អាមេរិកនិងអង់គ្លេស ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ពិភាក្សាបញ្ហាអន្តរជាតិក្តៅគគុក
នាថ្ងៃទី ១៨ ខែកញ្ញា ប្រធានាធិបតីអាមេរិក Donald Trump និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការបច្ចេកវិទ្យាក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យបញ្ញាសិប្បនិមិត្ត (AI) កុំព្យូទ័រកង់ទិច និងថាមពលនុយក្លេអ៊ែរ។ សកម្មភាពនេះបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់ចក្រភពអង់គ្លេស។
ថ្លែងនៅឯវិមាន Checkers ក្នុងទីក្រុង Buckinghamshire ភាគអាគ្នេយ៍ប្រទេសអង់គ្លេស នាយករដ្ឋមន្ត្រី Keir Starmer បាននិយាយថា កិច្ចព្រមព្រៀងនិងការប្តេជ្ញាចិត្តក្នុងការវិនិយោគបានបំបែកកំណត់ត្រាមុននេះទាំងអស់ ដែលមានតម្លៃសរុបប្រហែល ២៥០ ពាន់លានផោន (៣៤០ ពាន់លានដុល្លារអាមេរិក) ដោយបញ្ជាក់ថា នេះគឺជាកញ្ចប់វិនិយោគដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងចក្រភពអង់គ្លេស ហើយបានពិពណ៌នាអំពីកិច្ចព្រមព្រៀងនេះថាជារបកគំហើញ។
    |
 |
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ក្នុងសន្និសីទសារព័ត៌មាននៅ Checkers កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងទីក្រុង Aylesbury ប្រទេសអង់គ្លេស (រូបថត៖ Leon Neal/REUTERS) |
ក្នុងចំណោមនោះ សាជីវកម្មអាមេរិកបានសន្យាថានឹងវិនិយោគប្រហែល ១៥០ ពាន់លានផោន (២០៤ ពាន់លានដុល្លារអាមេរិក) នៅចក្រភពអង់គ្លេស។ យោងតាមនាយករដ្ឋមន្រ្តីអង់គ្លេស កញ្ចប់នៃកិច្ចព្រមព្រៀងផ្តោតសំខាន់លើវិស័យបញ្ញាសិប្បនិមិត្ត (AI) ជាមួយនឹងការប្តេជ្ញាចិត្តវិនិយោគពីសាជីវកម្មបច្ចេកវិទ្យាឈានមុខដូចជា Nvidia, Nscale, OpenAI, Google និង Salesforce រំពឹងថានឹងបង្កើតការងារប្រហែល ១៥,០០០ នៅចក្រភពអង់គ្លេសក្នុងឆ្នាំខាងមុខនេះ។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានាធិបតីអាមេរិក Donald Trump និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានពិភាក្សាគ្នាអំពីជម្លោះនៅ Gaza Strip និងស្ថានភាពនៅអ៊ុយក្រែន៕
តាម vovworld.vn