វៀតណាមជាទិសដៅអាទិភាពក្នុងកិច្ចការបរទេសរបស់ទីក្រុង Saint Petersburg
កប.អនឡាញ - នារសៀលថ្ងៃទី ១ ខែតុលា នៅទីក្រុងហាណូយ លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានជួបជាមួយគណៈប្រតិភូសហព័ន្ធរុស្ស៊ី (សហព័ន្ធ) ដឹកនាំដោយលោក Evgeny Grigoriev ប្រធានគណៈទាក់ទងបរទេសនៃទីក្រុង St. Petersburg ក្នុងឱកាសបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីចូលរួមវេទិកាប្រជាជនវៀតណាម - រុស្សីលើកទី១។
លោក Evgeny Grigoriev បានឲ្យដឹងថា បច្ចុប្បន្នវៀតណាមគឺជាទិសដៅអាទិភាពក្នុងកិច្ចការបរទេសរបស់ Saint Petersburg ហើយសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការប្រកបដោយទំនុកចិត្ត និងស្មោះត្រង់ជាមួយសហភាពអង្គការមិត្តភាពវៀតណាម (VUFO)។ លោកអះអាងថា វេទិកាប្រជាជនវៀតណាម - រុស្ស៊ីលើកទីមួយគឺជាសកម្មភាពដ៏មានអត្ថន័យ រួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីក្នុងស្មារតីជឿទុកចិត្តគ្នាទៅវិញទៅមក។
    |
 |
លោក Do Van Chien និងប្រតិភូចូលរួមជំនួប |
លោក Do Van Chien អះអាងថា នាពេលកន្លងមក ទំនាក់ទំនងរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីនិយាយរួម និងជាមួយទីក្រុង Saint Petersburg និយាយដោយឡែក បានអភិវឌ្ឍល្អ ហើយសម្តែងនូវការជឿជាក់ថា ដោយផ្អែកលើសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក ទំនាក់ទំនងរវាងប្រទេសទាំងពីរ រវាងប្រជាជនវៀតណាម និងប្រជាជនសហព័ន្ធរុស្ស៊ីនឹងបន្តអភិវឌ្ឍបន្ថែមទៀតនាពេលខាងមុខ។
* នាថ្ងៃដដែល នៅទីក្រុងហាណូយ វេទិកាប្រជាជនវៀតណាម-រុស្ស៊ីលើកទីមួយបានបិទបញ្ចប់ជាផ្លូវការបន្ទាប់ពីរយៈពេលពីរថ្ងៃធ្វើការយ៉ាងសកម្ម។ វេទិកានេះត្រូវបានរៀបចំឡើងដោយសហភាពអង្គការមិត្តភាពវៀតណាម (VUFO) គណៈទាក់ទងបរទេសនៃទីក្រុង St. Petersburg សមាគមមិត្តភាពវៀតណាម-រុស្ស៊ី សមាគមមិត្តភាពរុស្ស៊ី-វៀតណាម និងមូលនិធិជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរុស្ស៊ី-វៀតណាម “ប្រពៃណី និងមិត្តភាព”។ ក្នុងពិធីបិទ លោក Phan Anh Son ប្រធាន VUFO បានឲ្យដឹងថា វេទិកាប្រជាជនវៀតណាម-រុស្ស៊ីលើកទីមួយបានបញ្ចប់ដោយជោគជ័យ។ លទ្ធផលនៃវេទិកានេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីឲ្យកាន់តែស៊ីជម្រៅ ក៏ដូចជាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីក្នុងដំណាក់កាលថ្មី។ វេទិកានេះត្រូវបានគេវាយតម្លៃថាមានកម្មវិធីសម្បូរបែប ដោយលើកឡើងដំណោះស្រាយ សំណើ និងអនុសាសន៍ក្នុងវិស័យសំខាន់ៗដូចជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វេជ្ជសាស្រ្ដ សេដ្ឋកិច្ច ពាណិជ្ជកម្ម ច្បាប់ និងទេសចរណ៍ វប្បធម៌ អប់រំ សិល្បៈ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាននៃប្រទេសទាំងពីរ៕
បកប្រែដោយ Thanh Cong