លោកឧត្តមសេនីយ៍ឯក Thai Dai Ngoc បានសង្កត់ធ្ងន់ថា ក្នុងទំនាក់ទំនងរវាងវៀតណាម និងគុយបា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភដ៏សំខាន់មួយ រួមចំណែកពង្រឹងទំនាក់ទំនងសាមគ្គីភាពជាប្រពៃណី និងមិត្តភាពពិសេសរវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឧត្តមសេនីយ៍ឯក Thai Dai Ngoc បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានរដ្ឋធានីហាណូយ និងយោធភូមិភាគ Habana ក្នុងរយៈពេលកន្លងមក ព្រមទាំងជឿជាក់ថា ការចុះហត្ថលេខាលើកំណត់ហេតុចងសម្ព័ន្ធភាពក្នុងដំណើរទស្សនកិច្ចលើកនេះ នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ស្របតាមតម្រូវការ និងលក្ខខណ្ឌរបស់ភាគីនីមួយៗ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Thai Dai Ngoc ទទួលជួបលោកឧត្តមសេនីយ៍ទោ Ernest Feijóo Eiró

លោកឧត្តមសេនីយ៍ឯក Thai Dai Ngoc បានអះអាងថា អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បញ្ជាការដ្ឋានរដ្ឋធានីហាណូយ និងយោធភូមិភាគ Habana រៀបចំ និងអនុវត្តសកម្មភាពសហប្រតិបត្តិការតាមកំណត់ហេតុចងសម្ព័ន្ធភាព ទន្ទឹមនឹងនោះ បញ្ជាឱ្យយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម សម្របសម្រួលជាមួយក្រុមកងទ័ពភាគខាងលិច ដើម្បីសិក្សា និងលើកឡើងសកម្មភាពសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងស្របតាមតម្រូវការរបស់ភាគីទាំងពីរ ដើម្បីកសាង និងឆ្ពោះទៅការចុះហត្ថលេខាលើកំណត់ហេតុចងសម្ព័ន្ធភាពរវាងអង្គភាពទាំងពីរ ស្របតាមទិសដៅរបស់ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម និងក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបទុកជាអនុស្សាវរីយ៍

រីឯលោកឧត្តមសេនីយ៍ទោ Ernest Feijóo Eiró បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធីរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងអបអរសាទរវៀតណាមចំពោះការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះប្រកបដោយជោគជ័យ។

លោកឧត្តមសេនីយ៍ទោ Ernest Feijóo Eiró បានសម្តែងនូវការចាប់អារម្មណ៍ចំពោះបរិយាកាសរីករាយ អបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាម ថ្ងៃទី២ ខែកញ្ញា ដោយបញ្ជាក់ពីទំនាក់ទំនងសាមគ្គីភាពជិតស្និទ្ធរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ព្រមទាំងសង្ឃឹមថា បញ្ជាការដ្ឋានរដ្ឋធានីហាណូយ និងយោធភូមិភាគ Habana នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃសកម្មភាពសហប្រតិបត្តិការរវាងភាគីទាំងពីរ៕

បកប្រែដោយ Huyen Trang