ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ឥណ្ឌាឱ្យស៊ីជម្រៅ
កប.អនឡាញ - នារសៀលថ្ងៃទី៨ ខែកញ្ញា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួប លោក Sandeep Arya ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម ។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរលោកឯកអគ្គរដ្ឋទូត Sandeep Arya ក្នុងអាណត្តិដ៏ជោគជ័យរបស់លោកជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោកឯកអគ្គរដ្ឋទូតនាពេលកន្លងមក ដែលបានរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន កាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិផងដែរ។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឯកអគ្គរដ្ឋទូត Sandeep Arya |
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា វៀតណាមយកចិត្តទុកដាក់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោកបានសម្តែងនូវសេចក្តីរីករាយដែលបានឃើញថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងឥណ្ឌានាពេលកន្លងមកត្រូវបានភាគីទាំងពីរជំរុញពង្រីកឥតឈប់ឈរ កាន់តែស៊ីជម្រៅ និងកាន់តែជាក់ស្តែង ភាគីទាំងពីររក្សាបាននូវការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ និងប្រកបដោយប្រសិទ្ធភាព ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ យន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនា ការបណ្តុះបណ្តាលធនធានមនុស្ស រួមទាំងកិច្ចសហប្រតិបត្តិការយោធា អង្គការសហប្រជាជាតិ និងការរក្សាសន្តិភាព...
ថ្លែងអរគុណលោកឯកអគ្គរដ្ឋទូត Sandeep Arya ចំពោះការយកចិត្តទុកដាក់ និងការសម្របសម្រួលក្នុងអំឡុងពេលកាន់តំណែងនៅវៀតណាម ដើម្បីជំរុញខ្លឹមសារកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងក្រសួងការពារប្រទេសទាំងពីរ លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថា នាពេលខាងមុខ ក្រសួងការពារជាតិទាំងពីរនឹងបន្តអនុវត្តខ្លឹមសារសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជឿជាក់ថា លើគ្រប់មុខតំណែង លោកឯកអគ្គរដ្ឋទូត Sandeep Arya តែងតែបំពេញភារកិច្ចដែលបានប្រគល់ជូនយ៉ាងល្អ បន្តផ្តល់មនោសញ្ចេតនាល្អជូនចំពោះប្រជាជន និងកងទ័ពប្រជាជនវៀតណាម រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ឥណ្ឌា។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនឯកអគ្គរដ្ឋទូត Sandeep Arya |
លោកឯកអគ្គរដ្ឋទូត Sandeep Arya បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីរវាងឥណ្ឌា និងវៀតណាមទទួលបានលទ្ធផលវិជ្ជមានជាច្រើនក្នុងរយៈពេលថ្មីៗនេះ ជាពិសេសលើវិស័យ៖ ការបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធន៍ កិច្ចសហប្រតិបត្តិការរវាងកងទ័ព ក៏ដូចជាការផ្លាស់ប្តូរគណៈប្រតិភូ និងការបញ្ជូននាវាទៅទស្សនកិច្ចគ្នាទៅវិញទៅមក។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ឥណ្ឌាត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាមួយវៀតណាមក្នុងការអនុវត្តបច្ចេកវិទ្យា កសាងកម្មវិធីសហប្រតិបត្តិការបណ្តុះបណ្តាល និងលើកកំពស់សមត្ថភាពដោយផ្អែកលើអាទិភាព និងបំណងប្រាថ្នារបស់ភាគីវៀតណាម។
លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តជំរុញកម្មវិធី និងគម្រោងដែលកំពុងអនុវត្ត ហើយទន្ទឹមនឹងនោះ ស្រាវជ្រាវ និងពង្រីកទៅលើវិស័យថ្មីៗ ដែលភាគីទាំងពីរមានតម្រូវការ និងសក្តានុពល។
បកប្រែដោយ Duy Hoan