កំណត់ទម្រង់ខឿនសារព័ត៌មានមួយប្រកបដោយអាជីព មនុស្សធម៌ និងទំនើប
កប.អនឡាញ - នាពេលកន្លងមក សកម្មភាពសារព័ត៌មាននៅទីក្រុងហូជីមិញមានការផ្លាស់ថ្មីឥតឈប់ឈរ លើកកំពស់គុណភាពនៃការឃោសនា បង្ហាញនូវតួនាទីតម្រង់ទិសសាធារណៈមតិដោយស្នាដៃជាច្រើន និងកម្មវិធីស៊ីជម្រៅជាច្រើន ផ្សព្វផ្សាយគុណតម្លៃវិជ្ជមាន។ ក្នុងឱកាសរំលឹកខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ / ២១ មិថុនា ២០២៥) លោក Nguyen Ngoc Hoi អនុប្រធានមន្ទីរវប្បធម៌ និងកីឡាទីក្រុងហូជីមិញបានផ្ដល់បទសម្ភាសន៍ជាមួយកាសែតកងទ័ពប្រជាជនអំពីគោលការណ៍ និងដំណោះស្រាយសម្រាប់ការអភិវឌ្ឍសារព័ត៌មានទីក្រុងក្នុងបរិបទនៃការធ្វើបរិវត្ដកម្មឌីជីថលដែលកំពុងមានការវិវឌ្ឍយ៉ាងខ្លាំងខ្លា។
អ្នកយកព័ត៌មាន៖ តើលោកអាចលើកឡើងនូវទីដ្ឋភាពទូទៅនៃរាល់សកម្មភាពសារព័ត៌មាននៅទីក្រុងហូជីមិញបានទេ?
លោក Nguyen Ngoc Hoi៖ អនុវត្តគោលការណ៍ និងគម្រោងរៀបចំ អភិវឌ្ឍន៍និងគ្រប់គ្រងសារព័ត៌មាននាពេលថ្មីៗនេះ ទីក្រុងហូជីមិញបានអនុវត្ដព្រមៗគ្នានូវដំណោះស្រាយរៀបចំប្រព័ន្ធសារព័ត៌មានឡើងវិញឲ្យចំណាន ប្រសិទ្ធភាពនិងវិទ្យាសាស្ត្រ ពីទីភ្នាក់ងារសារព័ត៌មានចំនួន ២៧ ចុះត្រឹម ១៨ ទីភ្នាក់ងារសារព័ត៌មាន។ ការរៀបចំនេះមិនគ្រាន់តែកាត់បន្ថយចំនួនទីភ្នាក់ងារសារព័ត៌មាននោះទេ សំខាន់ជាងនេះទៅទៀតគឺជួយទីភ្នាក់ងារសារព័ត៌មានក្នុងការផ្លាស់ប្ដូរសកម្មភាព លើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងគុណភាពខ្លឹមសារ និងកសាងសារព័ត៌មានអាជីព និងទំនើបបន្តិចម្តងៗ ដែលភ្ជាប់ជាមួយនឹងនិន្នាការអភិវឌ្ឍបច្ចេកវិទ្យា និងការធ្វើបរិវត្ដកម្មឌីជីថល។
    |
 |
លោក Nguyen Ngoc Hoi អនុប្រធានមន្ទីរវប្បធម៌ និងកីឡាទីក្រុងហូជីមិញ |
បច្ចុប្បន្ននេះ ទីភ្នាក់ងារសារព័ត៌មានរបស់ទីក្រុងហូជីមិញតែងតែគោរពបទបញ្ញត្តិយ៉ាងម៉ឺងម៉ាត់ ឃោសនាតាមគោលការណ៍ ផ្សាយសារព័ត៌មានទាន់ពេលនិងត្រឹមត្រូវអំពីគោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋ។ ព្រមទាំងឆ្លុះបញ្ចាំងយ៉ាងសម្បូរបែប និងរស់រវើកអំពីជីវិតនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាតិនិងទីក្រុង។ ចំណុចមួយគួរឱ្យកត់សម្គាល់គឺថា ក្រៅពីភារកិច្ចនយោបាយ ទីភ្នាក់ងារសារព័ត៌មានរបស់ទីក្រុងបានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អក្នុងសង្គម ដូចជាធ្វើអំពើល្អដោយស្ម័គ្រចិត្តក្នុងសហគមន៍ រហូតដល់ការអប់រំ វប្បធម៌ កីឡា។ល។
អ្នកយកព័ត៌មាន៖ ក្នុងបរិបទនៃការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយ៉ាងទូលំទូលាយ តើការធ្វើបរិវត្ដកម្មឌីជីថលនឹងប៉ះពាល់ដល់សកម្មភាពសារព័ត៌មាននៅទីក្រុងហូជីមិញយ៉ាងដូចម្តេច?
លោក Nguyen Ngoc Hoi៖ ការធ្វើបរិវត្ដកម្មឌីជីថលកំពុងបើកសម័យថ្មីសម្រាប់សារព័ត៌មានទីក្រុងហូជីមិញ - សម័យកាលនៃការផ្លាស់ថ្មី ច្នៃប្រឌិត សមាហរណកម្ម និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នេះជាឱកាសដ៏ល្អសម្រាប់សារព័ត៌មានទីក្រុងលើកកម្ពស់តួនាទីតម្រង់ទិសមតិសាធារណៈ និងរួមដំណើរអភិវឌ្ឍន៍ទីក្រុងក្នុងយុគសម័យឌីជីថល។ យើងអាចមើលឃើញថា ការធ្វើបរិវត្ដកម្មឌីជីថលបានផ្លាស់ប្តូរការធ្វើសារព័ត៌មាន ពីដំណើរការផលិតមាតិកាដល់ការចែកចាយព័ត៌មាន។ បច្ចុប្បន្ននេះ ទីភ្នាក់ងារសារព័ត៌មានរបស់ទីក្រុងលែងដំណើរការដោយយោងតាមគំរូប្រពៃណី ដែលកំពុងផ្លាស់ប្តូរបន្តិចម្តងៗទៅជាគំរូរួមបញ្ចូលប្រភេទសារព័ត៌មានជាច្រើន ដោយផលិតមាតិកាពហុសារព័ត៌មាន។ ប្រការនេះត្រូវបានបង្ហាញដោយការសារព័ត៌មានប្រើទម្រង់ និងប្រភេទសារព័ត៌មានជាច្រើនដូចជា៖ កាសែតបោះពុម្ព កាសែតអេឡិចត្រូនិក បណ្តាញសង្គម podcast វីដេអូឃ្លីប... ដើម្បីឃោសនាដល់សាធារណជន។ អាស្រ័យហេតុនេះ ព័ត៌មានត្រូវបានរីកសាយភាយយ៉ាងឆាប់រហ័ស ទាន់ពេលនិងទាក់ទាញចំណាប់អារម្មណ៍ពីសហគមន៍សង្គម។
អ្នកយកព័ត៌មាន៖ ប្រឈមមុខនឹងគុណសម្បត្តិ និងបញ្ហាប្រឈមបែបនេះ តើទីក្រុងហូជីមិញបានផ្លាស់ប្តូរអ្វីខ្លះ ដើម្បីការធ្វើបរិវត្ដកម្មឌីជីថលក្នុងវិស័យសារព័ត៌មាន?
លោក Nguyen Ngoc Hoi៖ ទីក្រុងហូជីមិញបានចេញផែនការលេខ 5127/KH-UBND ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣ ដើម្បីអនុវត្តយុទ្ធសាស្ត្រនៃការធ្វើបរិវត្ដកម្មឌីជីថលសារព័ត៌មានដល់ឆ្នាំ ២០២៥ និងតម្រង់ទិសដល់ឆ្នាំ ២០៣០ ហើយធ្វើជាមូលដ្ឋានសម្រាប់ទីភ្នាក់ងារសារព័ត៌មាន កំណត់គោលដៅជាក់លាក់ ផែនទីបង្ហាញផ្លូវនិងភារកិច្ចឲ្យស្របតាមស្ថានភាពជាក់ស្ដែង។
បច្ចុប្បន្ននេះ ទីភ្នាក់ងារសារព័ត៌មានរបស់ទីក្រុងបាននិងកំពុងស្រាវជ្រាវយ៉ាងសកម្មក្នុងការធ្វើបរិវត្ដកម្មឌីជីថល ការបណ្តុះបណ្តាល និងបណ្ដុះបណ្ដាលធនធានមនុស្សសារព័ត៌មានឌីជីថល ដើម្បីឆ្លើយតបទៅនឹងនិន្នាការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន។ ទីភ្នាក់ងារសារព័ត៌មានជាច្រើនបានបង្កើតគណៈកម្មាធិការដឹកនាំការធ្វើបរិវត្ដកម្មឌីជីថលនិងផ្លាស់ប្តូរបន្តិចម្តងៗទៅជាគំរូពហុព័ត៌មាន។ ជាទូទៅ ទីក្រុងកំពុងបង្កើតបរិយាកាសសារព័ត៌មានទំនើប ច្នៃប្រឌិត និងសមាហរណកម្មដែលរួមចំណែកលើកកម្ពស់គុណភាពឃោសនា និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងរបស់រដ្ឋសម្រាប់ទីភ្នាក់ងារសារព័ត៌មានក្នុងយុគសម័យឌីជីថល។
អ្នកយកព័ត៌មាន៖ តើលោកអាចចែករំលែកនូវរាល់សកម្មភាពរបស់ទីក្រុងហូជីមិញក្នុងឱកាសរំលឹកខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម?
លោក Nguyen Ngoc Hoi៖ ទីក្រុងហូជីមិញចាត់ទុកនេះជាព្រឹត្តិការណ៍នយោបាយ និងវប្បធម៌មានសារៈសំខាន់ពិសេស ហើយជាឱកាសដើម្បីតបស្នងសងគុណដល់ការរួមចំណែកដ៏ធំធេងរបស់អ្នកសារព័ត៌មានក្នុងប្រវត្តិសាស្ត្របដិវត្តន៍ និងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ក្នុងនាមជាទីភ្នាក់ងារទទួលបន្ទុករៀបចំព្រឹត្ដិការណ៍ មន្ទីរវប្បធម៌និងកីឡាក្រុងហូជីមិញសម្របសម្រួលជាមួយគណៈកម្មាធិការឃោសនាអប់រំ និងចលនាមហាជនទីក្រុង និងសមាគមអ្នកកាសែតទីក្រុង រួមទាំងស្ថាប័ននិងមន្ទីរពាក់ព័ន្ធ ដើម្បីរៀបចំសកម្មភាពដ៏សម្បូរបែប ជាក់ស្តែង ស៊ីជម្រៅ និងរីកសាយភាយក្នុងសហគមន៍ ដូចជារៀបចំជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងប្រគល់រង្វាន់សារព័ត៌មានទីក្រុងហូជីមិញលើកទី ៤៣ រួមទាំងសកម្មភាពតាំងពិពណ៌ ការរត់ប្រណាំង ប្រកួតបាល់ទាត់...
យើងជឿជាក់យ៉ាងមុតមាំថា សកម្មភាពជាបន្តបន្ទាប់ក្នុងឱកាសអបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាមនៅទីក្រុងហូជីមិញ នឹងរួមចំណែកពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងសារព័ត៌មាន អាជ្ញាធរ និងប្រជាជនក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី តម្រង់ទិសខឿនសារព័ត៌មានមួយដោយអាជីព មនុស្សធម៌ ទំនើប ដែលតែងតែរួមដំណើរជាមួយការអភិវឌ្ឍន៍ទីក្រុងហូជីមិញនិងប្រទេសជាតិ។
អ្នកយកព័ត៌មាន៖ សូមអរគុណលោក
បកប្រែដោយ Pham Diep