កិច្ចពិភាក្សានេះត្រូវបានដឹកនាំដោយប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ Lula da Silva - ប្រធាន BRICS ២០២៥ ដោយមានការចូលរួមពីមេដឹកនាំចំនួន ៣៥ រូប និងតំណាងប្រទេសសមាជិក ប្រទេសដៃគូ និងភ្ញៀវ BRICS រួមជាមួយនឹងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិដូចជា៖ អង្គការសហប្រជាជាតិ (UN) អង្គការពាណិជ្ជកម្មពិភពលោក (WTO) អង្គការសុខភាពពិភពលោក (WHO) ស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ និងតំបន់។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS 2025 បើកទូលាយ

ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានចាត់ទុកថា ក្នុងបរិបទពិភពលោកកំពុងមានការផ្លាស់ប្តូរជាច្រើន ដោយការជឿទុកចិត្តលើស្ថាប័នពិភពលោកត្រូវបានរងការសឹករិចរិល ការជឿទុកចិត្តលើកិច្ចសហប្រតិបត្តិការពហុភាគីត្រូវបានថមថយ ហើយការជឿទុកចិត្តលើច្បាប់អន្តរជាតិត្រូវបានរង្គោះរង្គើ ប្រទេសនានាត្រូវបន្តជំរុញសាមគ្គីភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាដើម្បីដោះស្រាយរាល់បញ្ហាប្រឈមជាមួយនឹងវិធីសាស្រ្តសកល និងគ្រប់ជ្រុងជ្រោយ។ ក្នុងស្មារតីនោះ លោកនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងនូវគំនិតខាន់ៗ និងជាក់ស្តែងចំនួនបីដូចខាងក្រោម៖

ទីមួយ បណ្តាប្រទេស BRICS និងប្រទេសទិសខាងត្បូងគប្បីតែនាំមុខគេក្នុងការស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការពហុភាគី ដោយបន្តចូលរួមកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ BRICS គួរតែចូលរួមយ៉ាងសកម្មក្នុងការជំរុញការធ្វើកំណែទម្រង់ស្ថាប័នពិភពលោក ដូចជាអង្គការសហប្រជាជាតិ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) និង WTO តាមទិសដៅដែលបំពេញតម្រូវការជាក់ស្តែង និងតម្រូវការរបស់ប្រទេសកំពុងអភិវឌ្ឍ ពង្រឹងកិច្ចសហប្រតិបត្តិការទិសខាងត្បូង-ខាងត្បូង លើកកម្ពស់ការតភ្ជាប់ ការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ។

ទីពីរ ត្រួសត្រាយផ្លូវក្នុងការលើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្ម គោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នៃប្រទេសនានា។ ដើម្បីបង្កើនស្វ័យភាពជាយុទ្ធសាស្ត្រ BRICS និងបណ្តាប្រទេសភាគខាងត្បូងត្រូវបង្កើនការបើកទីផ្សារ ជំរុញការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ប្រមូល និងចែករំលែកធនធាន គាំទ្រការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់គម្រោងក្នុងការថែទាំសុខភាព ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការផ្លាស់ប្តូរបៃតង និងការបន្សាំបម្រែបម្រួលអាកាសធាតុ។

ទីបី ត្រួសត្រាយផ្លូវក្នុងការលើកកម្ពស់កម្លាំងនៃបញ្ញាសិប្បនិមិត្ត (AI) ដើម្បីបម្រើមនុស្ស មិនមែនជំនួសមនុស្សនោះទេ។ BRICS គប្បីតែធ្វើការជាមួយយន្តការពហុភាគី ដើម្បីលើកកម្ពស់ការកសាងប្រព័ន្ធអភិបាលកិច្ច AI សកលប្រកបដោយយុត្តិធម៌ សុវត្ថិភាព និងងាយប្រើបាន។ កសាងប្រព័ន្ធអេកូឡូស៊ី AI ដែលប្រកាន់ខ្ជាប់នូវតម្លៃសីលធម៌ តុល្យភាពការច្នៃប្រឌិត និងផលប្រយោជន៍សង្គម ...

សុន្ទរកថារបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជូនសារដ៏ជ្រាលជ្រៅអំពីការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី លើកកំពស់តួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍក្នុងប្រព័ន្ធអភិបាលកិច្ចពិភពលោក បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាម និងការរួមចំណែកយ៉ាងសកម្ម និងការទទួលខុសត្រូវចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ៕

បកប្រែដោយ Minh Trung