តភ្ជាប់ធុរកិច្ចផលិត ចែកចាយ និងភស្តុភារ (Logistics) វៀតណាម-កម្ពុជា
កប.អនឡាញ - នាថ្ងៃទី ១៣ ខែកញ្ញា នៅទីក្រុង Tay Ninh ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានសហការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជារៀបចំសន្និសីទតភ្ជាប់ធុរកិច្ចផលិត ចែកចាយ និងភស្តុភារ (Logistics) រវាងវៀតណាម និងកម្ពុជា។
ក្នុងសន្និសីទនេះ តំណាងក្រសួងកសិកម្មនិងបរិស្ថានវៀតណាម បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នាយកដ្ឋានគយ អង្គភាពមួយចំនួនក្រោមការដឹកនាំរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ថ្នាក់ដឹកនាំមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ (កម្ពុជា) រួមជាមួយសមាគម និងធុរកិច្ចគំរូនៃប្រទេសទាំងពីរបានពិភាក្សាអំពីដំណោះស្រាយ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែនវៀតណាម-កម្ពុជា ដើម្បីកសាងខ្សែសង្វាក់ផលិតកម្ម ចែកចាយ និងភស្តុភារ។
    |
 |
សន្និសីទមានការចូលរួមពីប្រតិភូជាង ២០០ នាក់មកពីប្រទេសទាំងពីរ (រូបថត៖ vnanet.vn) |
ប្រតិភូជាច្រើនបានបានលើកឡើងដំណោះស្រាយជាក់លាក់ជាច្រើនដើម្បីជម្រុញពាណិជ្ជកម្មទ្វេភាគី។ ជាពិសេសគឺការឯកភាពគ្នាស្ដីពីស្តង់ដារបច្ចេកទេស; ការវិនិយោគលើការអភិវឌ្ឍខ្សែសង្វាក់ត្រជាក់និងប្រព័ន្ធឃ្លាំង កសាងមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែននៅច្រកទ្វារព្រំដែនម៉ុកបៃ-បាវិត (Tay Ninh - ស្វាយរៀង), ឡេថាញ់-អូយ៉ាដាវ (Gia Lai-រតនគិរី), Ha Tien - ព្រែកចាក (An Giang-កំពត)។ មណ្ឌលសហប្រតិបត្តិការទាំងនេះនឹងផ្តោតលើការអភិវឌ្ឍឧស្សាហកម្មកែច្នៃ ពាណិជ្ជកម្ម សេវាកម្ម និងភស្តុភារ តាមរយៈនោះរួមចំណែកបង្កើតកម្លាំងចលករសម្រាប់ជំរុញពាណិជ្ជកម្មទ្វេភាគីអភិវឌ្ឍប្រកបដោយចីរភាព។
យោងតាមលោកស្រី Phan Thi Thang អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ប្រទេសទាំងពីរគប្បីផ្តោតលើការតភ្ជាប់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែនវៀតណាម-កម្ពុជា ជាមួយនឹងការវិនិយោគដោយព្រមៗគ្នាលើហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន ភស្តុភារ ឃ្លាំងស្តុកទំនិញ ទីផ្សារព្រំដែន និងកិច្ចសហការអន្តរវិស័យ អន្តរតំបន់។ល។
ភាគីទាំងពីរគប្បីបង្កើតលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជា (ការជម្រុញពាណិជ្ជកម្ម ការបោសសំអាតគយ ការគាំទ្រធុរកិច្ច) បង្កើនការអនុវត្តគំរូច្រកទ្វារព្រំដែនឆ្លាតវៃ ដើម្បីជំរុញការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទៅកាន់ទីផ្សារកម្ពុជា ដើម្បីបង្កើនសក្តានុពលនៃការតភ្ជាប់ធុរកិច្ច និងពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជា។
    |
 |
លោកស្រី Phan Thi Thang ថតរូបជាមួយប្រតិភូនៃប្រទេសទាំងពីរក្នុងសន្និសីទ (រូបថត៖ vnanet.vn) |
លោក ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា កម្ពុជាតែងតែលើកទឹកចិត្ត និងស្វាគមន៍ធុរកិច្ច និងអ្នកវិនិយោគវៀតណាម រួមទាំងធុរកិច្ចដែលកំពុងប្រតិបត្តិការនៅប្រទេសវៀតណាមមកវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជាលើគ្រប់វិស័យ ដែលជាពិសេសក្នុងវិស័យដែលមានសក្តានុពល និងតម្លៃបន្ថែមខ្ពស់ ដូចជារថយន្ត កសិកម្មទំនើប អាហារកែច្នៃ អេឡិចត្រូនិក បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យា និងហិរញ្ញវត្ថុ ការស្រាវជ្រាវ និងការអភិវឌ្ឍ ការអប់រំ ការដឹកជញ្ជូន ភស្តុភារ និងទេសចរណ៍។ល។
ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ ធុរកិច្ចវៀតណាម និងកម្ពុជាបានរៀបចំការតាំងពិព័រណ៍ផលិតផលគំរូរបស់ប្រទេសនីមួយៗ ដើម្បីផ្សព្វផ្សាយ និងបង្កើតឱកាសសម្រាប់ការតភ្ជាប់ និងការប្រើប្រាស់ផលិតផល។ នេះក៏ជាឱកាសសម្រាប់ធុរកិច្ចស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការរយៈពេលវែងក្នុងការផលិត ការចែកចាយ និងភស្តុភារ រួមចំណែកជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ព្រមទាំងផ្សព្វផ្សាយអំពីម៉ាកយីហោនៅក្នុងទីផ្សារតំបន់៕
បកប្រែដោយ Thuy Anh