លោក Nguyen Minh Tam ប្រធានគណៈកម្មាធិការប្រជាជនឃុំ Dak Wil បានឲ្យដឹងថា បន្ទាប់ពីការធ្វើដំណើរចំនួន ៣ (ឆ្នាំ១៩៩៣ ឆ្នាំ ១៩៩៦ និងឆ្នាំ១៩៩៩) រហូតមកដល់បច្ចុប្បន្ន គ្រួសារជនជាតិ Dao ដែលមានដើមកំណើតនៅខេត្ត Cao Bang បានកើនឡើងដល់ប្រហែល ៣០០ គ្រួសារ ដោយភាគច្រើនរស់នៅនៅភូមិ Doan Ket និងភូមិ Thai Hoc។ ដោយមានការខិតខំប្រឹងប្រែង បច្ចុប្បន្ន ជនរួមជាតិ Dao មានជីវភាពសេដ្ឋកិច្ចរីកចម្រើន និងមានស្ថិរភាព បើធៀបនឹងកម្រិតទូទៅ។ អ្វីដែលមានតម្លៃគឺជនរួមជាតិនៅតែរក្សានិងពង្រីកវប្បធម៌ប្រពៃណីជនជាតិរបស់ខ្លួន។

លោក Hoang Thong Khiem បានរៀបរាប់រឿងអំពីប៉ុន្មានថ្ងៃដំបូងដែលចាប់ផ្តើមធ្វើអាជីវកម្មនៅទីនេះថា “គ្រួសាររបស់ខ្ញុំបានធ្វើដំណើរមកដល់ទីនេះនៅឆ្នាំ១៩៩២។ នាគ្រានោះ មិនមានផ្លូវធំដូចពេលនេះទេ។ នៅប៉ុន្មានឆ្នាំដំបូង ជីវភាពរស់នៅជួបការលំបាកខ្លាំង គ្មានទឹកប្រើប្រាស់ គ្មានសាលារៀន គ្មានភ្លើង... រាល់ថ្ងៃ ខ្ញុំភ្ញាក់ពីដេកជាម៉ោង ៤ ព្រឹក ហើយជិះកង់បាន ៤-៥ គីឡូម៉ែត្រ ទើបយកបានទឹកប្រើប្រាស់។ ក្រោយមក យើងបានជីកអណ្តូងជម្រៅ ១៤ ម៉ែត្រ ដើម្បីឲ្យមានទឹកសម្រាប់ជីវភាពរស់នៅ។ ចំណែកទឹកសម្រាប់ស្រោចស្រពដំណាំត្រូវជីកអណ្តូងជម្រៅ ១០០ ម៉ែត្រទើបមានទឹកគ្រប់គ្រាន់។ គ្រួសារខ្លះត្រូវជីកអណ្តូងចំនួន ៤-៥ ដើម្បីមានទឹក”។

leftcenterrightdel
លោក Hoang Thong Khiem បង្រៀនជំនាន់ក្រោយពីអក្សររបស់ជនជាតិ Dao

តាមរយៈការស្រាវជ្រាវ យើងបានដឹងថា ដំបូងឡើយ ភូមិ Thai Hoc មានជនរួមជាតិ Dao ចំនួន ២៤ គ្រួសារ បានធ្វើដំណើរដើម្បីមកទីនេះរស់នៅ។ ដោយសារសាមគ្គីភាព ការខិតខំធ្វើការ រហូតមកដល់បច្ចុប្បន្ន ភូមិ Thai Hoc មាន ១៤៤ គ្រួសារ មានប្រជាជន ៧១២ នាក់ ក្នុងនោះ ១០០% ជាជនជាតិ Dao។ លោក Hoang Van Dung ជាមេភូមិ Thai Hoc បានឲ្យដឹងថា "កាលពីមុន ប្រជាជនភាគច្រើនគ្រាន់តែដាំសណ្តែក និងពោត ហើយជីវភាពជួបការលំបាកខ្លាំង។ ក្រោយមក ប្រជាជនបានរៀនពីអ្នកស្រុក ដាំកាហ្វេ ស្វាយចន្ទី និងម្រេច ដូច្នេះជីវភាពបានប្រសើរឡើងបន្តិចម្តងៗ។ បច្ចុប្បន្ន ភូមិទាំងមូលមានគ្រួសារក្រីក្រ ៨ គ្រួសារ និងជិតបន្ទាត់ក្រីក្រ ៦ គ្រួសារប៉ុណ្ណោះ"។

ទោះបីទៅកាន់តំបន់ខ្ពង់រាបភាគកណ្តាល ដើម្បីរស់នៅជាមួយជនជាតិផ្សេងទៀត និងមានការផ្លាស់ប្ដូរផ្នែកវប្បធម៌ក៏ដោយ ក៏ជនជាតិ Dao នៅតែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ពិសេសរបស់ខ្លួន។ ពិធី និងជំនឿប្រពៃណីរបស់ជនជាតិ នៅតែត្រូវបានប្រជាជនអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ។ ជារៀងរាល់ថ្ងៃ ជនរួមជាតិនៅតែនិយាយភាសា Dao និងស្លៀកសំលៀកបំពាក់ប្រពៃណី។ មរតកដ៏មានតម្លៃដែលលោក Hoang Thong Khiem បានពាំនាំទៅកាន់តំបន់ខ្ពង់រាបកណ្តាល រួមមានសៀវភៅជាអក្សរ Dao បុរាណចំនួនពីរ និងផ្ទាំងគំនូរអាសនៈ។ ពេលទំនេរ លោកនៅតែបង្រៀនឲ្យកុមារ សរសេរអក្សរជនជាតិ Dao ឬពន្យល់ឲ្យជនរួមជាតិនៅក្នុងភូមិអំពីសៀវភៅបុរាណរបស់ជនជាតិរបស់ខ្លួន។

បច្ចុប្បន្ននេះ នៅក្នុងឃុំ Dak Wil ក្រៅពីលោក Khiem នៅមានគ្រូសែនជាច្រើន ដែលមានកិត្យានុភាព និងការទំនួលខុសត្រូវក្នុងសហគមន៍ នៅតែខិតខំថែរក្សា និងបង្រៀនអក្សរ ក៏ដូចជាទំនៀមទំលាប់ និងជំនឿប្រពៃណីរបស់ជនជាតិ Dao សម្រាប់ជំនាន់ក្រោយ។ ទន្ទឹមនឹងនោះ នារី Dao នៅទីនេះ នៅតែបង្រៀនឲ្យគ្នាទៅវិញទៅមកនូវរបាំ ចម្រៀង និងរបៀបធ្វើសំលៀកបំពាក់នៃជនជាតិ Dao៕

បកប្រែដោយ Thuy Anh