លោកនាយឧត្តមសេនីយ៍ Phan Van Giang បានមានប្រសាសន៍ថា ការដែលក្រសួងការពារប្រទេសវៀតណាមសាងសង់រូបសំណាកសម្តែងការដឹងគុណចំពោះអ្នកជំនាញយោធាសហភាពសូវៀត (រួមទាំងអ្នកជំនាញអាស៊ែបៃហ្សង់) នៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម បានបង្ហាញពីមនោសញ្ចេតនារបស់បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមចំពោះការជួយឧបត្ថម្ភដ៏មានតម្លៃរបស់អាស៊ែបៃហ្សង់ ក្នុងការតស៊ូរបស់វៀតណាម រួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Zakir Hasanov

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា វៀតណាមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេស ឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនងការបរទេស ហើយរក្សាគោលនយោបាយការពារជាតិ “៤ មិន” ទស្សនៈឥតងាករេរបស់វៀតណាមគឺដោះស្រាយរាល់ជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ កិច្ចសន្យាអន្តរជាតិ និងតំបន់ដូចជា សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) គាំទ្រការជំរុញការចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយជាក់ស្តែង ប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Zakir Hasanov ត្រួតពលកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម

ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រូវបានជំរុញដោយភាគីទាំងពីរ ស្របតាមទំនាក់ទំនងថ្នាក់រដ្ឋ។ អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនាពេលខាងមុខ ដោយឈរលើមូលដ្ឋាននៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលចុះហត្ថលេខានោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសការពារជាតិនៃប្រទេសទាំងពីរជួបជុំ និងសហប្រតិបត្តិការលើវិស័យការពារជាតិ ពាណិជ្ជកម្មយោធា ភស្តុភារ និងបច្ចេកវិទ្យា គាំទ្រសកម្មភាពពហុភាគីអន្តរជាតិ ដែលរៀបចំឡើងដោយភាគីនីមួយៗ។ ទន្ទឹមនឹងនោះ សិក្សាការពង្រីកវិស័យសហប្រតិបត្តិការ ដែលភាគីទាំងពីរមានតម្រូវការ និងសក្តានុពល។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Zakir Hasanov ចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងស្តីពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលយោធិន

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានមានបំណងថាភាគីទាំងពីរសិក្សាការបើកការិយាល័យអនុព័ន្ធយោធានីមួយៗ ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍និស្សិតយោធាអាស៊ែបៃហ្សង់ មករៀនភាសាវៀតណាមនៅវិទ្យាស្ថានវិទ្យាសាស្ត្រយោធា និងចូលរួមវគ្គបណ្តុះបណ្តាលមន្ត្រីការពារជាតិអន្តរជាតិនៅវិទ្យាស្ថានការពារជាតិ។

រីឯលោកឧត្តមសេនីយ៍ឯក Zakir Hasanov បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រសួងការពារប្រទេសវៀតណាម ដែលបានអញ្ជើញគណៈប្រតិភូមកចូលរួមពិធីរំលឹកខួប និងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ព្រមទាំងសម្តែងនូវសេចក្តីរីករាយដែលបានឃើញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានតម្លើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។

លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ែបៃហ្សង់បានសង្កត់ធ្ងន់ថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានច្រើនណាស់ដោយសង្ឃឹមថាភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិយ៉ាងសកម្ម ដោយហេតុនោះ រួមចំណែកប្រកបដោយជាក់ស្តែង និងប្រសិទ្ធភាពដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

* នៅចុងបញ្ចប់នៃកិច្ចពិភាក្សា រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលយោធិន៕

បកប្រែដោយ Huyen Trang