុប្រធានគណបក្សសង្គមប្រជាធិបតេយ្យ (SPD) និងជាអភិបាលរដ្ឋ Rheinland-Pfalz និងអ្នកជំនាញការ សហគ្រិន អ្នកប្រាជ្ញនៅអាល្លឺម៉ង់ ជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់។
ក្នុងជំនួបនេះ លោក Nguyen Hoa Binh និងភាគីអាល្លឺម៉ង់បានជូនដំណឹងអំពីស្ថានភាពនៅក្នុងប្រទេសនីមួយៗ អំពីទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងអន្តរសភា ព្រមទាំងទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សសង្គមប្រជាធិបតេយ្យអាល្លឺម៉ង់ (SPD) ចែករំលែកការលំបាកក្នុងការប្រឈមមុខនឹងការវិវឌ្ឍន៍នៅលើពិភពលោក។ ភាគីទាំងពីរបានឯកភាពលើទិសដៅសំខាន់ៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-អាល្លឺម៉ង់នាពេលខាងមុខ។
    |
 |
លោក Nguyen Hoa Binh ជួបជាមួយលោក Bodo Ramelow (រូបថត៖ baochinhphu.vn) |
នៅក្នុងកិច្ចប្រជុំ ភាគីអាល្លឺម៉ង់អះអាងថា ប្រទេសអាល្លឺម៉ង់យកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រសំខាន់នៅអាស៊ីអាគ្នេយ៍។ ប្រទេសអាល្លឺម៉ង់ សង្ឃឹមថាប្រទេសទាំងពីរនឹងទាញយកផលប្រយោជន៍ពីប្រៀបខ្លាំងរបស់ខ្លួនដើម្បីពង្រីកទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ និងទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ដើម្បីជម្រុញឲ្យទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់កម្រិតខ្ពស់នាពេលខាងមុខ។
លោក Nguyen Hoa Binh បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការពហុភាគីជាមួយអាល្លឺម៉ង់ ហើយវាយតម្លៃថា ភាគីទាំងពីរនៅតែមានសក្តានុភាពជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ខិតខំជម្រុញទំហំពាណិជ្ជកម្មទ្វេភាគីនាពេលខាងមុខ។
ភាគីទាំងពីរបានឯកភាពផ្តល់អាទិភាពលើការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលវៀតណាមមានតម្រូវការ ហើយអាល្លឺម៉ង់មានប្រៀបខ្លាំង ដូចជាថាមពលកកើតឡើងវិញ អ៊ីដ្រូសែនបៃតង ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល...៕
បកប្រែដោយ Thanh Cong