ទំហំពាណិជ្ជកម្មកើនឡើង ១៤%

ជាជាក់ស្តែង វៀតណាមនាំចេញទៅកាន់អ៊ីតាលីក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ ចំនួន ១.៧៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងនាំចូលមក មានចំនួន ៥៥៤ លានដុល្លារអាមេរិក កើនឡើង ៧.១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

អ៊ីតាលីនៅតែជាដៃគូពាណិជ្ជកម្មធំជាងគេទី ៤ របស់វៀតណាមនៅសហភាពអឺរ៉ុប (EU) បន្ទាប់ពីហូឡង់ អាល្លឺម៉ង់ និងបារាំង។ វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អ៊ីតាលីក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

leftcenterrightdel
ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មរវាងវៀតណាម និងអ៊ីតាលីឈានដល់ ២.៣ ពាន់លានដុល្លារអាមេរិក កើនឡើង ១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ (រូបថត៖ congthuong.vn)

អ៊ីតាលីជាប្រទេសជាប់ចំណាត់ថ្នាក់ទី២០ ក្នុងចំណោមប្រទេសដែលវៀតណាមមានទំហំពាណិជ្ជកម្មច្រើនជាងគេ។ ទន្ទឹមនឹងនោះ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ២០ ដែលរដ្ឋាភិបាលអ៊ីតាលីផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ។

ទាក់ទិននឹងការវិនិយោគផ្ទាល់របស់អ៊ីតាលីនៅវៀតណាម គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៤ អ៊ីតាលីជាប់ចំណាត់ថ្នាក់ទី៣៣ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៤៦ ដែលវិនិយោគនៅវៀតណាម ជាមួយនឹងគម្រោងវិនិយោគជាធរមានចំនួន ១៥១ ជាមួយដើមទុនសរុបបានចុះបញ្ជីជាង ៥៣៥.៨ លានដុល្លារអាមេរិក។

អំពីការនាំចេញកសិផលតាមរដូវកាលរបស់វៀតណាមទៅកាន់អ៊ីតាលី យោងតាមស្ថិតិរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) វៀតណាមបាននាំចេញផ្លែឈើ និងផ្លែអាល់ម៉ុនទៅកាន់អ៊ីតាលីក្នុងឆ្នាំ ២០២៣ ក្នុងតម្លៃ ៣៩.៩ លានដុល្លារអាមេរិក ដែលស្មើនឹង ១.២% នៃចំណែកទីផ្សារនាំចូលផ្លែឈើរបស់អ៊ីតាលីពីបណ្តាប្រទេសនៅលើពិភពលោក។ ផ្លែឈើវៀតណាមត្រូវបាននាំចេញទៅកាន់អ៊ីតាលីក្នុងបរិមាណតិចតួចរួមាន៖ ទុរេន ដូងស្រស់ ស្វាយ មង្ឃុត និងគ្រាប់ស្វាយចន្ទី។ល។ គ្រាប់ស្វាយចន្ទីចំនួន ៦០% ដែលប្រើប្រាស់នៅក្នុងប្រទេសអ៊ីតាលីមានប្រភពមកពីប្រទេសវៀតណាម។

អនុសាសន៍សម្រាប់អង្គភាពអាជីវកម្មនាំចេញ

យោងតាមស្ថាប័នតំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅអ៊ីតាលី ទីផ្សារអ៊ីតាលីនៅមានសក្ដានុពលច្រើនណាស់ ទោះជាយ៉ាងណាក៏ដោយ មានហេតុផលជាច្រើនដែលធ្វើឱ្យអង្គភាពអាជីវកម្មវៀតណាមនៅតែពិបាកជ្រៀតចូលទីផ្សារនេះ។

នៅក្នុងបរិបទនៃការប្រកួតប្រជែងច្រើន ដោយយល់ដឹងពីតម្រូវការទីផ្សារ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ស្ថាប័នតំណាងពាណិជ្ជកម្មវៀតណាមប្រចាំអ៊ីតាលីបានបន្តខិតខំប្រឹងប្រែងរៀបចំសកម្មភាពជាច្រើន ស្វែងរក និងជួបដោយផ្ទាល់ជាមួយដៃគូនៅក្នុងប្រទេសអ៊ីតាលី ដើម្បីស្វែងយល់ពីតម្រូវការរបស់ប្រទេសមិត្ត បង្កើតការជឿទុកចិត្ត និងជំហរនៃផលិតផលវៀតណាម ដើម្បីភ្ជាប់អង្គភាពអាជីវកម្មរវាងភាគីទាំងពីរ។ ស្ថាប័នតំណាងពាណិជ្ជកម្មវៀតណាមប្រចាំអ៊ីតាលីបានលើកអនុសាសន៍ថា អង្គភាពអាជីវកម្មគួរតែធ្វើពិពិធកម្មផលិតផលរបស់ពួកគេ ក្រៅពីផ្លែឈើស្រស់ ពួកគេអាចជំរុញការផលិត និងផ្សព្វផ្សាយផ្លែឈើស្ងួត ទឹកផ្លែឈើចម្រាញ់ ឬម្សៅផ្លែឈើ។ លើសពីនេះ នាពេលខាងមុខនេះ ស្ថាប័នតំណាងពាណិជ្ជកម្មនឹងចូលរួមនៅក្នុងពិព័រណ៍កសិផលមួយចំនួនទៀតដូចជា៖ ពិព័រណ៍ម្ទេស និងគ្រឿងទេសនៅទីក្រុង Rieti (ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា) ព្រឹត្តិការណ៍ទិវាកាហ្វេវៀតណាមក្នុងខែតុលា ឆ្នាំ ២០២៤។

ស្ថាប័នឥណទាន និងធានាឥណទានឈានមុខគេជាច្រើនរបស់អ៊ីតាលីដូចជា CDP/Simest និង Sace កំពុងបង្កើនវត្តមានរបស់ពួកគេនៅក្នុងប្រទេសវៀតណាម ហើយចាត់ទុកវៀតណាមជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានកំណើនខ្ពស់។ អង្គភាពអាជីវកម្មវៀតណាមធំៗជាច្រើនដូចជា Nutrifood និង PVgas ទទួលបានដើមទុនជាមួយនឹងការធានាពី Sace។ Simest បានបង្កើត Platform ដើម្បីតភ្ជាប់អង្គភាពអាជីវកម្មអ៊ីតាលីជាមួយដៃគូវៀតណាមដែលមានសក្តានុពល។ សកម្មភាពទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភអង្គភាពអាជីវកម្មល្បីឈ្មោះរបស់វៀតណាម ឱ្យទទួលបានបច្ចេកវិទ្យា គ្រឿងចក្រ សម្ភារៈបរិក្ខារ និងទំនិញរបស់អ៊ីតាលីសម្រាប់ផលិតកម្ម៕

បកប្រែដោយ Huyen Trang