លោក To Lam អគ្គលេខាបក្ស ទទួលជួបប្រធានសាជីវកម្ម Marvell សកល
កប.អនឡាញ -នារសៀលថ្ងៃទី១ ខែតុលា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានទទួលជួបលោក Sandeep Bharathi ប្រធានសាជីវកម្ម Marvell សកល សហរដ្ឋអាមេរិក។
ក្នុងជំនួបនេះ លោក To Lam អគ្គលេខាបក្ស បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិនិយោគ និងធ្វើអាជីវកម្មរបស់សាជីវកម្មនៅវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលរួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម និងសហរដ្ឋអាមេរិក។
លោក To Lam អគ្គលេខាបក្ស បានអះអាងថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូដ៏សំខាន់បំផុតរបស់ខ្លួន ហើយសង្ឃឹមថា ទំនាក់ទំនងទ្វេភាគីនឹងរក្សាបាននូវសន្ទុះអភិវឌ្ឍន៍វិជ្ជមាន ស៊ីជម្រៅនិងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍របស់ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។
    |
 |
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ទទួលជួបលោក Sandeep Bharathi ប្រធានសាជីវកម្ម Marvell សកល (រូបថត៖ vnanet.vn) |
លោក To Lam អគ្គលេខាបក្ស បានចែករំលែកនូវចក្ខុវិស័យអភិវឌ្ឍន៍ និងតួនាទីសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោក To Lam អគ្គលេខាបក្ស បានអះអាងថា វៀតណាមកំពុងខិតខំប្រឹងប្រែងបន្តកំណែទម្រង់ច្បាប់ កែលំអនូវគោលនយោបាយ និងច្បាប់ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការវិនិយោគ និងធ្វើអាជីវកម្មរបស់ធុរកិច្ចក្នុង និងក្រៅប្រទេស ក៏ដូចជាគោលដៅអភិវឌ្ឍន៍របស់វៀតណាមក្នុងដំណាក់កាលថ្មី។ លោក To Lam អគ្គលេខាបក្ស បានសម្តែងនូវសេចក្តីរីករាយដែលឃើញថា សាជីវកម្មធំៗជាច្រើន រួមទាំង Marvell បន្តបង្កើនការវិនិយោគ និងពង្រីកការធ្វើអាជីវកម្មនៅវៀតណាម។ លោក To Lam អគ្គលេខាបក្ស គូសបញ្ជាក់អំពីអាទិភាពមួយចំនួនសម្រាប់ Marvell បង្កើនការវិនិយោគនៅវៀតណាម រួមទាំងជួយវៀតណាមក្នុងការកសាងមជ្ឈមណ្ឌលទិន្នន័យ អភិវឌ្ឍឧស្សាហកម្ម semiconductor និងបណ្តុះបណ្តាលធនធានមនុស្សផងដែរ។
លោក Sandeep Bharathi ប្រធានសាជីវកម្ម Marvell សកល បានចែករំលែកនូវលទ្ធផលនៃការធ្វើអាជីវកម្ម និងការអភិវឌ្ឍរបស់សាជីវកម្មនៅវៀតណាមក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។ លោក Sandeep Bharathi បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យរបស់ថ្នាក់ដឹកនាំវៀតណាមចំពោះការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយឯកភាពតាមការតម្រង់ទិសរបស់លោក To Lam អគ្គលេខាបក្ស និងបានអះអាងថា សាជីវកម្មនឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍។ លោកប្រធានសាជីវកម្ម Marvell បានសម្តែងនូវបំណងចង់ធ្វើឱ្យស៊ីជម្រៅនិងប្រសិទ្ធភាពថែមទៀតនូវទំនាក់ទំនងភាពជាដៃគូជាមួយក្រសួង ស្ថាប័ន មូលដ្ឋាន និងសាកលវិទ្យាល័យនានាក្នុងប្រទេសវៀតណាម ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី semiconductor និងបណ្តុះបណ្តាលធនធានមនុស្សដើម្បីឱ្យវៀតណាមក្លាយជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ីសកលរបស់សាជីវកម្ម៕
បកប្រែដោយ Pham Diep