ថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមផ្ញើសារអបអរសាទរខួបលើកទី ៧៦ នៃទិវាបុណ្យឯករាជ្យជាតិនៃប្រទេសចិន
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (ថ្ងៃទី ១ ខែតុលា ឆ្នាំ១៩៤៩ / ថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៥) លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោក Luong Cuong ប្រធានរដ្ឋវៀតណាម បានផ្ញើសារអបអរសាទរជូនចំពោះលោក Xi Jinping អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិន។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Tran Thanh Man ប្រធានរដ្ឋសភា បានផ្ញើសារអបអរសាទរជូនចំពោះលោក Li Qiang នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។
    |
 |
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោក Xi Jinping អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន (រូបថត៖ vnanet.vn) |
ក្នុងសារអបអរសាទរ ថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋវៀតណាមបានសម្តែងនូវការកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗដែលបក្ស រដ្ឋ និងប្រជាជនចិនសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកំណែទម្រង់ក្នុងរយៈពេល ៧៦ ឆ្នាំកន្លងមក។ វៀតណាមជឿជាក់ថា ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលលោក Xi Jinping ជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិន ប្រទេសចិននឹងបញ្ចប់ដោយជោគជ័យនូវគោលដៅ និងភារកិច្ចអភិវឌ្ឍជាយុទ្ធសាស្ត្រទាំងអស់ ដែលបានកំណត់ដោយមហាសន្និបាតលើកទី២០ នៃបក្សកុម្មុយនិស្តចិន កសាងប្រទេសចិនក្លាយទៅជាប្រទេសសង្គមនិយមទំនើប វិបុលភាព ប្រជាធិបតេយ្យ អរិយធម៌ សុខដុមរមនា និងស្រស់ស្អាត និងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយវិបុលភាពក្នុងតំបន់ និងពិភពលោក។
ដោយសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមចាត់ទុកការពង្រឹង និងពង្រីកទំនាក់ទំនងស្ថិរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយចិនជាជម្រើសយុទ្ធសាស្ត្រ ជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការធ្វើពហុភាគីភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនងការបរទេស ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមបានអះអាងនូវការត្រៀមខ្លួនជាស្រេចដើម្បីរក្សាការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ បង្កើនការតំរង់ទិសជាយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងទ្វេភាគីតាមទស្សនៈរួមជាន់ខ្ពស់ ជំរុញនិងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ លើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ បន្តជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ចែករំលេកអនាគតវៀតណាម-ចិន ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រអភិវឌ្ឍដោយឥតឈប់ឈរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើពិភពលោក។
*ក្នុងឱកាសនេះដែរ លោក Le Hoai Trung លេខាមជ្ឈិមបក្ស រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេសវៀតណាម បានផ្ញើសារអបអរសាទរចំពោះលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន៕
បកប្រែដោយ Thuy Anh