អ្នកយកព័ត៌មាន៖ តើលោកស្រីអាចចែករំលែកពីគោលបំណង និងសារៈសំខាន់នៃដំណើរការងារបានទេ?

លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រី៖ ក្នុងបរិបទពិភពលោក និងស្ថានការណ៍ក្នុងតំបន់កំពុងមានការផ្លាស់ប្តូរវិវឌ្ឍយ៉ាងខ្លាំង ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រីលើកនេះ ជាមួយនិងសកម្មភាពដ៏សម្បូរបែបទាំងលើកម្រិតទ្វេភាគី និងពហុភាគីនឹងបន្តបញ្ជាក់អំពីគោលដៅ និងភារកិច្ចសំខាន់ៗនៃសេចក្តីសម្រេចចិត្តលេខ ៥៩-NQ/TW របស់ការិយាល័យនយោបាយស្តីពីការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី។ ទន្ទឹមនឹងនោះ អនុវត្តជាក់ស្តែងនូវគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្ម ភាពជាមិត្ត ដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

នេះជាលើកទីមួយហើយដែលវៀតណាមបានចូលរួមក្នុងនាមជាប្រទេសដៃគូនៅក្នុងកិច្ចប្រជុំកំពូល BRICS បើកទូលាយ ដែលជាយន្តការសហប្រតិបត្តិការពហុភាគីរវាងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនដែលមានឥទ្ធិពលកាន់តែខ្លាំងឡើងទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។ វៀតណាមក្លាយជាប្រទេសដៃគូ BRICS ក៏ដូចជាចូលរួមកិច្ចប្រជុំកំពូល BRICS គឺការអះអាងនូវតួនាទី និងការរួមចំណែកប្រកបដោយការទទួលខុសត្រូវចំពោះយន្តការពហុភាគី ដោយមានបំណងចង់ខិតខំប្រឹងប្រែងរួមចំណែកលើកកំពស់កិត្យានុភាព និងតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍ លើកកម្ពស់សាមគ្គីភាពអន្តរជាតិ ពហុភាគីនិយម និងគ្រប់ជ្រុងជ្រោយក្នុងស្មារតីគោរពច្បាប់អន្តរជាតិ ព្រមទាំងធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសវៀតណាម ជាមួយសមាជិក BRICS កាន់តែស៊ីជម្រៅថែមទៀត។

ដោយប្រធានបទ “ពង្រឹងកិច្ចសហប្រតិបត្តិការទិសខាងត្បូងដើម្បីអភិបាលកិច្ចប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព” កិច្ចប្រជុំកំពូល BRICS បើកទូលាយឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ពហុភាគីដ៏សំខាន់មួយ ដោយមានការអញ្ជើញចូលរួមពីមេដឹកនាំជាន់ខ្ពស់នៃប្រទេសចំនួន ២០ អគ្គលេខាធិការអង្គការសហប្រជាជាតិ និងមេដឹកនាំនៃអង្គការអន្តរជាតិជាច្រើន។ ជាមួយនឹងអត្ថន័យដ៏មានសារៈសំខាន់បំផុតនោះ ដំណើរទស្សនកិច្ចនេះនឹងជាឱកាសសម្រាប់វៀតណាមក្នុងការបញ្ជូនសារៈសំខាន់ៗចំនួនបី។

ទីមួយ បន្តរាល់សកម្មភាពកិច្ចការបរទេសពហុភាគីកម្រិតខ្ពស់ដ៏រស់រវើករបស់បក្ស និងរដ្ឋវៀតណាម តាំងពីដើមឆ្នាំមកម៉្លេះ ដំណើរបំពេញការងារជាឱកាសសម្រាប់វៀតណាមអះអាងសារជាថ្មីនូវសារសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងការប្តេជ្ញាចិត្ត និងសេចក្តីប្រាថ្នារបស់វៀតណាមក្នុងការអភិវឌ្ឍក្នុងយុគសម័យថ្មីរបស់ប្រទេសជាតិ។ ប្រធានបទនៃកិច្ចប្រជុំគឺជាបញ្ហាដែលសហគមន៍អន្តរជាតិ ជាពិសេសប្រទេសកំពុងអភិវឌ្ឍចាប់អារម្មណ៍នាពេលនេះ ដូចជាការពង្រឹងពហុភាគីនិយម ការធ្វើកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល ជំរុញការអភិវឌ្ឍប្រកបដោយចីរភាពលើទិដ្ឋភាពទាំងបីនៃសេដ្ឋកិច្ច សង្គម និងបរិស្ថាន... ការចូលរួមកិច្ចប្រជុំនេះក៏ជាឱកាសសម្រាប់វៀតណាមចូលរួមយ៉ាងសកម្មក្នុងដំណើរការជំរុញអភិបាលកិច្ចសកលប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព លើកកំពស់កិត្យានុភាពរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍក្នុងរាល់ការរកដំណោះស្រាយចំពោះបញ្ហាប្រឈមបច្ចុប្បន្ននេះ។

ទីពីរ តាមទិដ្ឋភាពទ្វេភាគី ក្នុងបរិបទនៃស្ថានភាពពិភពលោក និងតំបន់មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញជាច្រើន ដំណើរទស្សនកិច្ចនេះបន្តអះអាងថា វៀតណាមជា “មិត្ត និងជាដៃគូដែលអាចទុកចិត្តបាន” របស់មិត្តអន្តរជាតិ។ ដំណើរបំពេញការងាររបស់នាយករដ្ឋមន្ត្រីនឹងជា “ស្ពាន” ទាក់ទងបរទេសដ៏សំខាន់មួយដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងវៀតណាម និងប្រេស៊ីល ព្រមទាំងលើកកំពស់កិត្យានុភាព និងឋានៈរបស់វៀតណាមនៅក្នុងតំបន់អាមេរិកកណ្តាល និងខាងត្បូង។

ជាចុងក្រោយ ដំណើរទស្សនកិច្ចនេះ គឺជាឱកាសមួយសម្រាប់វៀតណាម ដើម្បីជំរុញការធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងតំបន់ប្រកបដោយសក្ដានុពលខ្លាំង ទាក់ទាញធនធានអន្តរជាតិជាអតិបរមា ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍របស់ប្រទេសក្នុងយុគសម័យស្ទុះអភិវឌ្ឍនៃប្រទេសជាតិ។ ប្រទេសសមាជិក BRICS និងប្រទេសភ្ញៀវដែលចូលរួមកិច្ចប្រជុំកំពូល BRICS គឺជាប្រទេសដែលមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ភាពជាដៃគូសំខាន់ និងជាមិត្តប្រពៃណីរបស់វៀតណាម។ ប្រេស៊ីលជាប្រទេសដែលមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដោយមានចំណុចខ្លាំងដែលអាចបំពេញបន្ថែមឱ្យវៀតណាម ស្របតាមទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាម។

leftcenterrightdel
លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

អ្នកយកព័ត៌មាន៖ តើលោកស្រីវាយតម្លៃយ៉ាងណាអំពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ប្រេស៊ីល និងការរំពឹងទុករបស់លោកស្រីចំពោះដំណើរទស្សនកិច្ចការងារនេះរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី?

លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រី៖ បន្ទាប់ពីរយៈពេលជាង ៣៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ទំនាក់ទំនងទ្វេភាគីត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ និងអភិវឌ្ឍកាន់តែខ្លាំងឡើង។ ប្រេស៊ីលជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដ៏សំខាន់ និងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងតំបន់អាមេរិកឡាទីន ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ជិត ៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤។ បន្ទាប់ពីជោគជ័យនៃដំណើរទស្សនកិច្ចកម្រិតខ្ពស់នាពេលថ្មីៗនេះរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល G20 (ខែវិច្ឆិកា ឆ្នាំ២០២៤) និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីប្រេស៊ីល មកកាន់ប្រទេសវៀតណាម (ខែមិនា ឆ្នាំ២០២៥) ភាគីទាំងពីរបន្តរក្សា និងជំរុញយន្តការសន្ទនាទ្វេភាគីជាច្រើន និងផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់។ រាល់វិស័យសំខាន់ៗផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការដូចជា កសិកម្ម ថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការការពារបរិស្ថាន ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាដើម គឺជាសសរស្តម្ភសំខាន់សម្រាប់ផែនការសកម្មភាពអនុវត្តភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរសម្រាប់រយៈពេល២០២៥-២០៣០។ ពិសេសជាងនេះទៅទៀតនោះ ដំណើរទស្សនកិច្ចនេះនឹងក្លាយជាឱកាសសម្រាប់មេដឹកនាំទាំងពីរដើម្បីពិភាក្សាអំពីទិសដៅសំខាន់ៗ ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការកសិកម្ម អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយនៃការធ្វើពិពិធកម្មទីផ្សារ ការធ្វើពិពិធកម្មផលិតផល និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងបរិបទនៃការអភិវឌ្ឍដ៏ស្មុគស្មាញក្នុងពាណិជ្ជកម្មពិភពលោក។ ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចការងារដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ២០២៥ និងធ្វើសកម្មភាពទ្វេភាគីនៅប្រេស៊ីលនឹងទទួលបានជោគជ័យលើគ្រប់វិស័យ ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អចំពោះតួនាទី កិត្យានុភាព និងការរួមវិភាគទានប្រកបដោយការទទួលខុសត្រូវរបស់វៀតណាម តាមនោះរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ក៏ដូចជាក្នុងពិភពលោក៕

បកប្រែដោយ Minh Trung