លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

នៅក្នុងជំនួប លោក Luong Cuong ប្រធានរដ្ឋ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក Esteban Lazo Hernández ប្រធានរដ្ឋសភានៅវៀតណាម ព្រមទាំងជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ វៀតណាម-គុយបា។

leftcenterrightdel
លោក Esteban Lazo Hernández ប្រធានរដ្ឋសភាគុយបា ជួបសវនាការជាមួយលោក Luong Cuong ប្រធានរដ្ឋវៀតណាម

លោក Luong Cuong ប្រធានរដ្ឋ បានអះអាងនូវការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំវៀតណាមធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ប្រសិទ្ធភាពថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការជាមួយគុយបាលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ បង្កើនប្រៀបខ្លាំងរបស់ភាគីទាំងពីរដើម្បីសក្តិសមនឹងទំនាក់ទំនងពិសេស វៀតណាម-គុយបា ក្នុងបរិបទដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី២ ខែធ្នូ  ឆ្នាំ១៩៦០ / ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២៥)។

លោក Esteban Lazo Hernández បានសម្តែងនូវការរំជួលចិត្តចំពោះមនោសញ្ចេតនាដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមជូនចំពោះប្រជាជនគុយបាតាមរយៈកម្មវិធីគាំទ្រប្រជាជនគុយបា “៦៥ឆ្នាំនៃចំណងមិត្តភាពវៀតណាម-គុយបា” ដោយចាត់ទុកថានេះជាការបង្ហាញយ៉ាងរស់រវើកនៃប្រពៃណីសាមគ្គីភាព មិត្តភាព ភាពបរិសុទ្ធ និងភក្តីភាពរវាងប្រទេសទាំងពីរ។ លោក Esteban Lazo Hernández ប្រធានរដ្ឋសភា បានអះអាងថា គុយបាតែងតែចងចាំ និងវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាព ការរួមដំណើរ ការគាំទ្រដោយស្មោះស្ម័គ្រ និងជំនួយជាក់ស្តែង ដែលបក្ស រដ្ឋ រដ្ឋសភា និងប្រជាជនវៀតណាម ផ្តល់ជូនគុយបាក្នុងរយៈពេលកន្លងមក។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការគោរពចំពោះទំនាក់ទំនងគំរូវៀតណាម-គុយបាដែលត្រូវបានបង្កើតឡើងដោយលោកប្រធានហូជីមិញ និងអគ្គមគ្គុទេស Fidel Castro Ruz និងត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំជាច្រើនជំនាន់ និងប្រជាជននៃប្រទេសទាំងពីរ។

លោក Luong Cuong ប្រធានរដ្ឋ បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍនៃទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ព្រមទាំងសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយគុយបា ជាពិសេសលើវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា រួមចំណែកដល់ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសទាំងពីរក្នុងដំណាក់កាលបច្ចុប្បន្ន ជាពិសេសចែករំលែកបទពិសោធន៍ និងមេរៀនដែលវៀតណាមទទួលបានក្នុងរយៈពេលជិត ៤០ ឆ្នាំនៃការអនុវត្តគោលនយោបាយផ្លាស់ថ្មី និងសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។

លោក Esteban Lazo Hernández ប្រធានរដ្ឋសភា បានអះអាងថា រដ្ឋសភាគុយបានឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាវៀតណាម ក្នុងការបង្កើនដំណើរទស្សនកិច្ច និងការជួបជុំថ្នាក់ជាន់ខ្ពស់ ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា និងរវាងក្រុមសមាជិកសភាមិត្តភាពទាំងពីរ អនុវត្តលទ្ធផលនៃសម័យប្រជុំលើកទី ២ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភាវៀតណាម-គុយបា; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមដែលកំពុងប្រតិបត្តិការនៅប្រទេសគុយបា; ជំរុញការឃោសនាក្នុងចំណោមប្រជាជន និងអប់រំយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរឱ្យបន្តប្រពៃណីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋសភាគុយបាបានអះអាងថា គុយបាមានបំណងចង់ពិគ្រោះ និងរៀនសូត្រពីបទពិសោធន៍របស់វៀតណាមក្នុងការផ្លាស់ថ្មី និងអភិវឌ្ឍន៍ ដែលជាគំរូសម្រាប់គុយបា និងពិភពលោក ដើម្បីឲ្យគុយបាអាចជំនះការលំបាកនាពេលបច្ចុប្បន្ន និងសម្រេចបានសមិទ្ធិផលដូចដែលវៀតណាមសម្រេចបាន។

ពង្រឹងការផ្លាស់ប្តូរបទពិសោធន៍រវាងរដ្ឋសភាទាំងពីរ

នាថ្ងៃដដែល នៅអគាររដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច និងជួបសន្ទនាជាមួយលោក Esteban Lazo Hernández ប្រធានរដ្ឋសភាគុយបា។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Esteban Lazo Hernández ប្រធានរដ្ឋសភាគុយបា

ថ្នាក់ដឹកនាំទាំងពីរបានពិនិត្យលើរបៀបវារៈទ្វេភាគី និងឯកភាពលើវិធានការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងរដ្ឋសភាទាំងពីរនិយាយដោយឡែក ក្នុងស្មារតី “រួមដំណើរ សហប្រតិបត្តិការ និងអភិវឌ្ឍនជាមួយគ្នា”។ ភាគីទាំងពីរបានឯកភាពវាយតម្លៃចំពោះការអភិវឌ្ឍដ៏រស់រវើក និងជាក់ស្តែងនៃទំនាក់ទំនងមិត្តភាពពិសេស វៀតណាម-គុយបា ក្នុងរយៈពេលកន្លងមក ក្នុងបរិបទស្ថានភាពពិភពលោកវិវឌ្ឍដ៏ស្មុគស្មាញ ដែលបង្ហាញពីទំនាក់ទំនងគំរូរវាងប្រទេសទាំងពីរក្នុងទំនាក់ទំនងអន្តរជាតិ។

ភាគីទាំងពីរបានឯកភាពបន្តគាំទ្រការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់នាពេលខាងមុខ រក្សាយន្តការសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋាភិបាលទាំងពីរ រដ្ឋសភាទាំងពីរ និងយន្តការនយោបាយ-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការពារជាតិទ្វេភាគី។ ភាគីទាំងពីរក៏បានឯកភាពបន្តសម្របសម្រួលជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយច្បាប់ ដើម្បីគាំទ្រអង្គភាពអាជីវកម្ម បង្កើនការវិនិយោគលើវិស័យសមស្របទៅនឹងតម្រូវការ លក្ខខណ្ឌ និងសមត្ថភាពរបស់ប្រទេសនីមួយៗ; បង្កើតលក្ខខណ្ឌ និងត្រួតពិនិត្យការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងសហប្រតិបត្តិការសំខាន់ៗដែលបានព្រមព្រៀងគ្នា។ល។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្ដូរបទពិសោធន៍រវាងប្រទេសទាំងពីរ និងរដ្ឋសភាទាំងពីរស្ដីពីការកសាងច្បាប់ អនុវត្តសេចក្តីសម្រេចសំខាន់ៗរបស់បក្សក្នុងយុគសម័យថ្មី រៀបចំ ប្រកបដោយប្រសិទ្ធភាពនូវមហាសន្និបាតបក្សរបស់វៀតណាម និងគុយបាឆ្នាំ ២០២៦; ចែករំលែកបទពិសោធន៍ ជំរុញការអភិវឌ្ឍរបស់អង្គភាពអាជីវកម្ម ទាក់ទាញការវិនិយោគបរទេស ការគ្រប់គ្រងហិរញ្ញវត្ថុ អភិវឌ្ឍន៍ផលិតកម្មកសិកម្ម អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល និងវិស័យផ្សេងទៀតដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា រួមចំណែកក្នុងការពង្រឹង ធ្វើពិពិធកម្ម និងលើកកំពស់ប្រសិទ្ធភាពនៃទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-គុយបា។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបង្កើតលក្ខខណ្ឌ និងលើកទឹកចិត្តអង្គការប្រជាជន និងមូលដ្ឋានរក្សាទំនាក់ទំនងទៀងទាត់ សម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្តរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជំរុញវិធីសាស្រ្តសហប្រតិបត្តិការថ្មី ផ្តោតលើប្រសិទ្ធភាពជាក់ស្តែង ទន្ទឹមនឹងនោះបន្តផ្សព្វផ្សាយ និងអប់រំយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរអំពីទំនៀមទម្លាប់នៃទំនាក់ទំនងវៀតណាម-គុយបា។

ប្រធានរដ្ឋសភានៃប្រទេសទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងឯកភាពបន្តការពិគ្រោះយោបល់ សម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី ដែលរដ្ឋសភានៃប្រទេសទាំងពីរជាសមាជិក ជាពិសេសនៅមហាសន្និបាតសហភាពអន្តរសភា។

* នាល្ងាចថ្ងៃដដែល លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជាអធិបតីនៃពិធីលៀងសាយភោជន៍ ស្វាគមន៍លោក Esteban Lazo Hernandez ប្រធានរដ្ឋសភាគុយបា និងគណៈប្រតិភូគុយបា ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម៕

បកប្រែដោយ Huyen Trang