វៀតណាម និងអាមេរិក ជំរុញការចរចាថ្នាក់រដ្ឋមន្ត្រីស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម
នារសៀលថ្ងៃទី ១៦ ឧសភា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម APEC លើកទី៣១ (MRT ៣១) នៅទីក្រុង Jeju ប្រទេសកូរ៉េខាងត្បូង លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ប្រធានគណៈប្រតិភូចរចាររដ្ឋាភិបាល បានជួបសន្ទនាជាមួយលោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR)។
នេះជាការចរចាថ្នាក់រដ្ឋមន្ត្រីដោយផ្ទាល់លើកដំបូងរវាងវៀតណាមនិងអាមេរិក បន្ទាប់ពីសម័យចរចាតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ១២ មេសា ក្នុងបំណងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-អាមេរិក ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
    |
 |
សម័យចរចាប្រព្រឹត្តទៅក្នុងស្មារតីស្មោះត្រង់ និងស្ថាបនា បើកចំហ បង្ហាញពីការខិតខំប្រឹងប្រែងដ៏ធំធេងរបស់ភាគីទាំងពីរ ក្នុងការកសាងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគប្រកបដោយស្ថិរភាព (រូបថត៖ VOV) |
ការចរចាបានប្រព្រឹត្តទៅក្នុងស្មារតីស្ថាបនា និងបើកចំហ។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពលើបញ្ហាគោលការណ៍ តម្រង់ទិសសម្រាប់ខ្លឹមសារ និងផែនការចរចា បង្កើតមូលដ្ឋានគ្រឹះសម្រាប់សម័យចរចាបន្ទាប់ ដើម្បីសម្រេចបានលទ្ធផលវិជ្ជមាន។
លោក Jamieson Greer បានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះសុច្ឆន្ទៈនិងភាពម្ចាស់ការរបស់វៀតណាមក្នុងការរៀបចំយ៉ាងសកម្ម សម្រាប់ការចរចាររវាងភាគីទាំងពីរ ហើយឯកភាពវិធីសាស្រ្តនិងសំណើរបស់វៀតណាម ដោយសង្ឃឹមថា ការចរចាកម្រិតបច្ចេកទេសនាប៉ុន្មានថ្ងៃខាងមុខនឹងសម្រេចបានលទ្ធផលវិជ្ជមាន រួមចំណែកដល់ស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕
តាម vovworld.vn