មុនពេលដំណើរទស្សនកិច្ចនេះ លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីអត្ថន័យ និងសារៈសំខាន់នៃដំណើរបំពេញទស្សនកិច្ចការងារនេះ។
អ្នកយកព័ត៌មាន៖ តើលោកអាចឱ្យដឹងអំពីសារៈសំខាន់ និងគោលបំណងនៃដំណើរបំពេញការងាររបស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងភរិយា អញ្ជើញចូលរួមកិច្ចប្រជុំពិភពលោកលើកទី៦ របស់ប្រធានសភានៅប្រទេសស្វីស និងចូលរួមសកម្មភាពទ្វេភាគីនានានៅប្រទេសស្វីស ព្រមទាំងបំពេញដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ារ៉ុក និងសេណេហ្គាល់?
លោក Dang Hoang Giang អនុរដ្ឋមន្ត្រី៖ IPU 6 គឺជាកិច្ចប្រជុំធំបំផុតរបស់ប្រធានសភាលើពិភពលោកក្នុងឆ្នាំ ២០២៥ ដែលទាក់ទាញវត្តមានប្រធានសភាច្រើនបំផុតនៅលើពិភពលោក ដោយមានប្រធានសភាជាង ១១០ នឹងអញ្ជើញចូលរួម។ កិច្ចប្រជុំឆ្នាំនេះមានប្រធានបទ "ពិភពលោកចលាចលមួយ៖ កិច្ចសហប្រតិបត្តិការសភា និងពហុភាគីនិយម ដើម្បីសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់ប្រជាជនទាំងអស់" ដែលឆ្លុះបញ្ចាំងពីកង្វល់រួមរបស់សហគមន៍អន្តរជាតិក្នុងបរិបទនៃស្ថានភាពពិភពលោកដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ លោកមានបំណងចង់លើកកំពស់តួនាទីសំខាន់នៃការទូតសភាពហុភាគី ក្នុងការលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍដើម្បីជាប្រយោជន៍នៃប្រជាជនជុំវិញពិភពលោក ជាពិសេសក្នុងការរៀបចំផែនការ និងត្រួតពិនិត្យការអនុវត្តគោលនយោបាយ និងច្បាប់។
ដោយសារតែជាមួយនិងកត្តាទាំងនេះហើយ ទើបអាចបញ្ជាក់បានថា ដំណើរបំពេញទស្សនកិច្ចការងាររបស់ប្រធានរដ្ឋសភាលើកនេះ មានអត្ថន័យធំធេង ទាំងទ្វេភាគី និងពហុភាគី។ តាមទិដ្ឋភាពទ្វេភាគី នេះគឺជាដំណើរទស្សនកិច្ចការងារបរទេសលើកដំបូងរបស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមទៅកាន់ប្រទេសស្វីស និងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ារ៉ុក និងសេណេហ្គាល់។ សម្រាប់ប្រទេសម៉ារ៉ុក នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់មេដឹកនាំសំខាន់ៗមួយរូបរបស់វៀតណាម ក្នុងរយៈពេល៦ឆ្នាំ និងសម្រាប់សេណេហ្គាល់ គឺចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតមក។ ដំណើរបំពេញទស្សនកិច្ចការងាររបស់ប្រធានរដ្ឋសភានឹងរួមចំណែកពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងវៀតណាម និងសេណេហ្គាល់ ម៉ារ៉ុក និងស្វីស។ ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងតំបន់អាហ្វ្រិក និងអឺរ៉ុប។ ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចការងារក៏ជាឱកាសសម្រាប់វៀតណាម ធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការសភាជាមួយដៃគូសេណេហ្គាល់ ម៉ារ៉ុក និងស្វីស ទាក់ទាញធនធានអន្តរជាតិជាអតិបរមា ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍ប្រទេសក្នុងយុគសម័យនៃការអភិវឌ្ឍប្រទេស លើកកំពស់មុខមាត់ និងជំហររបស់វៀតណាមក៏ដូចជារដ្ឋសភាវៀតណាមលើឆាកអន្តរជាតិ។
ទន្ទឹមនឹងនោះ ដំណើរបំពេញទស្សនកិច្ចការងាររបស់ប្រធានរដ្ឋសភាវៀតណាមនឹងរួមចំណែកអះអាងយ៉ាងមុតមាំនូវគោលការណ៍ គោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជំរុញពហុភាគីនិយម បង្កើតការលើកទឹកចិត្តដើម្បីបង្ហាញពីតួនាទីជាសមាជិកប្រកបដោយការទទួលខុសត្រូវ រួមចំណែកជាវិជ្ជមាន និងជាក់ស្តែងរបស់វៀតណាមក្នុងសកម្មភាពរបស់ IPU និងអង្គការសហប្រជាជាតិ និងជំរុញតួនាទីរបស់វៀតណាម និងរដ្ឋសភាវៀតណាមក្នុងឆាកអន្តរជាតិ។
ក្រៅពីចូលរួមដោយផ្ទាល់ក្នុងការដោះស្រាយបញ្ហាអន្តរជាតិសំខាន់ៗ យើងក៏នាំយកមកកិច្ចប្រជុំនូវបទពិសោធន៍ និងជោគជ័យរបស់វៀតណាម ដើម្បីផ្សព្វផ្សាយ និងចែករំលែកជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិនានាអំពីការបង្រួបបង្រួម និងរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រទេស ពង្រឹងទំនាក់ទំនងបរទេស ជំរុញការធ្វើសមាហរណកម្មអន្តរជាតិ គោរពច្បាប់អន្តរជាតិ លើកកម្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជនគ្រប់តំបន់ និងគ្រប់ប្រទេស។
    |
 |
លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេស ផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន |
អ្នកយកព័ត៌មាន៖ តើលោកអាចឱ្យដឹងអំពីទំនាក់ទំនងវៀតណាម-សេណេហ្គាល់ ទំនាក់ទំនងវៀតណាម-ម៉ារ៉ុក ភាពជាដៃគូទូលំទូលាយវៀតណាម-ស្វីស និងការរំពឹងទុករបស់លោកលើដំណើរទស្សនកិច្ចនេះទេ?
លោក Dang Hoang Giang អនុរដ្ឋមន្ត្រី៖ វៀតណាមមានទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយសេណេហ្គាល់ ម៉ារ៉ុក និងស្វីសអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ជាមួយសេណេហ្គាល់ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៦៩ ប្រទេសទាំងពីរបានរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ តែងតែសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ សហគមន៍ភាសាបារាំង និង IPU... កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបានកត់ត្រាការវិវឌ្ឍជាវិជ្ជមានក្នុងរយៈពេលថ្មីៗនេះ។ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៥ ការនាំចេញរបស់វៀតណាមទៅកាន់សេណេហ្គាល់សម្រេចបានជិត ៦០ លានដុល្លារអាមេរិក កើនឡើង ៣ ដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ដំណើរទស្សនកិច្ចនេះនឹងបង្កើតសន្ទុះដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងយន្តការពហុភាគី ជាពិសេសគឺប្រទេសសេណេហ្គាល់ដើរតួនាទីយ៉ាងសំខាន់ ក៏ដូចជាទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរ។
ក្រោយរយៈពេលជិត ៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ទំនាក់ទំនងវៀតណាម-ម៉ារ៉ុក បានអភិវឌ្ឍកាន់តែខ្លាំងឡើងលើគ្រប់បណ្តាញទាំងបីគឺ ទំនាក់ទំនងការទូតបក្ស ការទូតរដ្ឋ និងការទូតរវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរសម្របសម្រួលជាប្រចាំនូវគោលជំហរ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ។ កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរបានអភិវឌ្ឍយ៉ាងល្អទាំងកម្រិតទ្វេភាគី និងពហុភាគី។ បច្ចុប្បន្ន ប្រទេសម៉ារ៉ុកគឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់វៀតណាមនៅអាហ្វ្រិកខាងជើង ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ។ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភានឹងបង្កើតកម្លាំងចលករដ៏រឹងមាំសម្រាប់ភាគីទាំងពីរក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម និងទេសចរណ៍ ឆ្ពោះទៅគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៥០០ លានដុល្លារអាមេរិកក្នុងឆ្នាំខាងមុខ។
ទំនាក់ទំនងវៀតណាម-ស្វីសបានអភិវឌ្ឍយ៉ាងវិជ្ជមានលើវិស័យជាច្រើន បន្ទាប់ពីជាងពាក់កណ្តាលសតវត្សនៃការបង្កើតទំនាក់ទំនងការទូត។ ទាក់ទងនឹងពាណិជ្ជកម្ម ស្វីសគឺជាដៃគូឈានមុខគេរបស់វៀតណាមក្នុងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឈានដល់ ៨១១ លានដុល្លារក្នុងឆ្នាំ ២០២៤ និង ៣៧៥ លានដុល្លារក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥។ ការវិនិយោគរបស់ប្រទេសស្វីសក្នុងប្រទេសវៀតណាម បច្ចុប្បន្នឈានដល់ជាង ២.១ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់ទី ៦ នៅអឺរ៉ុប, ទី២០ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៤៧ ដែលវិនិយោគនៅវៀតណាម។ ក្នុងខែមករា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងប្រធានាធិបតីស្វីស Karin Keller-Sutter បានព្រមព្រៀងគ្នាបង្កើតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ឈរលើមូលដ្ឋាននោះ វៀតណាម និងស្វីសនឹងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ និងសម្របសម្រួលដើម្បីពន្លឿនដំណើរការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និង EFTA បន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដូចជា ការអប់រំ បណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ ទេសចរណ៍ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ល។
ខ្ញុំជឿជាក់ថា ដំណើរបំពេញការងារដើម្បីចូលរួមកិច្ចប្រជុំពិភពលោកលើកទី ៦ របស់បណ្តាប្រធានសភា នៅប្រទេសស្វីស និងបំពេញទស្សនកិច្ចជាផ្លូវការនៅសេណេហ្គាល់ និងម៉ារ៉ុក របស់លោក Tran Thanh Man ប្រធានរដ្ឋសភា នឹងទទួលបានជោគជ័យលើគ្រប់វិស័យ ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អចំពោះតួនាទី កិត្យានុភាព និងការរួមចំណែកជាវិជ្ជមាន និងសំខាន់របស់វៀតណាម និងរដ្ឋសភាវៀតណាម ក្នុងការដោះស្រាយបញ្ហាសកល។
អ្នកយកព័ត៌មាន៖ សូមអរគុណច្រើនលោកអនុរដ្ឋមន្ត្រី!
បកប្រែដោយ Minh Trung