ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របពេលពិភពលោក និងតំបន់កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ជំរុញឱ្យស្ថានភាពពិភពលោកផ្លាស់ប្តូរឆ្ពោះទៅរកពហុប៉ូល ពហុមណ្ឌល និងពហុកម្រិត។ ជារួម សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតែជានិន្នាការចម្បង ប៉ុន្តែអស្ថិរភាពកំពុងកើនឡើង។ សេដ្ឋកិច្ចពិភពលោកមានភាពយឺតយ៉ាវក្នុងការងើបឡើងវិញ ហើយបង្កប់ហានិភ័យជាច្រើន។ ប្រទេសនានាកំពុងជំរុញការធ្វើបរិវត្តកម្មទម្រង់កំណើនសេដ្ឋកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ និងប្រកបដោយនិរន្តរភាព។

អឺរ៉ុបបន្តប្រឈមមុខនឹងហានិភ័យធំៗ រួមទាំងការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្ម សហរដ្ឋអាមេរិក-ចិន ស្ថានភាពនយោបាយអស្ថិរភាពនៅក្នុងសហភាពអឺរ៉ុប (EU) និងបញ្ហាប្រឈមផ្នែកសន្តិសុខពីជម្លោះនៅអ៊ុយក្រែន។ លីទុយអានី គឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដ៏សំខាន់មួយនៅក្នុងតំបន់អឺរ៉ុបខាងកើត។ ដោយការយកឈ្នះលើបញ្ហាប្រឈមទូទៅដែលកំពុងប្រឈមក្នុងតំបន់ សេដ្ឋកិច្ចលីទុយអានីត្រឡប់ទៅរកកំណើនវិញបន្ទាប់ពីជំងឺរាតត្បាត Covid-19 ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង ២.២% ក្នុងឆ្នាំ២០២៤។ បន្ថែមលើនេះ លីទុយអានីបន្តជំរុញការតភ្ជាប់យ៉ាងទូលំទូលាយនៅក្នុងសហភាពអឺរ៉ុប ពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ទន្ទឹមនឹងនេះ តំបន់អាស៊ីប៉ាស៊ីហ្វិកបន្តអភិវឌ្ឍយ៉ាងស្វាហាប់ និងតភ្ជាប់សេដ្ឋកិច្ចយ៉ាងស៊ីជម្រៅ ដើរតួនាទីស្នូលក្នុងការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ពិភពលោក ក៏ដូចជាឃើញការបង្កើនការប្រកួតប្រជែងជាយុទ្ធសាស្ត្រផងដែរ។ ប្រទេសនានាចាប់អារម្មណ៍កាន់តែខ្លាំងឡើង និងជំរុញ អនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រសហប្រតិបត្តិការជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះ វៀតណាមក្លាយជាកត្តាអភិវឌ្ឍន៍ប្រកបដោយស្វាហាប់ និងវិជ្ជមាន។

វៀតណាម និងលីទុយអានី មានទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អ ចាប់តាំងពីពេលដែលលីទុយអានីជាផ្នែកមួយនៃសហភាពសូវៀត។ ប្រទេសលីទុយអានីបានបណ្តុះបណ្តាលកម្មាភិបាល និងអ្នកជំនាញជាច្រើនសម្រាប់វៀតណាម និងទទួលយកពលករវៀតណាមទៅធ្វើការនៅប្រទេសនេះ។ ស្តីពីនយោបាយ និងការទូត ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំនៅគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់។ ភាគីទាំងពីរបានរក្សាការសម្របសម្រួលយ៉ាងសកម្មនៅវេទិកាពហុភាគីដូចជាអង្គការសហប្រជាជាតិ កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) និងអាស៊ាន-សហភាពអឺរ៉ុប។ ប្រទេសលីទុយអានី គឺជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិកសហភាពអឺរ៉ុបដំបូងគេដែលផ្តល់វ៉ាក់សាំង រួមចំណែកជួយវៀតណាមក្នុងការគ្រប់គ្រងជំងឺរាតត្បាត Covid-19 យ៉ាងឆាប់រហ័ស។

ស្តីពីសេដ្ឋកិច្ច ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២៤ សម្រេចបានជាង ២០០ លានដុល្លារអាមេរិក កើនឡើង ៧.៥% បើធៀបនឹងឆ្នាំ២០២៣។ ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៥ នេះ ទំហំពាណិជ្ជកម្មនៃការនាំចូល-នាំចេញរបស់ប្រទេសទាំងពីរសម្រេចបាន ៩៤.៧លានដុល្លារអាមេរិក កើនឡើង៩៤.៤%។ ប្រទេសលីទុយអានីបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគ EU-វៀតណាម (EVIPA)។ ភាគីទាំងពីរនៅមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ វៀតណាមជាមួយនឹងកំណើនសេដ្ឋកិច្ចវិជ្ជមាន ចំនួនប្រជាជនជាង ១០០ លាននាក់ បានក្លាយជាច្រកចេញចូលអាស៊ាន។ រីឯ លីទុយអានី គឺជាប្រទេសឈានមុខគេមួយក្នុងទ្វីបអឺរ៉ុប ក្នុងការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក អភិបាលកិច្ចឌីជីថល និងការចាប់ផ្តើមបច្ចេកវិទ្យា ជាមួយនឹងគុណសម្បត្តិក្នុងវិស័យ  logistics បច្ចេកវិទ្យាកែច្នៃអាហារ ឱសថ និងថាមពលស្អាត។

ភាគីទាំងពីរបានចែករំលែកចក្ខុវិស័យរួម អំពីការអភិវឌ្ឍប្រកបដោយចីរភាព សមាហរណកម្មអន្តរជាតិ ការធ្វើបរិវត្តកម្មឌីជីថល និងការបន្ស៊ាំខ្លួនទៅនឹងបញ្ហាប្រឈមជាសាកល ដូចជាការប្រែប្រួលអាកាសធាតុ សន្តិសុខថាមពល ខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម។ល។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីលីទុយអានី និងលោកជំទាវនៅវៀតណាមគឺជាព្រឹត្តិការណ៍ការទូតដ៏សំខាន់ បង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ប្រទេសទាំងពីរចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម និងលីទុយអានី និងជាឱកាសសម្រាប់ភាគីទាំងពីរវាយតម្លៃយ៉ាងទូលំទូលាយអំពីទំនាក់ទំនងទ្វេភាគីនាពេលកន្លងមក ព្រមទាំងលើកឡើងទិសដៅសហប្រតិបត្តិការថ្មីសមស្របនឹងលក្ខខណ្ឌអភិវឌ្ឍន៍នៃប្រទេសទាំងពីរនាពេលខាងមុខ។ ការដែលវៀតណាមស្វាគមន៍ប្រធានាធិបតីលីទុយអានី និងលោកជំទាវដែលមកបំពេញទស្សនកិច្ចជាផ្លូវការ ក៏សំដៅបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មទំនាក់ទំនង ព្រមទាំងជំរុញ និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគីជាមួយដៃគូនានា ជាពិសេសប្រទេសមិត្តប្រពៃណី រួមទាំងប្រទេសលីទុយអានីផងដែរ។

ដោយឈរលើមូលដ្ឋាននោះ យើងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតីលីទុយអានី និងលោកជំទាវ នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ បើកទំព័រថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី៕

បកប្រែដោយ Huyen Trang