ក្នុងឱកាសដែលលោក Emmanuel Macron ប្រធានាធិបតីបារាំងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែឧសភា អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅបារាំង បានធ្វើបទសម្ភាសន៍ជាមួយលោក Dinh Toan Thang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរដែលបច្ចុប្បន្ននេះត្រូវបានតម្លើងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

leftcenterrightdel
លោក Dinh Toan Thang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង (រូបថត៖ vov.vn)

យោងតាមលោក Dinh Toan Thang ឯកអគ្គរដ្ឋទូត ការតម្លើងទំនាក់ទំនង វៀតណាម-បារាំង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខែតុលា ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយកត់សម្គាល់ព្រឹត្តិការណ៍ដ៏សំខាន់មួយបន្ទាប់ពីរយៈពេល ៥២ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី ១២ ខែមេសា ឆ្នាំ១៩៧៣ / ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥) និង ១២ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ (ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៣ / ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥)។ ការតម្លើងទំនាក់ទំនងនេះបានបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យបន្តអភិវឌ្ឍយ៉ាងរឹងមាំ ស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព។

ស្តីពីដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកប្រធានាធិបតីបារាំង លោក Dinh Toan Thang ឯកអគ្គរដ្ឋទូតបានចាត់ទុកថា ដំណើរទស្សនកិច្ចនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំង និងកិច្ចសន្យាយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បារាំងក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយវៀតណាម ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អភិវឌ្ឍប្រកបដោយភាពជាក់ស្តែង និងប្រសិទ្ធភាព។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា វិស័យ និងគម្រោងជាក់លាក់ជាច្រើនត្រូវបានពិភាក្សាយ៉ាងស៊ីជម្រៅដោយភាគីទាំងពីរ ក្នុងនោះសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគគឺជាវិស័យអាទិភាព និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ នវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ បណ្តុះបណ្តាល និងសុខាភិបាលត្រូវបានពង្រឹង។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការថ្មីក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះនឹងបង្កើតកម្លាំងចលករ និងជាមូលដ្ឋានច្បាប់ដ៏សំខាន់សម្រាប់សកម្មភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំខាងមុខ៕

បកប្រែដោយ Huyen Trang