វៀតណាមអំពាវនាវសហគមន៍អន្តរជាតិចាត់វិធានការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង
កប.អនឡាញ - មហាសន្និបាតអង្គការសហប្រជាជាតិ បានបើកកិច្ចពិភាក្សាពេញអង្គកម្រិតខ្ពស់ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង។
ព្រឹត្តិការណ៍នេះក្រោមអធិបតីភាពលោកស្រី Annalena Baerbock ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី៨០។ សម័យប្រជុំមានការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាពីតំណាងប្រទេសជាសមាជិកជាច្រើន។
ថ្លែងសុន្ទរកថាក្នុងពិធីបើកសម័យប្រជុំ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានថា ពិភពលោកកំពុងឈានចូលដល់ការប្រណាំងអាវុធនុយក្លេអ៊ែរថ្មីមួយ ដែលក្នុងនោះហានិភ័យពីអាវុធថ្មី ការធ្លាក់ចុះនៃការជឿទុកចិត្តលើបទដ្ឋានសកលស្តីពីការហាមប្រើអាវុធនុយក្លេអ៊ែរ និងសកម្មភាពគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរគឺស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ លោកអគ្គលេខាធិការ Guterres បានបញ្ជាក់ថា ការរំសាយអាវុធគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព ហើយមិនអាចរង់ចាំ "លក្ខខណ្ឌ" សមស្របបានទេ។
    |
 |
លោកឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិមានប្រសាសន៍នៅក្នុងសម័យប្រជុំពិភាក្សា (រូបថត៖ vnanet.vn) |
មានប្រសាន៍ក្នុងសម័យប្រជុំ លោកឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងជាសាកលលើការរំសាយអាវុធ ទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ និងធានាសិទ្ធិរបស់ប្រទេសទាំងអស់ក្នុងការអភិវឌ្ឍ និងប្រើប្រាស់ថាមពលនុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាព។ ក្នុងនាមជាសមាជិកនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) សន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) និងសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) វៀតណាមតែងតែប្រកាន់ខ្ជាប់នូវតម្រូវការក្នុងការអនុលោមតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
ក្នុងនាមជាប្រធានកិច្ចប្រជុំត្រួតពិនិត្យ NPT ឆ្នាំ២០២៦ លោកឯកអគ្គរដ្ឋទូត Do Hung Viet បានអំពាវនាវឱ្យប្រទេសនានាសហការបង្កើនដំណោះស្រាយរំសាយអាវុធសកល ប្រយុទ្ធប្រឆាំងការសាយភាយ ដោយបង្ហាញពីទំនួលខុសត្រូវ និងការប្តេជ្ញាចិត្តនយោបាយខ្ពស់បំផុត រួមចំណែកកាត់បន្ថយ និងឆ្ពោះទៅរកការលុបបំបាត់អាវុធប្រល័យលោកប្រភេទនេះទាំងស្រុង៕
បកប្រែដោយ Duy Hoan