លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ជួបជាមួយលោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ
កប.អនឡាញ - នារសៀលថ្ងៃទី១៥ ខែឧសភា នៅទីក្រុងហាណូយ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបជាមួយលោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងជាសហអធិបតីនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះវៀតណាម-ថៃ លើកទី៤ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែឧសភា។
លោក Tran Thanh Man ប្រធានរដ្ឋសភា បានស្នើឲ្យភាគីទាំងពីរសង្កត់ធ្ងន់លើសក្ដានុពលសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យដូចជា សេដ្ឋកិច្ចឌីជីថល ថាមពលបៃតង ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងកសិកម្មឆ្លាតវៃ ព្រមទាំងស្នើឲ្យភាគីទាំងពីរទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដើម្បីសម្រេចបានគោលដៅទំហំពាណិជ្ជកម្ម ២៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។ រដ្ឋសភាវៀតណាមនឹងបន្តកែលម្អក្របខ័ណ្ឌច្បាប់ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាស និងវិនិយោគិននៃប្រទេសទាំងពីរ ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើមសហប្រតិបត្តិការក្នុងវិស័យយុទ្ធសាស្ត្រដូចជាសេដ្ឋកិច្ចឌីជីថល បរិវត្តកម្មបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃនៅក្នុងជំនួប |
រីឯលោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ បានចាត់ទុកថា ការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរមានអត្ថន័យខ្លាំងណាស់ ក្នុងបរិបទដែលស្ថានភាពក្នុងតំបន់ និងពិភពលោកកំពុងមានបញ្ហាប្រឈមជាច្រើនដូចពេលបច្ចុប្បន្ន។ លោកស្រី Paetongtarn Shinawatra បានស្នើឲ្យភាគីទាំងពីរជំរុញការផ្លាស់ប្តូរគណៈប្រតិភូ ពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ ជាពិសេសការចែករំលែកបទពិសោធន៍ក្នុងវិស័យនីតិប្បញ្ញត្តិ និងការសម្របសម្រួលនៅវេទិកាសភាពហុភាគី។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ប្រទេសទាំងពីរគប្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ផ្លូវដែក និងអាកាសចរណ៍ ស្រាវជ្រាវ និងបើកជើងហោះហើរត្រង់បន្ថែមទៀតពីតំបន់មួយចំនួននៃប្រទេសថៃទៅកាន់ប្រទេសវៀតណាម បើកផ្លូវរថភ្លើងតភ្ជាប់ប្រទេសវៀតណាមទៅកាន់បណ្ដាខេត្តភាគឦសាននៃប្រទេសថៃ៕
បកប្រែដោយ Thanh Cong