ប្រធានាធិបតីលីទុយអានី និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាម លោក Gitanas Nauseda ប្រធានាធិបតីលីទុយអានី និងលោកជំទាវ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមិថុនា។
នេះក៏ជាលើកទីមួយដែលប្រមុខរដ្ឋលីទុយអានីបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៩២ មក។ ព្រឹត្តិការណ៍នេះមានអត្ថន័យសំខាន់ បើកទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងលីទុយអានី។
លោក Ha Hoang Hai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៉ូឡូញ និងលីទុយអានី បានសង្កត់ធ្ងន់ថា៖ “ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Gitanas Nauseda នឹងរួមចំណែកពង្រឹងទំនុកចិត្តខាងនយោបាយ និងជំរុញការតភ្ជាប់យុទ្ធសាស្ត្ររវាងវៀតណាម និងលីទុយអានី ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប”។
    |
 |
លោក Gitanas Nauseda ប្រធានាធិបតីលីទុយអានី (រូបថត៖ Reuters) |
យោងតាមលោកឯកអគ្គរដ្ឋទូត Ha Hoang Hai ឲ្យដឹងថា វៀតណាមនិងលីទុយអានី មានភាពស្រដៀងគ្នាជាច្រើនក្នុងចក្ខុវិស័យនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព សមាហរណកម្មអន្តរជាតិ ការធ្វើបរិវត្ដកម្មឌីជីថល និងបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុ សន្តិសុខថាមពល ឬ ខ្សែសង្វាក់ផ្គត់ផ្គង់។ ភាគីទាំងពីរមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូកាន់តែប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើការផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក និងការគោរពគ្នាទៅវិញទៅមក។
បច្ចុប្បន្ននេះ វៀតណាម និងលីទុយអានី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយចំនួនដូចជា កិច្ចព្រមព្រៀងស្តីពីការជំរុញនិងគាំពារវិនិយោគ (១៩៩៥), កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម (១៩៩៥), កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត (២០១៩), កិច្ចព្រមព្រៀងស្តីពីការទទួលពលរដ្ឋឡើងវិញ (ឆ្នាំ ២០១៩), អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងចំណាកស្រុកនិងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ (២០២៣)។
ក្នុងវេទិកាពហុភាគីដូចជាអង្គការសហប្រជាជាតិ កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) និងអាស៊ាន-សហភាពអឺរ៉ុប (EU) វៀតណាមនិងលីទុយអានីរក្សាការសម្របសម្រួលយ៉ាងសកម្ម។ ប្រទេសលីទុយអានីតែងតែគាំទ្រកិច្ចព្រមព្រៀងសំខាន់ៗរវាងវៀតណាមនិង EU ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម- EU (EVIPA)។
ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម និងលីទុយអានីសម្រេចបាន ២០៦,៩៧ លានដុល្លារក្នុងឆ្នាំ ២០២៤។ ក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៩៤,៧ លានដុល្លារ កើនឡើង ៩៤,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។
បច្ចុប្បន្ន លីទុយអានីមានគម្រោងវិនិយោគផ្ទាល់ចំនួន ៣ នៅក្នុងប្រទេសវៀតណាម ជាមួយនឹងទុនវិនិយោគសរុបប្រមាណ ២៦០ ពាន់ដុល្លារអាមេរិក ក្នុងវិស័យទំនាក់ទំនងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងសុខភាព។
តាមការគ្រោងទុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានាធិបតីលីទុយអានី Gitanas Nauseda នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម។ ទន្ទឹមនឹងនោះ ភាគីទាំងពីរនឹងរៀបចំសកម្មភាពជំរុញការវិនិយោគ វេទិកាធុរកិច្ច និងតភ្ជាប់សហគមន៍។
យោងតាមលោកឯកអគ្គរដ្ឋទូត Ha Hoang Hai ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Gitanas Nauseda វៀតណាមនិងលីទុយអានីគ្រោងនឹងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនក្នុងវិស័យមានសក្តានុពលដូចជា ពាណិជ្ជកម្មនិងវិនិយោគ អប់រំនិងបណ្តុះបណ្តាល កសិកម្មបច្ចេកវិទ្យាខ្ពស់ សុខាភិបាល ថាមពលស្អាត និងការធ្វើបរិវត្ដកម្មឌីជីថល៕
បកប្រែដោយ Pham Diep