លោក To Lam អគ្គលេខាបក្ស ទទួលជួបប្រធានទទួលបន្ទុកផ្នែកអភិបាលកិច្ចសកល នៃសម្ព័ន្ធក្រុមហ៊ុន Qualcomm
កប.អនឡាញ - លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយអាមេរិក ដោយសង្ឃឹមថាទំនាក់ទំនងទ្វេភាគីនឹងបន្តស៊ីជម្រៅ មានប្រសិទ្ធភាព និងស្ថិរភាព។
នារសៀលទី១០ មិថុនា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្ស បានទទួលជួបលោក Alex Rogers ប្រធានទទួលបន្ទុកផ្នែកអភិបាលកិច្ចសកល នៃសម្ព័ន្ធក្រុមហ៊ុន Qualcomm។
    |
 |
លោក To Lam អគ្គលេខាបក្ស ទទួលជួបប្រធានទទួលបន្ទុកផ្នែកអភិបាលកិច្ចសកល នៃសម្ព័ន្ធក្រុមហ៊ុន Qualcomm |
នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយអាមេរិក ដោយសង្ឃឹមថាទំនាក់ទំនងទ្វេភាគីនឹងបន្តមានភាពស៊ីជម្រៅ មានប្រសិទ្ធភាព និងស្ថិរភាពលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍។
លោកអគ្គលេខាបក្សបានស្នើឱ្យ Qualcomm ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសវៀតណាម ជំរុញការផ្ទេរបច្ចេកវិទ្យា គាំទ្រ និងចែករំលែកបទពិសោធន៍ជាមួយដៃគូវៀតណាម ដើម្បីលើកកំពស់សមត្ថភាពនៃធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងជួយឧបត្ថម្ភសហគ្រាសវៀតណាមចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល។ ទន្ទឹមនឹងនោះ លោកអគ្គលេខាបក្សបានស្នើឲ្យលោក Alex Rogers និងសហគ្រាសអាមេរិកដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម បន្តគាំទ្រការចរចាទ្វេភាគីដើម្បីសម្រេចបានលទ្ធផលដំបូង រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដើម្បីអភិវឌ្ឍប្រកបដោយស្ថិរភាព និងនិរន្តរភាព បំពេញផលប្រយោជន៍ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។
ចំណែកលោក Alex Rogers ប្រធានទទួលបន្ទុកអភិបាលកិច្ចសកលនៃសម្ព័ន្ធក្រុមហ៊ុន Qualcomm បានឲ្យដឹងថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះគឺដើម្បីបើកដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI R&D) នៅទីក្រុងហាណូយ។ នេះគឺជាមជ្ឈមណ្ឌលស្រាវជ្រាវមួយក្នុងចំណោមមជ្ឈមណ្ឌលស្រាវជ្រាវចំនួនបីនៃក្រុមហ៊ុនស្វាគមន៍ Qualcomm នៅក្រៅសហរដ្ឋអាមេរិក។ លោកបានវាយតម្លៃថា សមត្ថភាពអ្នកជំនាញ AI របស់វៀតណាម បច្ចុប្បន្នស្ថិតក្នុងលំដាប់កំពូលទាំង ២០ នៅលើពិភពលោក។ នេះគឺជាសក្ដានុពលដ៏អស្ចារ្យសម្រាប់វៀតណាមក្នុងការក្លាយជាមជ្ឈមណ្ឌល AI និង semiconductors ក្នុងតំបន់។
លោក Alex Rogers ជឿជាក់ថា ក្រោមការដឹកនាំ និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់លោក To Lam អគ្គលេខាបក្ស និងថ្នាក់ដឹកនាំវៀតណាម វៀតណាមនឹងសម្រេចបាននូវគោលដៅអភិវឌ្ឍរបស់ខ្លួន៕
បកប្រែដោយ Duy Hoan