កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-គុយបាត្រូវបានពង្រឹង និងអភិវឌ្ឍដោយឥតឈប់ឈរ
កប.អនឡាញ - នាថ្ងៃទី៩ ខែកញ្ញា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោកវរសេនីយ៍ឯក Román Osvaldo Jiménez Ortega អនុព័ន្ធយោធា កងទ័ពជើងទឹក និងទ័ពជើងអាកាសនៃប្រទេសគុយបាប្រចាំនៅវៀតណាម ដែលមកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម និងលោកវរសេនីយ៍ឯក Ángel Luis Cruz García ក្នុងឱកាសមកបំពេញបេសកកម្មជាអនុព័ន្ធយោធា ទ័ពជើងទឹក និងទ័ពជើងអាកាសរបស់គុយបានៅប្រទេសវៀតណាម។
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang អបអរសាទរចំពោះលោកវរសេនីយ៍ឯក Román Osvaldo Jiménez Ortega ដែលបានបញ្ចប់អាណត្តិដោយជោគជ័យនៅវៀតណាម។ លោកមានសេចក្តីសោមនស្សរីករាយដែលឃើញថាក្នុងរយៈពេលកន្លងមក ជាមួយនឹងការរួមចំណែកជាវិជ្ជមានរបស់លោកវរសេនីយ៍ឯក Román Osvaldo Jiménez Ortega ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-គុយបាត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ ដែលជាចំណុចភ្លឺក្នុងទំនាក់ទំនងរួមរវាងប្រទេសទាំងពីរ។
ដោយអបអរសាទរចំពោះលោកវរសេនីយ៍ឯក Ángel Luis Cruz García ដែលត្រូវបានតែងតាំងជាអនុព័ន្ធយោធា កងទ័ពជើងទឹក និងទ័ពជើងអាកាសគុយបាប្រចាំនៅវៀតណាម លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang សង្ឃឹមថា លោកវរសេនីយ៍ឯក Ángel Luis Cruz García នឹងបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីពង្រីកលទ្ធផលដែលភាគីទាំងពីរសម្រេចបាន ហើយបន្តជម្រុញឲ្យស៊ីជ្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ដោយផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា រក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការងារបក្ស ការងារនយោបាយ។ល។
លោកវរសេនីយ៍ឯក Román Osvaldo Jiménez Ortega បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម និងស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារប្រទេសវៀតណាម ដែលបានយកចិត្តទុកដាក់ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់លោកបញ្ចប់អាណត្តិនៅវៀតណាមរបស់ខ្លួនប្រកបដោយជោគជ័យ។ លោកវរសេនីយ៍ឯក Román Osvaldo Jiménez Ortega បានបញ្ជាក់ថា ក្នុងឋានៈណាក៏ដោយ ក៏លោកនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។
ទន្ទឹមនឹងនោះ លោកវរសេនីយ៍ឯក Ángel Luis Cruz García បានអះអាងថា លោកនឹងសហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីប្រកបដោយប្រសិទ្ធភាព៕
បកប្រែដោយ Thuy Anh