លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានសម្តែងសេចក្តីរីករាយដែលបានជួបជាមួយលោក Macron ប្រធានាធិបតី សាជាថ្មីម្តងទៀត ហើយសង្កត់ធ្ងន់ថា ជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីនៅប្រទេសវៀតណាមនាពេលថ្មីៗនេះ បាននាំមកនូវសន្ទុះយ៉ាងរឹងមាំដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-បារាំង។ លោកនាយករដ្ឋមន្ត្រីបានអបអរសាទរប្រទេសបារាំងចំពោះសមិទ្ធផលរបស់ខ្លួនក្រោមការដឹកនាំរបស់លោក Macron ប្រធានាធិបតី រួមទាំងការរៀបចំប្រកបដោយជោគជ័យនៃ UNOC 3 និងអះអាងថា វៀតណាមគាំទ្រតួនាទីម្ចាស់ផ្ទះរបស់បារាំង។

លោក Macron ប្រធានាធិបតី បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីវៀតណាម ដែលបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដ៏ជ្រាលជ្រៅនៅ UNOC 3។លោកជឿជាក់ថា ដំណើរបំពេញការងាររបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនឹងរួមចំណែកជំរុញការអនុវត្តជាក់ស្តែងនូវលទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីនៅវៀតណាមនាពេលថ្មីៗនេះ។

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍ ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ ក្លាយជាស្ពានទំនាក់ទំនងសម្រាប់គ្នាទៅវិញទៅមកនៅក្នុងតំបន់អាស៊ី-អឺរ៉ុបនីមួយៗ។ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ ដើម្បីបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយ ពិនិត្យ និងជំរុញកិច្ចព្រមព្រៀងសហប្រតិបត្តិការ។

អំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបារាំងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី និងបើកទូលាយទីផ្សាររបស់គ្នាទៅវិញទៅមក ជាពិសេសក្នុងបរិបទនៃការអភិវឌ្ឍដ៏ស្មុគស្មាញជាច្រើនក្នុងសេដ្ឋកិច្ចពិភពលោក។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យភាគីបារាំងបន្តយកចិត្តទុកដាក់ និងអនុម័តភ្លាមៗនូវដំណើរការ និងនីតិវិធីសម្រាប់ការបញ្ចប់ដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) និងជំរុញឱ្យគណៈកម្មការអឺរ៉ុបដក "កាតលឿង" IUU ចំពោះផលិតផលគ្រឿងជលផលវៀតណាមឱ្យបានឆាប់។ លើសពីនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើតម្រូវការពង្រឹងការធានាសន្តិសុខ ការផ្លាស់ប្តូរថាមពល និងបន្តពង្រីកគម្រោងនានា ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនាពេលខាងមុខ។

ដើម្បីលើកកំពស់តួនាទីនៃសសរស្តម្ភថ្មីនៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងទំនាក់ទំនងវៀតណាម-បារាំងទាំងមូល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានចាត់ទុកថា ប្រទេសទាំងពីរត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការច្នៃប្រឌិត។ លោកបានស្នើថា បារាំងជួយឧបត្ថម្ភវៀតណាមក្នុងការបង្កើនសមត្ថភាពរបស់ខ្លួនក្នុងបណ្តាវិស័យយុទ្ធសាស្ត្រដូចជា លំហអាកាស ផ្កាយរណប បច្ចេកវិទ្យាថាមពល ជីវបច្ចេកវិទ្យា ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យា semiconductor បច្ចេកវិទ្យា quantum ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងសេដ្ឋកិច្ចឌីជីថល។ លោក Macron ប្រធានាធិបតី បានយល់ស្របនឹងសំណើរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីដែលថាប្រទេសបារាំងក្លាយជាដៃគូឈានមុខគេក្នុងវិស័យបញ្ញាសិប្បនិមិត្ត (AI) សំដៅធានាការអភិវឌ្ឍ AI ប្រកបដោយតម្លាភាព យុត្តិធម៌ និងនិរន្តរភាព។

ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ដោយយល់ព្រមសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយតំបន់ក្នុងទ្វីបអាហ្រ្វិក មជ្ឈិមបូព៌ា និងអាមេរិកឡាទីន។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តគាំទ្រដល់ការថែរក្សាសន្តិភាព ស្ថិរភាព សេរីភាពអាកាសចរណ៍ និងនាវាចរណ៍នៅសមុទ្រខាងកើត ស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការសមុទ្រ រួមទាំងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ សន្តិសុខដែនសមុទ្រ ការការពារឆ្នេរសមុទ្រ និងបរិស្ថានសមុទ្រ។

leftcenterrightdel
លោក Emmanuel Macron ប្រធានាធិបតីបារាំង ជួបជាមួយនិងលោក Pham Minh Chinh នាយករដ្ឋមន្ត្រី

​* នាព្រឹកថ្ងៃទី១០ ខែមិថុនា តាមម៉ោងក្នុងស្រុក លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានចាកចេញពីទីក្រុង Nice ដើម្បីបន្តសកម្មភាពទ្វេភាគីជាមួយបារាំងនៅទីក្រុងប៉ារីស។ នារសៀលថ្ងៃដដែល នៅវិមាន Matignon ក្នុងទីក្រុងប៉ារីស នាយករដ្ឋមន្ត្រីវៀតណាមបានជួបពិភាក្សាការងារជាមួយលោក Francois Bayrou នាយករដ្ឋមន្ត្រីបារាំង ។

នៅក្នុងជំនួប ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ តាមនោះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងគ្រប់កម្រិត ជាពិសេសថ្នាក់ខ្ពស់ តាមរយៈគ្រប់បណ្តាញ ខណៈកំពុងសិក្សាលើការបង្កើតយន្តការកិច្ចសហប្រតិបត្តិការថ្មី ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឯកទេស។

ភាគីទាំងពីរបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ គឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ភាគីទាំងពីរបានអះអាងពីការប្តេជ្ញាចិត្តបង្កើតរបកគំហើញក្នុងការលើកកម្ពស់ចំណុចរួមស្តីពីពាណិជ្ជកម្មសេរី បើកទីផ្សារឱ្យគ្នាទៅវិញទៅមក កាត់បន្ថយការពឹងផ្អែកលើភាគីទីបី និងរក្សាស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

leftcenterrightdel
 លោក Francois Bayrou នាយករដ្ឋមន្ត្រីបារាំង ទទួលស្វាគមន៍លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម

* នារសៀលថ្ងៃទី ១០ មិថុនា នៅទីក្រុងប៉ារីស លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានទទួលជួបលោក Fabien Roussel លេខាទូទាំងប្រទេសគណបក្សកុម្មុយនិស្តបារាំង។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Fabien Roussel មានសេចក្តីសោមនស្សរីករាយដែលឃើញថាទំនាក់ទំនងវៀតណាម-បារាំង បាននិងកំពុងអភិវឌ្ឍយ៉ាងល្អចាប់តាំងពីការលើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានស្នើថា បក្សកុម្មុយនិស្តនៃប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រក្សាការផ្លាស់ប្តូរគណៈប្រតិភូ ចែករំលែកព័ត៌មាន ផ្លាស់ប្តូរបទពិសោធន៍ក្នុងការកសាងបក្ស សម្របសម្រួលយ៉ាងជិតស្និទ្ធលើវេទិកាពហុភាគីនៃគណបក្សនយោបាយ ... និងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងវៀតណាម-បារាំង។ ជាពិសេស លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបក្សកុម្មុយនិស្តបារាំងជួយជ្រោមជ្រែងការស្វែងរក និងប្រមូលឯកសារ និងវត្ថុបុរាណនានាទាក់ទងនឹងប្រវត្តិសាស្ត្របក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញ ដើម្បីរួមចំណែកកសាងសារមន្ទីរបក្សកុម្មុយនិស្តវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ១០០ នៃការបង្កើតបក្ស។

* មុននោះ នាថ្ងៃទី ៩ មិថុនា នៅទីក្រុង Nice (បារាំង) លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំពិភពលោកបានចូលរួមព្រឹត្តិការណ៍ពិសេសមួយដើម្បីលើកទឹកចិត្ត និងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃជីវចម្រុះសមុទ្រ នៅដែនសមុទ្រលើសពីយុត្តាធិការជាតិ (កិច្ចព្រមព្រៀងសមុទ្រខ្ពស់)។

* នាថ្ងៃទី ៩ មិថុនា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa និងជំនួបខ្លីជាមួយប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen។

នៅក្នុងជំនួបទាំងនេះ លោកនាយករដ្ឋមន្ត្រីបានស្នើថា ភាគីទាំងពីរផ្តោតលើការលើកកំពស់ទំនាក់ទំនងវៀតណាម - អឺរ៉ុប ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បន្តជំរុញការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVIPA និងស្នើឲ្យគណៈកម្មការអឺរ៉ុបពិចារណាដកកាតលឿង IUU សម្រាប់គ្រឿងសមុទ្រវៀតណាម។

ពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងតំបន់ ថ្នាក់ដឹកនាំអឺរ៉ុប បានវាយតំលៃខ្ពស់ចំពោះវិធីសាស្រ្តស្ថាបនារបស់វៀតណាមចំពោះសន្តិភាព និងសន្តិសុខ គោលជំហររបស់វៀតណាមក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងការដោះស្រាយវិវាទដោយសន្តិវិធី គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេស និងគាំទ្រគោលជំហររបស់អាស៊ានលើសមុទ្រខាងកើត។

បកប្រែដោយ Minh Trung