សន្និសីទតភ្ជាប់ធុរកិច្ចផលិត ចែកចាយ និងភស្តុភារ (Logistics) រវាងវៀតណាម និងកម្ពុជានឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែកញ្ញាខាងមុខ
កប.អនឡាញ - នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នឹងសហការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh រៀបចំសន្និសីទតភ្ជាប់ធុរកិច្ចផលិត ចែកចាយ និងភស្តុភារ (Logistics) រវាងវៀតណាម និងកម្ពុជា។
នាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម) បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នឹងសហការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh រៀបចំសន្និសីទតភ្ជាប់ធុរកិច្ចផលិត ចែកចាយ និងភស្តុភារ (Logistics) រវាងវៀតណាម និងកម្ពុជា។
សន្និសីទនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី Phan Thi Thang អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងលោក ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា។ ព្រឹត្តិការណ៍នេះត្រូវបានរំពឹងថានឹងទាក់ទាញការចូលរួមពីធុរកិច្ចវៀតណាម និងកម្ពុជារាប់សិបដែលប្រតិបត្តិការលើវិស័យផលិតកម្ម ការចែកចាយ ភស្តុភារ ការនាំចូល និងនាំចេញតាមច្រកព្រំដែន។
    |
 |
សូមរំលឹកថា នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh រៀបចំសន្និសីទ “តភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញសម្រាប់ការនាំចូល និងនាំចេញ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅខេត្ត Tay Ninh ឆ្នាំ ២០២៥” (រូបថត៖ thuonghieucongluan.com.vn) |
សន្និសីទផ្តោតទៅលើការវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ពាណិជ្ជកម្មតាមព្រំដែនពីឆ្នាំ២០២០ ដល់បច្ចុប្បន្ន និងកំណត់ទិសដៅដើម្បីជំរុញការវិនិយោគ ធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែន និងពង្រីកកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ជាពិសេស សន្និសីទនឹងបង្កើតឱកាសសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរផ្លាស់ប្ដូរ តភ្ជាប់ការផ្គត់ផ្គង់និងតម្រូវការ ការបង្ហាញផលិតផលនៅស្តង់របស់ខ្លួន។ ទន្ទឹមនឹងនោះ សមាគម ធុរកិច្ច និងមូលដ្ឋាននៃភាគីទាំងពីរនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងសហប្រតិបត្តិការ។
នៅខាងក្រៅសន្និសីទ នាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម) នឹងរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់ពាណិជ្ជករ និងអ្នកគ្រប់គ្រងលើហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែន រួមចំណែកលើកកំពស់សមត្ថភាពតភ្ជាប់ និងអភិវឌ្ឍទីផ្សារប្រកបដោយចីរភាព៕
បកប្រែដោយ Thuy Anh