មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅជើងភ្នំ Tam Dao
កប.អនឡាញ - នាពេលកន្លងមកនេះ ការថែទាំយុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ គ្រួសារក្រីក្រ និងជនរួមជាតិភាគតិច ត្រូវបានគណៈកម្មាធិការបក្ស អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធស្រុក Tam Dao (ខេត្ត Vinh Phuc វៀតណាម) អនុវត្តប្រកបដោយប្រសិទ្ធភាព។ សកម្មភាពមិនត្រឹមតែបង្ហាញពីការដឹងគុណចំពោះអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគ្រួសារដែលមានស្ថានភាពលំបាក មានស្ថិរភាពក្នុងជីវភាពរស់នៅទៀតផង។
នៅព្រឹកព្រលឹមនៃថ្ងៃមួយនៅដើមខែវិច្ឆិកានេះ អ្នកស្រុក Tam Dao រាប់រយនាក់បានមកសាលប្រជុំនៃគណៈកម្មាធិការប្រជាជនឃុំ Dao Tru ដើម្បីពិនិត្យជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ។
លោក Ly Thanh Binh អាយុ ៧៣ ឆ្នាំ នៅភូមិ Quang Dao ឃុំ Yen Duong ដែលជាយុទ្ធជនពិការ ធ្លាប់ចូលរួមយុទ្ធនាការហូជីមិញ បានមកពិនិត្យសុខភាពមុនគេបំផុត។ លោក Binh បានចែករំលែកថា ឥឡូវនេះ សុខភាពទន់ខ្សោយ នៅពេលអាកាសធាតុប្រែប្រួល ស្នាមរបួសក៏ឈឺណាស់ រួមជាមួយនឹងជំងឺផ្សេងៗ ដូច្នេះរាងកាយតែងតែអស់កម្លាំង។ មន្ទីរពេទ្យនៅឆ្ងាយពីផ្ទះ ដូច្នេះគ្រួសារខ្ញុំមិនអាចទៅពិនិត្យជាប្រចាំ។ នៅពេលទទួលបានដំណឹងថា នឹងមានកម្មាភិបាលមកពីបញ្ជាការដ្ឋានយោធាស្រុក Tam Dao និងអង្គភាពនានាមកពិនិត្យ ផ្ដល់យោបល់ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនយុទ្ធជនពិការ សាច់ញាតិយុទ្ធជនពលី គ្រួសារក្រីក្រ គ្រួសារកៀកនឹងបន្ទាត់ភាពក្រីក្រ និងជនរួមជាតិភាគតិចដែលមានស្ថានភាពលំបាក លោកបានមកចុះឈ្មោះដើម្បីពិនិត្យជំងឺឲ្យបានឆាប់។
|
|
ក្រុមគ្រូពេទ្យចុះពិនិត្យនិងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនអ្នកស្រុក Tam Dao |
យោងតាមលោក Ho Si Toan នាយករងនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រស្រុក Tam Dao មជ្ឈមណ្ឌលវេជ្ជសាស្ត្រស្រុកបានបញ្ជូនគ្រូពេទ្យ និងគិលានុបដ្ឋាយិកាចំនួន ២៨ នាក់ដែលមានជំនាញល្អ និងសម្ភារៈបរិក្ខារផ្គត់ផ្គង់ថ្នាំពេទ្យជាច្រើន ទៅសហការជាមួយអង្គភាពនានា ដើម្បីរៀបចំការពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនអ្នកទទួលរបបឧបត្ថម្ភគោលនយោបាយក្នុងឃុំចំនួន៣ គឺ៖ ឃុំ Dao Tru ឃុំ Bo Ly ឃុំ Yen Duong។ ទាំងនេះជាឃុំភ្នំ ដែលប្រជាជន ៩០% ជាជនជាតិ San Diu និងជីវភាពរស់នៅមានស្ថានភាពលំបាក។ ក្នុងអំឡុងពេលមួយថ្ងៃ គ្រូពេទ្យ និងគិលានុបដ្ឋាយិកាបានពិនិត្យ និងផ្តល់យោបល់អំពីការថែទាំសុខភាពជូនប្រជាជនប្រហែល ២៤០ នាក់នៅក្នុងមូលដ្ឋាន។
ចាប់ពីដើមឆ្នាំ២០២៤ រហូតមកដល់ពេលនេះ បញ្ជាការដ្ឋានយោធាស្រុក Tam Dao បានសហការរៀបចំកម្មវិធីស្ម័គ្រចិត្តចំនួន ៣ ដែលឆ្ពោះដល់អ្នកទទួលរបបឧបត្ថម្ភគោលនយោបាយ អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ គ្រួសារមានស្ថានភាពលំបាក និងជនជាតិភាគតិច... អង្គភាពទាំងឡាយបានសហការពិនិត្យសុខភាព ផ្តល់អំណោយជូនប្រជាពលរដ្ឋជាង ៥០០ នាក់ និងជួយប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយធម្មជាតិ អគ្គីភ័យ ទឹកជំនន់ និងខ្យល់ព្យុះកើតឡើង ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យគោរពតាមគោលការណ៍ មាគ៌ារបស់បក្ស និងគោលនយោបាយ និងច្បាប់របស់រដ្ឋ។
លោកវរសេនីយ៍ឯកបំរុង Tran Tu Anh ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាស្រុក Tam Dao បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ គណៈកម្មាធិការបក្ស អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធស្រុក បានយកចិត្តទុកដាក់ និងរៀបចំឲ្យបានល្អនូវសកម្មភាព “តបស្នងសងគុណ” ជូនអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ ហើយពិនិត្យសុខភាព និងថែទាំជីវភាពរស់នៅសម្រាប់គ្រួសារដែលមានស្ថានភាពលំបាក និងជនរួមជាតិភាគតិចក្នុងតំបន់។ សកម្មភាពទាំងនេះទទួលបានការជួយគាំទ្រពីស្ថាប័ន អង្គភាពក្នុងកងទ័ព និងធុរកិច្ចនៅមូលដ្ឋាន ហើយត្រូវបានប្រជាជនវាយតម្លៃខ្ពស់។ តាមរយៈនោះ កសាងមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅតំបន់ជើងភ្នំ Tam Dao ឲ្យកាន់តែមានភាពស្និទ្ធស្នាល និងរឹងមាំ៕
បកប្រែដោយ Thuy Anh