វៀតណាម និងគុយបា ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ត
កប.អនឡាញ - ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២២ ខែឧសភា ក្រុមបេសកកម្មនៃក្រសួងសុខាភិបាលវៀតណាម ដឹកនាំដោយលោក Do Xuan Tuyen អនុរដ្ឋមន្ត្រី បានបំពេញទស្សនកិច្ចការងារនៅប្រទេសគុយបា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យជីវឱសថ។
ក្នុងជំនួបធ្វើការជាមួយលោកស្រី Tania Margarita Cruz Hernández អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលគុយបា លោក Do Xuan Tuyen បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ភាគីទាំងពីរបានសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការបញ្ជូនអ្នកជំនាញផ្នែកសុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្ទេរបច្ចេកវិទ្យា កិច្ចសហការស្រាវជ្រាវ និងការបង្ការជំងឺ។
    |
 |
ទិដ្ឋភាពនៃកិច្ចប្រជុំជាមួយក្រសួងសុខាភិបាលគុយបា (រូបថត៖ vnanet.vn) |
នៅឆ្នាំ២០២១ ក្រសួងសុខាភិបាលគុយបា និងក្រសួងសុខាភិបាលវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ត និងផែនការធ្វើសកម្មភាពដើម្បីជម្រុញវឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ លោកស្រី Tania Margarita បានលើកឡើងពីប្រៀបខ្លាំងនៃផ្នែកវេជ្ជសាស្រ្តគុយបា ព្រមទាំង បញ្ជាក់សារជាថ្មីថា ក្រសួងសុខាភិបាលគុយបាបានត្រៀមខ្លួនជាស្រេចដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលវៀតណាម ដើម្បីសុខភាពប្រជាជននៃប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានឯកភាពបន្តពង្រីកកិច្ចសហប្រតិបត្តិការតាមទិសដៅជាក់ស្ដែង និរន្តរភាព ក្នុងការស្រាវជ្រាវការឆ្លើយតបនឹងជំងឺដែលលេចឡើង និងជំរុញកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យនៃប្រទេសទាំងពីរ ដើម្បីបង្កើនការតភ្ជាប់ និងនាំមកនូវប្រសិទ្ធភាពជាក់ស្តែង៕
បកប្រែដោយ Thuy Anh