នៅលើបណ្តាញទំនាក់ទំនងសង្គម TruthSocial លោកប្រធានាធិបតីដូណាល់ ត្រាំ បាននិយាយថា ភាគីទាំងពីរបានសម្រេចវឌ្ឍនភាពលើវិស័យសំខាន់ៗជាច្រើន រួមទាំងភាពចាំបាច់ក្នុងការបញ្ចប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។ លោក ត្រាំ បានប្រកាសថា លោកបានយល់ព្រមជាមួយលោកប្រធានរដ្ឋចិន ស៊ី ជីន ពីង នៅក្នុងកិច្ចប្រជុំមួយនៅខាងក្រៅនៃកិច្ចប្រជុំកំពូល APEC ដែលធ្វើឡើងនៅចុងខែតុលាដើមខែវិច្ឆិកានៅប្រទេសកូរ៉េខាងត្បូងហើយថា លោកនឹងទៅទស្សនកិច្ចប្រទេសចិននៅដើមឆ្នាំក្រោយ។ ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋស៊ី ជីន ពីងនឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងពេលវេលាសមស្របមួយ។

ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍កាលពីម្សិលមិញថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោកដូណាល់ ត្រាំ ប្រធនរដ្ឋចិន លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា ប្រទេសចិនប្រឆាំងនឹងពន្ធឯកតោភាគីពីទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែមានឆន្ទៈស្វាគមន៍ការចរចាទាក់ទងនឹងកម្មវិធី TikTok ដែលប្រឈមនឹងហានិភ័យនៃការហាមឃាត់នៅសហរដ្ឋអាមេរិក ប្រសិនបើវាមិនត្រូវបានលក់ទៅឱ្យអ្នកវិនិយោគសមស្រប។ លោក ស៊ី ជីនពីង ក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិកធានាឱ្យមានបរិយាកាសធុរកិច្ចដោយយុត្តិធម៌ បើកចំហ និងមិនរើស អើងសម្រាប់ក្រុមហ៊ុនចិន។ យោងតាមទូរទស្សន៍មជ្ឈិមចិន (CCTV) ការផ្លាស់ប្តូរនេះត្រូវបានវាយតម្លៃថាជា "វិជ្ជមាន និងស្ថាបនា" ដោយផ្តោតលើបញ្ហាផលប្រយោជន៍រួម៕

តាម vovworld.vn