មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងវៀតណាម-គុយបា

ក្នុងជំនួប លោក To Lam អគ្គលេខាបក្ស បានស្វាគមន៍ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Esteban Lazo Hernández ប្រធានរដ្ឋសភា  ក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៦៥ នៃទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៦០ / ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២៥) ឆ្នាំមិត្តភាពវៀតណាម - គុយបា ដោយបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ រដ្ឋសភា ប្រជាជនគុយបា និងលោក Esteban Lazo Hernández ប្រធានរដ្ឋសភាផ្ទាល់ចំពោះទំនាក់ទំនងសាមគ្គីភាពជាប្រពៃណី មិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តស្មាកៀកស្មាជាមួយគុយបា ដើម្បីរឹតបន្តឹងទំនាក់ទំនងជាបងប្អូនគំរូ សាមគ្គីភាព និងភាពស្មោះត្រង់រវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោក Esteban Lazo Hernández ប្រធានរដ្ឋសភា

លោក Esteban Lazo Hernández ប្រធានរដ្ឋសភា បានអះអាងថា គុយបាផ្តោតទៅលើការផ្ដល់យោបល់ និងការរៀនពីបទពិសោធន៍ជាក់ស្តែងរបស់វៀតណាមក្នុងការផ្លាស់ប្ដូរថ្មី និងការកសាងសង្គមនិយម ជាពិសេសក្នុងការត្រៀមរៀបចំមហាសន្និបាតលើកទី៩ នៃបក្សកុម្មុយនិស្តគុយបា ឆ្នាំ២០២៦។

លោកប្រធានរដ្ឋសភាគុយបាបានជម្រាបជូនលោក To Lam អគ្គលេខាបក្ស អំពីលទ្ធផលល្អនៃកិច្ចពិភាក្សា និងសម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា វៀតណាម-គុយបា។ លោក Esteban Lazo Hernández ប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះការជួយគាំទ្រដែលវៀតណាមផ្ដល់ដល់គុយបាក្នុងដំណាក់កាលដ៏លំបាកនាពេលបច្ចុប្បន្ន។ លោកបានអះអាងថា បក្ស រដ្ឋ និងរដ្ឋសភាគុយបាតែងតែយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចវៀតណាមធ្វើអាជីវកម្ម និងវិនិយោគនៅគុយបា។

លោក To Lam អគ្គលេខាបក្ស បានចែករំលែកបទពិសោធន៍មួយចំនួនរបស់វៀតណាមក្នុងដំណើរការការពារ និងកសាងប្រទេស កសាងសង្គមនិយម ផ្លាស់ថ្មី និងអភិវឌ្ឍន៍ ក៏ដូចជាទិសដៅ និងគោលនយោបាយយុទ្ធសាស្ត្រនាពេលខាងមុខ។ លោកអគ្គលេខាបក្សបានវាយតម្លៃខ្ពស់ចំពោះសំណើរបស់លោកប្រធានរដ្ឋសភាគុយបាក្នុងការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន មូលដ្ឋាន និងអង្គការនយោបាយសង្គមនៃប្រទេសទាំងពីរ ក៏ដូចជាកម្មវិធីអប់រំ ផ្សព្វផ្សាយដែលទាក់ទងនឹងការលើកកម្ពស់ការយល់ដឹងនៃប្រជាជន និងជំនាន់វ័យក្មេងនៃប្រទេសទាំងពីរអំពីទំនាក់ទំនងពិសេសរវាងវៀតណាម និងគុយបា។

លើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

នារសៀលថ្ងៃទី ១ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល លោក Esteban Lazo Hernández ប្រធានរដ្ឋសភា បានជួបសន្ទនាជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រី។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅគុយបា និងចែករំលែកការលំបាក និងបញ្ហាប្រឈមដែលគុយបាកំពុងជួបប្រទះ។ លោកជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តគុយបា ប្រទេសគុយបានឹងបន្តការពារយ៉ាងរឹងមាំនូវសមិទ្ធិផលនៃបដិវត្តន៍ និងទទួលបានជ័យជំនះថ្មីៗក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ។

លោក Esteban Lazo Hernández ប្រធានរដ្ឋសភា បានអះអាងថា គុយបាតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពពិសេសជាមួយវៀតណាម។ លោកបានថ្លែងអំណរគុណចំពោះចំណងសាមគ្គីភាព ការគាំទ្រ និងជំនួយដោយទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមផ្តល់ឲ្យគុយបា ជាពិសេសក្នុងការជួយឧបត្ថម្ភសន្តិសុខស្បៀងអាហារ និងការអភិវឌ្ឍផលិតកម្មស្បៀងអាហារនៅគុយបា។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តសហការក្នុងការអនុវត្តសកម្មភាពអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត ឆ្នាំមិត្តភាពវៀតណាម-គុយបា បង្កើតលក្ខខណ្ឌអំណោយផល និងលើកទឹកចិត្តដល់ការបង្កើនការចូលរួមរបស់អង្គការ និងធុរកិច្ចនៃប្រទេសទាំងពីរក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ។ ភាគីទាំងពីរឯកភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ជាពិសេសលើវិស័យសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដែលបានព្រមព្រៀងដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

កិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភាវៀតណាម-គុយបា

នាព្រឹកថ្ងៃទី១ ខែតុលា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Esteban Lazo Hernández ប្រធានរដ្ឋសភាគុយបា បានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ២ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា វៀតណាម-គុយបា។

ថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ លោក Tran Thanh Man បានចាត់ទុកថា កិច្ចប្រជុំលើកទី ២ នេះ បង្ហាញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់សភានៃប្រទេសទាំងពីរក្នុងការពង្រឹងដោយឥតឈប់ឈរនូវទំនាក់ទំនងសាមគ្គីភាព ប្រពៃណី មិត្តភាពជាពិសេសវៀតណាម-គុយបា។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមនិងលោក Esteban Lazo Hernández ប្រធានរដ្ឋសភាគុយបា ជាសហប្រធាននៃកិច្ចប្រជុំ

ក្នុងកិច្ចប្រជុំ តំណាងបណ្ដាស្ថាប័ននៃសភារបស់ប្រទេសទាំងពីរ ក្រសួង និងអនុគណៈកម្មការវៀតណាមក្នុងគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភាវៀតណាម-គុយបា បានបង្ហាញរបាយការណ៍ស្តីពីស្ថានភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើកឡើងវិធានការ និងអនុសាសន៍ដើម្បីធ្វើវិសោធនកម្មគោលនយោបាយ និងច្បាប់ដើម្បីលុបបំបាត់ការលំបាក និងឧបសគ្គ ព្រមទាំងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងគុយបា ជាពិសេសក្នុងវិសស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ជីវបច្ចេកវិទ្យា។ល។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការកសាងគោលនយោបាយ ច្បាប់ដើម្បីជំរុញការអភិវឌ្ឍរបស់ធុរកិច្ច ទាក់ទាញការវិនិយោគពីបរទេស អនុវត្តបច្ចេកវិទ្យាក្នុងផលិតកម្មកសិកម្ម សហប្រតិបត្តិការក្នុងវិស័យជីវបច្ចេកវិទ្យា និងវេជ្ជសាស្រ្ដស្របតាមលក្ខខណ្ឌ និងស្ថានភាពជាក់លាក់នៅប្រទេសនីមួយៗ។ 

ភាគីទាំងពីរបានអះអាងថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើបណ្តាញសភាទាំងនៅកម្រិតទ្វេភាគី ក៏ដូចជានៅវេទិកាអន្តរសភាអន្តរជាតិ និងតំបន់ដែលសភាទាំងពីរជាសមាជិក ហើយបន្តពិចារណាលើលទ្ធភាពនៃកិច្ចសហការត្រួតពិនិត្យ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលចុះហត្ថលេខារវាងប្រទេសទាំងពីរ។

ប្រធានសភាទាំងពីរបានឯកភាពបង្កើនការពិគ្រោះយោបល់ស្ដីពីការកសាងច្បាប់ បង្កើតលក្ខណៈងាយស្រួលសម្រាប់ការអនុវត្តការប្តេជ្ញាចិត្តទ្វេភាគី សហការកសាងយន្តការជាក់លាក់ លើកទឹកចិត្តធុរកិច្ចវៀតណាមបង្កើនការវិនិយោគនៅគុយបា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយទទួលស្គាល់លទ្ធផលនៃកិច្ចប្រជុំលើកទី ២ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា វៀតណាម-គុយបា ក្នុងនោះ ឯកភាពថា កិច្ចប្រជុំលើកទី ៣ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា វៀតណាម-គុយបា នឹងប្រព្រឹត្តទៅនៅទីក្រុង La Habana (គុយបា)៕

បកប្រែដោយ Thuy Anh