សហភាពអឺរ៉ុបបន្តដាក់ទណ្ឌកម្មលើអ៊ីរ៉ង់
ក្រុមប្រឹក្សាអឺរ៉ុបកាលពីថ្ងៃទី ២៩ ខែកញ្ញា បានសម្រេចចិត្ត ស្តារឡើងវិញនូវទណ្ឌកម្មនុយក្លេអ៊ែរលើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការផ្អាកអស់រយៈពេលជិតមួយទសវត្សរ៍។
មួយថ្ងៃមុននេះ អង្គការសហប្រជាជាតិបានស្ដារឡើងវិញនូវការហាមប្រាមអាវុធនិងទណ្ឌកម្មផ្សេងទៀតលើប្រទេសអ៊ីរ៉ង់ ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ បន្ទាប់ពីក្រុម E3 (រួមទាំងបារាំង អង់គ្លេស និងអាល្លឺម៉ង់) បានអនុវត្តន៍យន្តការ "snapback" ដោយចោទប្រកាន់អ៊ីរ៉ង់ថា មិនអនុវត្តតាមការសន្យារបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥។
    |
 |
តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោកស្រី Kaja Kallas ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Araghchi នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ (រូបថត៖ vnanet.vn) |
វិធានការដាក់ទណ្ឌកម្មឡើងវិញរបស់ EU គឺផ្អែកលើការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ ២០០៦ និងបន្ថែមវិធានការឯកតោភាគីលើវិស័យជាច្រើនដូចជា៖ ហាមឃាត់ការនាំចេញអាវុធ ហាមឃាត់ការនាំចូលនិងដឹកជញ្ជូនប្រេងរ៉ែ ឧស្ម័នធម្មជាតិ ផលិតផលគីមីឥន្ធនៈ ទប់ស្កាត់ការជួញដូរ មាស លោហៈធាតិកម្រ ឧបករណ៍និងកម្មវិធីរសើបមួយចំនួន។ សហភាពអឺរ៉ុបក៏នឹងបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលអ៊ីរ៉ង់ និងធនាគារពាណិជ្ជធំៗមួយចំនួនផងដែរ។
រីឯខ្លួនវិញ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រកាសថាប្រទេសរបស់លោកមិនដែលស្វែងរកការកសាងអាវុធនុយក្លេអ៊ែរឡើយ។ លោកបានបដិសេធនិងថ្កោលទោសរាល់ការដាក់កំហិត និងទណ្ឌកម្មណាមួយ; ហើយបានសង្កត់ធ្ងន់ថា សាធារណៈរដ្ឋឥស្លាមនេះ បានត្រៀមខ្លួនជាស្រេចសម្រាប់ចូលរួមក្នុងការចរចាប្រកបដោយតម្លាភាព និងសម្រេចបានដំណោះស្រាយដោយយុត្តិធម៌ និងសមហេតុផលសម្រាប់បញ្ហានុយក្លេអ៊ែរ៕
តាម vovworld.vn