បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក Álvaro López Miera។
ដំណើរទស្សនកិច្ចដ៏មានអត្ថន័យ
អញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ច និងកិច្ចពិភាក្សាការងារមានវត្តមានលោកឧត្តមសេនីយ៍ឯក Thai Dai Ngoc សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ក្នុងរយៈពេល ៦៥ ឆ្នាំកន្លងទៅ ទំនាក់ទំនងវៀតណាម-គុយបាបានក្លាយទៅជាគំរូនៃចំណងសាមគ្គីភាពអន្តរជាតិ បរិសុទ្ធ ស្មោះត្រង់ និងរឹងមាំ។ ថ្វីត្បិតតែនៅឆ្ងាយពីគ្នាក៏ដោយ ក៏ប្រជាជននៃប្រទេសទាំងពីរតែងតែជួយគាំទ្រគ្នាទៅវិញទៅមក។ វៀតណាមមិនភ្លេចការគាំទ្រដ៏ធំធេងរបស់គុយបាក្នុងអំឡុងពេលដ៏លំបាកនៃការតស៊ូដើម្បីឯករាជ្យជាតិ និងការបង្រួបបង្រួមជាតិ ក៏ដូចជាក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនាពេលបច្ចុប្បន្ន។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Álvaro López Miera ក្នុងពិធីទទួលបដិសណ្ឋារកិច្ច |
លោកឧត្តមសេនីយ៍ឯក Álvaro López Miera បានសង្កត់ធ្ងន់ថា គុយបាតែងតែមានមោទនភាពដែលមានវៀតណាមជាប្រទេសបងប្អូន ហើយសម្តែងនូវការត្រៀមខ្លួនជាស្រេចក្នុងការជំរុញ និងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ តាមរយៈនោះ រួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងសាមគ្គីភាពជាប្រពៃណី និងមិត្តភាពពិសេសរវាងវៀតណាម និងគុយបា។
នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក តំបន់ និងកងទ័ពនៃប្រទេសនីមួយៗ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍ ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មនូវទំនាក់ទំនងបរទេស ត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេស និងអង្គការអន្តរជាតិទាំងឡាយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ អនុវត្ដគោលនយោបាយការពារជាតិ "៤ មិន" ខិតខំដោះស្រាយរាល់វិវាទ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ គោរពអង្គការពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ និងអាស៊ាន។
នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ភាគីទាំងពីរបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការលើវិស័យការពារជាតិ ដំណាក់កាល ២០២៦-២០២៨ រវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា។
ជំរុញកិច្ចសហប្រតិបត្តិការក្នុងការងារបក្ស និងការងារនយោបាយក្នុងជួរកងទ័ព
នាព្រឹកថ្ងៃទី ៣ ខែកញ្ញា លោកនាយឧត្តមសេនីយ៍ Trinh Van Quyet លេខាមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានទទួលជួបជាមួយលោកឧត្តមសេនីយ៍ឯក Álvaro López Miera។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Trinh Van Quyet ជូនអំណោយដល់លោកឧត្តមសេនីយ៍ឯក Álvaro López Miera |
នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Trinh Van Quyet បានសង្កត់ធ្ងន់ថា វៀតណាមចងចាំជានិច្ចនូវជំនួយដ៏ធំធេងដែលគុយបាបានផ្តល់ដល់វៀតណាមក្នុងដំណើរការការពារ និងកសាងប្រទេសជាតិ។ ក្នុងឱកាសឆ្នាំមិត្តភាពវៀតណាម-គុយបាឆ្នាំ២០២៥ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ មជ្ឈិមសមាគមកាកបាទក្រហមវៀតណាមបានរៀបចំកម្មវិធីឧបត្ថម្ភសាច់ប្រាក់នៅទូទាំងប្រទេសដើម្បីជួយប្រជាជនគុយបាជំនះពុះពារលើបញ្ហាប្រឈមនិងការលំបាក។ កម្មវិធីនេះមានការចូលរួមពីប្រជាជនវៀតណាមរាប់លាននាក់។ នេះមិនត្រឹមតែជាការគាំទ្រប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការដឹងគុណចំពោះប្រទេស និងប្រជាជនគុយបាផងដែរ។
យោងតាមលោកនាយឧត្តមសេនីយ៍ Trinh Van Quyet កិច្ចសហប្រតិបត្តិការក្នុងការងារបក្ស និងការងារនយោបាយរវាងកងទ័ពប្រជាជនវៀតណាម និងកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបានាពេលកន្លងមកនេះ សម្រេចបានលទ្ធផលសំខាន់ៗមួយចំនួន តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការងារបក្ស និងការងារនយោបាយក្នុងកងទ័ពដែលចុះហត្ថលេខានាខែធ្នូ ឆ្នាំ២០២២។
លោកឧត្តមសេនីយ៍ឯក Álvaro López Miera បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ រវាងវៀតណាម និងគុយបានាពេលកន្លងមកនេះ សម្រេចបានប្រសិទ្ធភាពជាច្រើន រួមទាំងការងារបក្ស និងការងារនយោបាយ ហើយសង្ឃឹមថា ភាគីទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធ ជាពិសេសក្នុងការផ្សព្វផ្សាយអំពីទំនាក់ទំនងសាមគ្គីភាពជាប្រពៃណី និងមិត្តភាពពិសេសរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។
បញ្ជាក់ពីទំនាក់ទំនងដ៏បរិសុទ្ធ ស្មោះត្រង់ និងរឹងមាំ
នារសៀលថ្ងៃទី ៣ ខែកញ្ញា លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានជួបជាមួយលោកឧត្តមសេនីយ៍ឯក Álvaro López Miera។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ទទួលជួបលោកឧត្តមសេនីយ៍ឯក Álvaro López Miera |
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសង្កត់ធ្ងន់ថា វៀតណាមនិងគុយបា មានទំនាក់ទំនងសាមគ្គីភាព និងជិតស្និទ្ធក្នុងការតស៊ូដើម្បីឯករាជ្យជាតិ និងកសាង អភិវឌ្ឍប្រទេសជាតិ។ ក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្លាយជាគំរូទំនាក់ទំនងដ៏បរិសុទ្ធ ស្មោះត្រង់ និងជាគំរូដ៏កម្រក្នុងទំនាក់ទំនងអន្តរជាតិ។
នាពេលខាងមុខ ដោយផ្អែកលើខ្លឹមសារដែលចុះហត្ថលេខាដោយថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមនឹងដឹកនាំស្ថាប័ន អង្គភាពមានសមត្ថកិច្ច ក្នុងការអនុវត្តផែនការសហប្រតិបត្តិការការពារជាតិក្នុងរយៈពេល ៣ ឆ្នាំ ដំណាក់កាល ២០២៦-២០២៨ ជម្រុញការចងមេត្រីភាពរវាងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ស្របតាមលក្ខខណ្ឌ និងសមត្ថភាពរបស់ភាគីនីមួយៗ រួមចំណែកលើកកំពស់សមត្ថភាពការពារមាតុភូមិរបស់កងទ័ពក្នុងស្ថានភាពថ្មី។
ដោយផ្ដល់យោបល់អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ឯក Álvaro López Miera សង្ឃឹមថា ភាគីទាំងពីរនឹងបន្តសហការដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានសក្តានុពល និងតម្រូវការ។ លោកឧត្តមសេនីយ៍ឯក Álvaro López Miera បានអះអាងថា លោកនឹងខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងរវាងកងទ័ពវៀតណាម និងកងទ័ពគុយបាឲ្យកាន់តែជិតស្និទ្ធ៕
បកប្រែដោយ Thuy Anh