វៀតណាមចាត់ទុកការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយប្រទេសចិន ជាការផ្តល់អាទិភាពឈានមុខក្នុងគោលនយោបាយការបរទេសរបស់ខ្លួន
កប.អនឡាញ - ក្នុងក្របខ័ណ្ឌចូលរួមកិច្ចប្រជុំអ្នកត្រួសត្រាយផ្លូវប្រចាំឆ្នាំលើកទី១៦ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលប្រព្រឹត្តទៅនៅទីក្រុង Tianjin (WEF Tianjin 2025) និងធ្វើការនៅប្រទេសចិន នារសៀលថ្ងៃទី ២៤ មិថុនា នៅទីក្រុង Tianjin (ប្រទេសចិន) លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានជួបសន្ទនាជាមួយលោក Li Qiang នាយករដ្ឋមន្ត្រីចិន។
នៅក្នុងកិច្ចសន្ទនានេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាតម្រូវការដ៏សំខាន់ ជាជម្រើសធម្មជាតិ និងយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសវៀតណាម ហើយជឿជាក់ថា ប្រទេសចិននឹងបន្តអភិវឌ្ឍ និងលើកកម្ពស់តួនាទីដ៏សំខាន់របស់ខ្លួនក្នុងរាល់បញ្ហាអភិវឌ្ឍ សន្តិសុខ និងអរិយធម៌សកល។ លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានលើកឡើងអំពីការធ្វើកំណែទម្រង់ដ៏រឹងមាំដែលវៀតណាម កំពុងអនុវត្តក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដែលលោក To Lam ជាអគ្គលេខាបក្ស។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជួបសន្ទនាជាមួយលោក Li Qiang នាយករដ្ឋមន្ត្រីចិន |
ពិនិត្យឡើងវិញនូវសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពថា ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរមានការផ្លាស់ប្តូរយ៉ាងរឹងមាំ ជាក់ស្តែង ដោយមានចំណុចលេចធ្លោជាវិជ្ជមានជាច្រើន។ ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យការប្តេជ្ញាចិត្តរួមរវាងថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ ប្រទេសទាំងពីរ និងលទ្ធផលនៃជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរឲ្យក្លាយជាលទ្ធផលជាក់ស្តែង រក្សាទំនាក់ទំនងកម្រិតខ្ពស់ និងគ្រប់កម្រិតជាប្រចាំ លើកកំពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពង្រឹងការសម្របសម្រួលក្នុងក្របខណ្ឌពហុភាគី រក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនៃប្រទេសទាំងពីរ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើថា ភាគីទាំងពីរជំរុញថែមទៀតនូវតួនាទីសំខាន់នៃកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិក្នុងទំនាក់ទំនងទ្វេភាគី ធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសំខាន់ៗលើគ្រប់វិស័យ រក្សាសកម្មភាពទៀងទាត់របស់បណ្តាក្រុមការងារអន្តររដ្ឋាភិបាលអំពីហេដ្ឋារចនាសម្ព័ន្ធលើដីគោក រូបិយវត្ថុ កិច្ចសហប្រតិបត្តិការដែនសមុទ្រ និងរាល់គណៈកម្មាធិការសហប្រតិបត្តិការលើសេដ្ឋកិច្ច-ពាណិជ្ជកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា។ល។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យភាគីទាំងពីរធ្វើសមកាលកម្មផ្លូវដែកស្ដង់ដារចំនួន ៣ ខ្សែតភ្ជាប់វៀតណាម និងចិន ដែលក្នុងនោះផ្តល់អាទិភាពដល់ការជំរុញការចាប់ផ្តើមសាងសង់ខ្សែរថភ្លើង Lao Cai-Hanoi-Hai Phong នៅខែធ្នូ ឆ្នាំ២០២៥។ ដោយមានបំណងចង់ឱ្យមានការអភិវឌ្ឍប្រកបដោយតុល្យភាព និងនិរន្តរភាពនៃពាណិជ្ជកម្មទ្វេភាគី នាយករដ្ឋមន្ត្រីវៀតណាមបានស្នើឱ្យចិនពង្រីកការនាំចូលកសិផលវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់អគ្គិសនី ពន្លឿនការសាងសង់ច្រកទ្វារព្រំដែនឆ្លាតវៃ និងសិក្សាគំរូសាកល្បងសម្រាប់ការសាងសង់តំបន់សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន...។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមវេទិកាតភ្ជាប់ធុរកិច្ចវៀតណាម - ចិន ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សេវាហិរញ្ញវត្ថុទំនើប ការលើកកំពស់សមត្ថភាពផលិតកម្មដោយឈរលើមូលដ្ឋានថាមពលបៃតង ការផលិតឆ្លាតវៃ នវានុវត្តន៍” |
ដោយយល់ស្របនឹងសំណើសហប្រតិបត្តិការរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម លោក Li Qiang នាយករដ្ឋមន្ត្រីចិន សង្ឃឹមថា ប្រទេសទាំងពីរនឹងរៀបចំកិច្ចប្រជុំលើកទី ១៧ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីចិន-វៀតណាម និងយន្តការសន្ទនាយុទ្ធសាស្ត្ររវាងក្រសួងទាំងបី៖ ក្រសួងការបរទេស ក្រសួងនគរបាល និងក្រសួងការពារប្រទេស។ លោក Li Qiang បានអះអាងថា ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីពន្លឿនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយវៀតណាម ដោយសម្តែងនូវការផ្តល់តម្លៃចំពោះគោលបំណងប្រាថ្នារបស់វៀតណាមដែលចង់ចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងខ្នាតស្តង់ដារតភ្ជាប់ប្រទេសទាំងពីរក្នុងពេលឆាប់ៗនេះ។ តាមនោះ លោក Li Qiang បានស្នើថា ភាគីទាំងពីរឆាប់រៀបចំកិច្ចប្រជុំដំបូងនៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការផ្លូវដែក ពន្លឿនការសិក្សាលទ្ធភាព និងអនុវត្តជម្រើសល្អបំផុតដើម្បីអនុវត្តការសាងសង់ដោយឈរលើមូលដ្ឋានធានាវិទ្យាសាស្ត្រ សុវត្ថិភាព និងស្តង់ដារ។
នៅក្នុងកិច្ចពិភាក្សានេះ នាយករដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរមតិដោយស្មោះ និងត្រង់អំពីបញ្ហាដែនសមុទ្រ ដោយបានឯកភាពគ្នាធ្វើការរួមគ្នាដើម្បីគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាឱ្យកាន់តែប្រសើរឡើង ព្រមទាំងរក្សាបាននូវសន្តិភាព និងស្ថិរភាព។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើឱ្យ ភាគីទាំងពីរអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញាចិត្តរួមកម្រិតខ្ពស់ “កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានដឹកនាំការដោះស្រាយបញ្ហាដែនសមុទ្ររវាងវៀតណាម និងចិន” ហើតរួមជាមួយអាស៊ាន ខិតខំសម្រេចឱ្យបានឆាប់នូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដូចដែលភាគីទាំងពីរបានឯកភាពគ្នា។
នាយករដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ដោយយល់ព្រមរក្សាការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការនៅវេទិកាតំបន់ និងអន្តរជាតិ។ លោក Li Qiang បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់វៀតណាមក្នុងការក្លាយជាដៃគូ BRICS។
* នារសៀលថ្ងៃទី ២៤ មិថុនា នៅទីក្រុង Tianjin លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមវេទិកាតភ្ជាប់ធុរកិច្ចវៀតណាម - ចិន ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សេវាហិរញ្ញវត្ថុទំនើប ការលើកកំពស់សមត្ថភាពផលិតកម្មដោយឈរលើមូលដ្ឋានថាមពលបៃតង ការផលិតឆ្លាតវៃ នវានុវត្តន៍”។
មានប្រសាសន៍នៅវេទិកានេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានចាត់ទុកថា៖ លំហ និងកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅតែមានទំហំធំ ដែលក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចរង្វង់... គឺគ្មានដែនកំណត់។ លោកបានស្នើឱ្យរាល់ធុរកិច្ច អាជីវកម្មលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការវិនិយោគ ការបង្កើតការអភិវឌ្ឍក្នុងស្មារតីនៃផលប្រយោជន៍ទៅវិញទៅមកប្រកបដោយសុខដុមរមនា និងហានិភ័យរួមគ្នា៕
បកប្រែដោយ Minh Trung