គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមអញ្ជើញចូលរួមកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលឆ្នាំ២០២៥
កប.អនឡាញ - តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាសំខាន់នៅឯកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលលើកទី ១៤ (SDD-14) នៅកូរ៉េខាងត្បូង។
ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គលើកទី២ ក្រោមប្រធានបទ “កាត់បន្ថយភាពតានតឹងខាងយោធា និងបង្កើតទំនុកចិត្តយូរអង្វែង” លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពិភពលោកកំពុងឈានចូលដល់ដំណាក់កាលអស្ថិរភាពថ្មី បញ្ហាប្រឈមទាំងនេះបានធ្វើឱ្យប្រទេសនានាធ្លាក់ចូលទៅក្នុងរង្វង់នៃមន្ទិលសង្ស័យ ការធ្លាក់ចុះនៃការជឿទុកចិត្តជាយុទ្ធសាស្ត្រ ដែលនាំឱ្យមានភាពតានតឹងខាងយោធា និងការប្រណាំងសព្វាវុធ។ បទពិសោធន៍ប្រវត្តិសាស្ត្រអន្តរជាតិបង្ហាញថា យន្តការ និងវេទិកាពហុភាគីដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពតានតឹងខាងយោធា និងការកសាងទំនុកចិត្តជាយុទ្ធសាស្ត្រយូរអង្វែង។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែងសុន្ទរកថាក្នុងកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលលើកទី១៤ |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំកន្លងមក វៀតណាមបានអនុវត្តជានិច្ចនូវគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយត្រៀមខ្លួនជាស្រេចក្លាយជាមិត្ត និងដៃគូដែលអាចជឿទុកចិត្តបានរបស់ប្រទេសទាំងអស់លើពិភពលោក ទន្ទឹមនឹងនោះក៏ជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ក្នុងវិស័យការពារជាតិ វៀតណាមតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយ “៤ មិន” ហើយទន្ទឹមនឹងនោះបានចាត់ទុកតម្លាភាពនៃព័ត៌មានយោធា អនុលោមតាមច្បាប់អន្តរជាតិ និងកិច្ចសន្យាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ជាមូលដ្ឋានសម្រាប់កសាងទំនុកចិត្តយូរអង្វែង។ អំពីបញ្ហាសមុទ្រខាងកើត គោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមគឺរាល់ជម្លោះដែនសមុទ្រត្រូវតែដោះស្រាយដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ អនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព និងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយជាក់ស្តែង ប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ។
ដើម្បីកាត់បន្ថយភាពតានតឹងខាងយោធា និងបង្កើតទំនុកចិត្តយូរអង្វែង លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានលើកឡើងដំណោះស្រាយចំនួន ៥ ក្រុម រួមមាន៖ ទីមួយ អនុលោមតាមច្បាប់អន្តរជាតិ។ ទី២ បន្តលើកកម្ពស់ពហុភាគីនិយម លើកកំពស់តួនាទីរបស់អង្គការអន្តរជាតិ រួមគ្នារក្សា និងពង្រីកកិច្ចសន្ទនាយុទ្ធសាស្ត្រលើវិស័យការពារជាតិ-សន្តិសុខ-ការទូតនៅគ្រប់លំដាប់ថ្នាក់។ ទី៣ គោរពឯករាជ្យ និងអធិបតេយ្យភាពទឹកដី។ ទី៤ ពង្រឹងតម្លាភាពក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រ។ ទី៥ សន្យាសហប្រតិបត្តិការ រក្សាសន្តិភាព ស្ថិរភាព និងការកសាងទំនុកចិត្តជាយុទ្ធសាស្ត្រក្នុងតំបន់ និងអន្តរជាតិ។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានបញ្ជាក់ថា ការកាត់បន្ថយភាពតានតឹងខាងយោធា និងការបង្កើតទំនុកចិត្តយូរអង្វែង មិនត្រឹមតែជាជម្រើសនយោបាយប៉ុណ្ណោះទេ ថែមទាំងជាកត្តាចាំបាច់ក្នុងគោលបំណងរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងសតវត្សរ៍ទី ២១ ទៀតផង៕
បកប្រែដោយ Huyen Trang