ស្ពានតភ្ជាប់គួរឲ្យទុកចិត្តសម្រាប់អ្នកសារព័ត៌មាន
កប.អនឡាញ - បន្ទាប់ពីដំណើរការអស់រយៈពេល ៦ ឆ្នាំមក មជ្ឈមណ្ឌលសារព័ត៌មានទីក្រុងហូជីមិញបានក្លាយជាស្ពានតភ្ជាប់គួរឲ្យទុកចិត្តរវាងអាជ្ញាធរនិងសារព័ត៌មាន រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសារព័ត៌មានទីក្រុង។
ផ្លាស់ប្ដូរយោបល់ជាមួយយើង លោក Nguyen Van Khanh នាយករងមជ្ឈមណ្ឌលសារព័ត៌មានទីក្រុងហូជីមិញឲ្យដឹងថា៖ “នេះគឺជាមជ្ឈមណ្ឌលសារព័ត៌មានដំបូងគេនៅក្នុងប្រទេសវៀតណាមអនុវត្តមុខងារគឺផ្តល់សេវាកម្មទាក់ទងនឹងសកម្មភាពសារព័ត៌មាន បង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់សកម្មភាពរបស់ទីភ្នាក់ងារសារព័ត៌មានរបស់ទីក្រុងហូជីមិញ មជ្ឈិម មូលដ្ឋាន និងតំណាងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិប្រចាំតំបន់។
នាពេលថ្មីៗនេះ មជ្ឈមណ្ឌលសារព័ត៌មានទីក្រុងហូជីមិញអនុវត្ដមុខងាររបស់ខ្លួនជាចំណុចទំនាក់ទំនងសម្រាប់ស្នើសុំថ្នាក់ដឹកនាំទីក្រុង និងស្ថាប័នពាក់ពាន់ផ្តល់ព័ត៌មាននិងតម្រង់ទិសព័ត៌មានអំពីបញ្ហាកង្វល់របស់សាធារណៈជន ក៏ដូចជាការប្រមូលព័ត៌មាន និងដោះស្រាយព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន។ មជ្ឈមណ្ឌលរៀបចំសន្និសីទសារព័ត៌មាន ព្រឹត្តិការណ៍សារព័ត៌មាន ផ្សព្វផ្សាយ សិក្ខាសាលា និងសម្របសម្រួលរៀបចំវគ្គបណ្ដុះបណ្ដាល និងបំប៉នជំនាញសារព័ត៌មាន។ល។
    |
 |
សកម្មភាពមន្ត្រី និងបុគ្គលិកនៃមជ្ឈមណ្ឌលសារព័ត៌មានទីក្រុងហូជីមិញ |
អ្នកកាសែត Nguyen Hoai Phuong (កាសែត Tuoi Tre) បានចែករំលែកថា៖ “ការលំបាកបំផុតមួយរបស់អ្នកសារព័ត៌មានគឺការទទួលបានព័ត៌មានផ្លូវការ ជាពិសេសបញ្ហាទាក់ទងនឹងការដឹកនាំ និងការគ្រប់គ្រងរបស់ទីក្រុង។ មជ្ឈមណ្ឌលសារព័ត៌មានទីក្រុងហូជីមិញ បានលើកកម្ពស់តួនាទីយ៉ាងល្អក្នុងការតភ្ជាប់។ ចាប់តាំងពីមជ្ឈមណ្ឌលសារព័ត៌មានចាប់ផ្តើមដំណើរការមក ការងាររបស់ខ្ញុំ និងសហការីរបស់ខ្ញុំមានភាពងាយស្រួលជាងពេលមុន ហើយមានព័ត៌មាន អត្ថបទច្រើនជាង អាស្រ័យហេតុនេះ ការផ្សាយព័ត៌មានបានទាន់ពេល"។
ឈានចូលដំណាក់កាលនៃការអភិវឌ្ឍន៍ថ្មី ជាពិសេសការធ្វើបរិវត្ដកម្មឌីជីថល មជ្ឈមណ្ឌលអ្នកសារព័ត៌មានទីក្រុងហូជីមិញក៏ប្រឈមមុខនឹងបញ្ហាជាច្រើនផងដែរ ចាប់ពីការបន្ថែមឧបករណ៍ទំនើបៗដល់ការអភិវឌ្ឍន៍កម្មវិធី និងឧបករណ៍បញ្ញាសិប្បនិម្មិត ដើម្បីគាំទ្រការងាររបស់អ្នកសារព័ត៌មាន។ ទន្ទឹមនឹងនោះ មជ្ឈមណ្ឌលក៏លើកកម្ពស់គុណភាពបណ្តុះបណ្តាលអ្នកនាំពាក្យគ្រប់លំដាប់ថ្នាក់ និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។
យោងតាមអ្នកសារព័ត៌មានជាច្រើនដែលបានធ្វើការនៅមជ្ឈមណ្ឌលសារព័ត៌មានទីក្រុងហូជីមិញឲ្យដឹងថា បច្ចុប្បន្នក្នុងបរិបទនៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល មជ្ឈមណ្ឌលសារព័ត៌មានគួរតែបន្តលើកកម្ពស់តួនាទីរបស់ខ្លួនជាអង្គភាពត្រួសត្រាយផ្លូវ ជាស្ពានតភ្ជាប់មានប្រសិទ្ធភាព និងអនុវត្តបច្ចេកវិទ្យាទំនើបជាច្រើនក្នុងដំណើរការការងាររបស់ក្រុមអ្នកសារព័ត៌មាន។ មជ្ឈមណ្ឌលត្រូវតាមដានយ៉ាងដិតដល់នូវបញ្ហាក្តៅគគុកដែលអ្នកអានចាប់អារម្មណ៍ ដើម្បីផ្ដល់យោបល់ និងទំនាក់ទំនងជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីផ្សាយព័ត៌មានទាន់ពេល និងរហ័សដល់ទីភ្នាក់ងារសារព័ត៌មាន។
ពិភាក្សាបន្ថែមអំពីបញ្ហានេះ លោក Nguyen Van Khanh បាននិយាយថា មជ្ឈមណ្ឌលយល់ច្បាស់ពីរាល់បញ្ហាដែលនៅតែជាប់គាំងក្នុងដំណើរការការងាររបស់អ្នកសារព័ត៌មាន ហើយកំពុងខិតខំប្រឹងប្រែងដើម្បីសម្របខ្លួនទៅនឹងការធ្វើបរិវត្ដកម្មឌីជីថលដ៏ខ្លាំងក្លាក្នុងវិស័យសារព័ត៌មាន។
បច្ចុប្បន្ននេះ គម្រោងធ្វើឱ្យប្រសើរឡើងនូវមជ្ឈមណ្ឌលសារព័ត៌មានទីក្រុងហូជីមិញឱ្យក្លាយជាមជ្ឈមណ្ឌលពហុព័ត៌មាន ទំនើបកំពុងរង់ចាំការអនុម័ត។ ការធ្វើឱ្យប្រសើរនេះនឹងជួយឱ្យមជ្ឈមណ្ឌលក្លាយជាចំណុចទំនាក់ទំនងសម្រាប់ការផ្តល់ព័ត៌មានគ្រប់គ្រាន់ ត្រឹមត្រូវ ទាន់ពេលវេលា ទន្ទឹមនឹងនោះ មានសមត្ថភាពគ្រប់គ្រាន់សម្រាប់បម្រើដល់ព្រឹត្តិការណ៍សំខាន់ៗថ្នាក់ជាតិ និងអន្តរជាតិ៕
បកប្រែដោយ Pham Diep