លោក To Lam អគ្គលេខាបក្ស ទទួលជួប លោកស្រី Nomvula Mokonyane អគ្គលេខាធិការរងទីមួយ នៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក
កប.អនឡាញ - នាព្រឹកថ្ងៃទី ២០ ឧសភា នៅទីស្នាក់ការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នៅទីក្រុងហាណូយ លោក To Lam អគ្គលេខាបក្ស បានទទួលជួប លោកស្រី Nomvula Mokonyane អគ្គលេខាធិការរងទីមួយ នៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក (ANC) កាន់អំណាច ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២២ ឧសភា។
លោកអគ្គលេខាបក្ស បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍ចំពោះលោកស្រី Nomvula Mokonyane ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ANC មកបំពេញទស្សនកិច្ចនៅវៀតណាម។ លោកអគ្គលេខាបក្សជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរ ជំរុញថែមទៀតទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងប្រពៃណីល្អរវាងវៀតណាម និងអាហ្វ្រិកខាងត្បូង។ លោកអគ្គលេខាបក្សជាថ្មីម្តងទៀតបានអបអរសាទរ ANC បន្តលើកកម្ពស់តួនាទីដឹកនាំរបស់ខ្លួនក្នុងការបង្កើតរដ្ឋាភិបាលរួបរួមជាតិបន្ទាប់ពីការបោះឆ្នោតសកលឆ្នាំ ២០២៤ ហើយជឿជាក់ថា ANC នឹងបន្តដឹកនាំប្រជាជនអាហ្វ្រិកខាងត្បូងឱ្យសម្រេចបាននូវគោលដៅដែលបានកំណត់ដោយជោគជ័យ កសាងប្រទេសអាហ្វ្រិកខាងត្បូងមានការអភិវឌ្ឍន៍ និងវិបុលភាព និងលើកកំពស់តួនាទីរបស់ខ្លួននៅក្នុងតំបន់ និងពិភពលោក។
    |
 |
លោក To Lam អគ្គលេខាបក្ស ទទួលជួប លោកស្រី Nomvula Mokonyane អគ្គលេខាធិការរងទីមួយ នៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក |
លោកស្រី Nomvula Mokonyane បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅវៀតណាមមានគោលបំណងអនុវត្តលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទកម្រិតខ្ពស់រវាងលោក To Lam អគ្គលេខាបក្ស និងប្រធាន ANC និងជាប្រធានាធិបតីអាហ្វ្រិកខាងត្បូង ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ ANC ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ។ លោកស្រីជឿជាក់ថា លទ្ធផលដ៏ល្អនៃដំណើរទស្សនកិច្ចនេះ នឹងជួយឱ្យគណបក្ស ANC រៀបចំផែនការកសាង និងកំណែទម្រង់គណបក្ស ដើម្បីដឹកនាំប្រទេសប្រកបដោយប្រសិទ្ធភាព នាពេលខាងមុខ។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដោយកំណត់ថានេះជាសសរស្តម្ភសំខាន់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយបានសន្និដ្ឋានថា នៅតែមានឱកាសល្អសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យនេះ។ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន ដើម្បីបង្កើនការតភ្ជាប់ និងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ប្រទេសទាំងពីរបានឯកភាពបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅយន្តការពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ បង្ហាញពីទំនួលខុសត្រូវអន្តរជាតិរបស់វៀតណាម និងអាហ្រ្វិកខាងត្បូង ហើយរួមចំណែកយ៉ាងសកម្មក្នុងចលនាវឌ្ឍនភាព សមភាព និងវិបុលភាពក្នុងតំបន់ទាំងពីរ ក៏ដូចជានៅលើពិភពលោក។
បកប្រែដោយ Thanh Cong