វៀតណាមមានបំណងចង់ទទួលជំនួយពី PowerChina ក្នុងការអភិវឌ្ឍឧស្សាហកម្មផ្លូវដែក
កប.អនឡាញ - នាថ្ងៃទី ២១ ខែឧសភា នៅទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Zhou Jiayi ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃសាជីវកម្មសាងសង់បណ្ដាញអគ្គិសនីរបស់ប្រទេសចិន (PowerChina) និងក្រុមអ្នកម៉ៅការ និងដៃគូសហប្រតិបត្តិការនៅវៀតណាម។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម-ចិនបានបង្កើតបរិយាកាសអំណោយផល មូលដ្ឋានគ្រឹះល្អ និងឱកាសសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការដែលនាំមកនូវផលប្រយោជន៍ជូនប្រទេសទាំងពីរ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី សង្ឃឹមថា PowerChina នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូវៀតណាមលើវិស័យថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ជាពិសេសផ្លូវដែក និងផ្លូវរថភ្លើងក្នុងទីក្រុង។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោក Zhou Jiayi (រូបថត៖ vnanet.vn) |
លោក Zhou Jiayi បានឲ្យដឹងថា ជាមួយនឹងបទពិសោធន៍ក្នុងការចូលរួម និងសាងសង់ផ្លូវដែកប្រវែងសរុបជាង ២០០០ គីឡូម៉ែត្រនៅប្រទេសចិន ឡាវ និងឥណ្ឌូនេស៊ី PowerChina មានបំណងទទួលបានការជួយគាំទ្រពីរដ្ឋាភិបាលវៀតណាម ដើម្បីសហការជាមួយធុរកិច្ចវៀតណាមចូលរួមអនុវត្តគម្រោងសាងសង់ផ្លូវដែកនៅវៀតណាម ដោយប្តេជ្ញាធានាវឌ្ឍនភាព គុណភាព និងការគ្រប់គ្រងចំណាយប្រកបដោយប្រសិទ្ធភាពសម្រាប់គម្រោង ហើយចែករំលែកបទពិសោធន៍ផ្នែកបច្ចេកទេស និងការគ្រប់គ្រងជាមួយដៃគូវៀតណាម។ PowerChina ក៏មានបំណងចង់បន្តសហប្រតិបត្តិការ និងវិនិយោគក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញនៅវៀតណាម និងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វៀតណាមលើកទឹកចិត្តសាជីវកម្ម និងធុរកិច្ចធំៗនិងល្បីឈ្មោះរបស់ប្រទេសចិន មកបណ្តាក់ទុន និងអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅវៀតណាម ហើយស្នើឲ្យ PowerChina សហការ និងជួយគាំទ្រវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មផ្លូវដែក ផ្ទេរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បណ្តុះបណ្តាលធនធានមនុស្សដែលមានបច្ចេកវិទ្យាខ្ពស់ និងវិធីសាស្រ្តប្រតិបត្តិការក្នុងវិស័យផ្លូវដែក...។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបញ្ជាក់ថា រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៅវៀតណាម តែងតែរួមដំណើរ ជួយគាំទ្រ ការពារ និងធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិនបរទេស រួមទាំងសាជីវកម្ម PowerChina និងធុរកិច្ចចិន ក្នុងការវិនិយោគ និងប្រតិបត្តិការប្រកបដោយជោគជ័យ មានប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍ទៅវិញទៅមក និងអនុលោមតាមច្បាប់វៀតណាម។
*តបតាមការអញ្ជើញរបស់លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) នាថ្ងៃទី ២០ ខែឧសភា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានផ្ញើសារជូនសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងសារនោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងដំណើរការអភិវឌ្ឍ និងកសាងប្រទេស វៀតណាមតែងតែប្រកាន់យកប្រជាជនជាស្នូល ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ ព្រមទាំងផ្តោតទៅលើការថែទាំ ការការពារសុខភាព និងការអភិវឌ្ឍមនុស្ស៕
បកប្រែដោយ Thuy Anh